ដោយៈវឌ្ឍនៈ
ភ្នំពេញៈ លោកគាម សៀកឡុងជាអ្នកជំនាញនិងវិនិយោគិន អចលនទ្រព្យមួយរូបនៅកម្ពុជា បានបង្ហាញអំពីទស្សនៈផ្ទាល់ខ្លួនរបស់លោក ពីវិស័យអចលនទ្រព្យនៅក្នុងវិបត្តិកូវីដ១៩ និងចែកចាយជាបទ ពិសោធន៍ក្នុងសៀវភៅ សម្រាប់បណ្ដាវិនិយោគិននិងអ្នកប្រឡូកក្នុងវិស័យអចលនទ្រព្យផងដែរ។
លោកបានបង្ហាញសេដ្ឋកិច្ចកម្ពុជា ក៏ដូចជា ប្រទេសនានាលើពិភពលោក បាននិងកំពុងទទួលរងផលប៉ះពាល់ ពីការរីករាលដាលនៃជំងឺកូវីដ១៩ ដែលជាហេតុនាំឱ្យកំនើនក្នុងឆ្នា២០២០ សម្រេចបានអវិជ្ជមានក្នុងកម្រិត៣,១ភាគរយក្រោមសូន្យ ហើយការព្យាករកំណើនសម្រាប់ឆ្នាំ២០២១នេះ និងបណ្ដាឆ្នាំខាងមុខក៏មិនទាន់ មានភាពប្រាកដប្រជានៅឡើយ ដោយវាអាស្រ័យតាមការវិវត្តន៍ថ្មីៗ និងការគ្រប់គ្រងបានទាំងស្រុងនៃជំងឹកូវីដ១៩ ។
លោកបន្តថា ការធ្លាក់នៃកំនើនសេដ្ឋកិច្ចក្នុងឆ្នាំ២០២០ បណ្ដាលមកពីការធ្លាក់ចុះនៃវិស័យដែលពឹងផ្អែកលើតម្រូវការខាងក្រៅ ដូចជា វិស័យទេសចរណ៍ កម្មន្តសាល ដឹកជញ្ជូន សំណង់ និងអចលនទ្រព្យ ខណៈដែលវិស័យកសិកម្មបន្តកើនឡើងយ៉ាងល្អ ។ និយាយដោយឡែកវិស័យអចលនទ្រព្យ តើមានអ្វីជាអំ ណះអំណាងដែលថាវិបត្តិកូវីដ១៩បានធ្វើឱ្យវិស័យអចលទ្រព្យមានការធ្លាក់ចុះ? ហើយការធ្លាក់ចុះក្នុងកម្រិតណា?។
ជាទស្សនៈផ្ទាល់លោកថា យើងគួរពិនិត្យមើលទឡ្ហីករណ៍ចំនួន៥ដូចជា ទី១របាយការណ៍របស់ក្រសួងរៀបចំដែនដី នរូបនីយកម្ម និងសំណង់ ទី២ សង្កេតមើលស្ថានភាពជាក់ស្ដែង ទី៣ លំហូរវិនិយោគិនបរទេស ទី៤ អំណាងទិញរបស់វិនិយោគិនក្នុងស្រុក និងទី៥ ទំហំទឹកប្រាក់កម្ចីពីស្ថាប័នធនាគារលើវិស័យអចលនទ្រព្យ។
លោកថា “បើយើងក្រលេកមើលរបាយការណ៍ របស់ក្រសួងរៀបចំដែនដីនគរូបនីយកម្មនិងសំណង់ តម្លៃប៉ាន់ស្មានទុនវិនិយោគ ក្នុងឆ្នាំ២០២០មានទំហំទឹកប្រាក់ជាង៧ពាន់លានដុល្លាអាមេរិក ធ្លាក់ចុះ៣២,២១ភាគរយ ធៀបនឹងមុនវិបត្តិ និងបានប្រមូលពន្ធប្រថាប់ត្រាចូលថវិកាជាតិ ប្រមាណ៩០លានដុល្លារអាមេរិកថយចុះ២,៤១ភាគរយ។
លោកគាម សៀកឡូងបានបន្ថែមថា នៅពេលកម្ពុជាជួបវិបត្តិកាន់តែធ្ងន់ធ្ងរដោយសារកូវីដ១៩ ចាប់ពីព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ ២០២១ ឃើញថាការដាក់ស្លាកលក់ ឬជួលអចលនទ្រព្យច្រើនជាងមុន។ ចំណែកឯការទិញលក់ជួល ពីសំណាក់ជនបរទេសស្ទើរតែគ្មានទាំងស្រុងដោយសារតែមិនអាច ឬពិបាកក្នុងការធ្វើដំណើរចូលមកកម្ពុជា។
លោកបញ្ជាក់ថា វិបត្តិកូវីដ១៩បានធ្វើឱ្យប៉ះពាល់ដល់ជីវភាព និងចំណូលរបស់យើងគ្រប់គ្នា ដូច្នេះអំណាចទិញក៏មានការធ្លាក់ចុះដែរ ។ ដោយឡែកវិស័យធនាគារវិញនៅតែមានស្ថិរភាពរឹងមាំ ព្រមទាំងបានរួមចំណែកយ៉ាងសកម្ម ក្នុងការគាំទ្រសកម្មភាពសេដ្ឋកិច្ច ជាពិសេសគឺឥណទាន សម្រាប់គាំទ្រវិស័យអចលនវត្ថុ។
យោងតាមរបាយការណ៍ របស់ធនាគារជាតិនៃកម្ពុជា នៅក្នុងឆ្នាំ២០២០ ឥណទានសរុបមានទឹកប្រាក់ប្រមាណ៣០,២ពាន់លានដុល្លារអាមេរិក ខណៈឆ្នាំ២០១៩មានទំហំទឹកប្រាក់៤១,៨ពាន់លានដុល្លារអាមេរិក ក្នុងនោះឆ្នាំ២០២០កម្ចីទិញផ្ទាល់ខ្លួនមាន១៣ភាគរយនៃឥណទានសុរប ខណៈ២០១៩មាន១១ភាគរយ ។
លោកគាម សៀកឡុងបានបន្តថា “មកដល់ពេលនេះ ខ្ញុំមិនអាចវាយតម្លៃបានថាវិបត្តិកូវីដ១៩ នឹងបញ្ចប់ទាំងស្រុងនៅពេលណាមួយនោះឡើយ តែយ៉ាងណាយើងក៏មានសុទិដ្ឋិនិយម ចំពោះការទប់ស្កាត់របស់រាជរដ្ឋាភិបាលនៃយើង”៕