អាមេរិក អង់គ្លេស និងអូស្ត្រាលី ប្រកាសចាប់ដៃគូសហការផ្នែកយោធាជាប្រវត្តិសាស្ត្រ ដើម្បីទប់ឥទ្ធិពលមហាយក្សចិន?

0

ដោយៈសុខុម

អន្តរជាតិៈ សហរដ្ឋអាមេរិក អង់គ្លេស និងអូស្ត្រាលី បានបង្កើតកិច្ចសហការយោធា “ជាប្រវត្តិសាស្ត្រ” ដើម្បីពង្រឹងសមត្ថភាពយោធានៅតំបន់ប៉ាស៊ីហ្វិក ដែលអនុញ្ញាតឱ្យប្រទេសទាំងនេះ​ ចែករំលែកបច្ចេកវិទ្យាការពារជាតិទំនើបៗ រវាងគ្នាទៅវិញទៅមក និងថែមទាំងបំពាក់បច្ចេកវិទ្យានុយក្លេអ៊ែរ ដល់កងកម្លាំងរបស់អូស្ត្រាលីទៀតផង។

យោងតាមសារព័ត៌មាន South China Morning Post ដែលចុះផ្សាយនៅថ្ងៃព្រ​ហស្បតិ៍ ទី១៦ កញ្ញា នេះឱ្យដឹងថា ចំណាត់ការដ៏គួរឱ្យភ្ញាក់ផ្អើល ដែលត្រូវបានប្រកាសកាលពីថ្ងៃពុធ ទី១៥ កញ្ញា នេះជាការពង្រីកកិច្ចសហប្រតិបត្តិការយោធា របស់រដ្ឋាភិបាលក្រុងវ៉ាស៊ីនតោន ដែលបានធ្វើឱ្យមហាយក្សចិន ចងចិញ្ចើមមិនសប្បាយចិត្តយ៉ាងខ្លាំង។

មន្រ្តីជាន់ខ្ពស់មួយរូបមកពីរដ្ឋការ ប្រធានាធិបតីអាមេរិក លោក ចូ បៃឌិន បានលើកឡើងថា ដើម្បីចាប់ផ្ដើមកិច្ចសហប្រតិបត្តិការយោធា លើការការពារសន្តិសុខដែលមានឈ្មោះថា AUKUS (A= អូស្ត្រាលី UK= អង់គ្លេស US= សហរដ្ឋអាមេរិក) នេះ ក្រុមមន្រ្តីកងទ័ពជើងទឹក និងក្រុមអ្នកជំនាញបច្ចេកទេស ដែលមកពីប្រទេសទាំង៣ នឹងធ្វើការជាមួយគ្នា ក្នុងរយៈពេល១៨ខែខាងមុខ ដើម្បីបំពាក់បច្ចេកវិទ្យានុយក្លេអ៊ែរដល់កងកម្លាំងរបស់អូស្ត្រាលី ដែលនឹងអនុញ្ញាតឱ្យប្រទេសនេះ ដាក់ពង្រាយនាវាមុជទឹក ដើម្បីការពារសន្តិសុខកាន់តែប្រសើរ នៅតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិក (តំបន់ដែលលាតសន្ធឹងរវាងមហាសមុទ្រ២ គឺចាប់ពីមហាសមុទ្រឥណ្ឌា ទៅដល់មហាសមុទ្រប៉ាស៊ីហ្វិក)។

មន្ត្រីដដែលគូសបញ្ជាក់ថា “យើងចាត់ទុកកិច្ចខិតខំប្រឹងប្រែងនេះ ជាផ្នែកមួយនៃវិធានការធំៗជាបន្តបន្ទាប់ ដែលរួមមានភាពជាដៃគូទ្វេភាគី កាន់តែរឹងមាំជាមួយបណ្ដាដៃគូសន្តិសុខ ដែលមានជាយូរមកហើយរបស់យើងនៅអាស៊ី ពោលគឺជប៉ុន កូរ៉េខាងត្បូង ថៃ ហ្វីលីពីន ព្រមទាំងការចូលរួមកាន់តែរឹងមាំជាមួយដៃគូថ្មីៗ ដូចជា ឥណ្ឌា វៀតណាម និងការបង្កើតភាពជាដៃគូថ្មីៗ ដូចជា កិច្ចសន្ទនាសន្តិសុខចតុភាគី QUAD (ដែលមាន៤ប្រទេសចូលរួមដូចជា សហរដ្ឋអាមេរិក ឥណ្ឌា ជប៉ុន និងអូស្ត្រាលី) ជាដើម”។

មន្ត្រីដដែលបានបន្ថែមទៀតថា “នេះគឺជាការប្រកាសជាប្រវត្តិសាស្ត្រ។ វាឆ្លុះបញ្ចាំ​ងពីការប្តេជ្ញាចិត្ត របស់រដ្ឋការប្រធានាធិបតី ចូ បៃឌិន ក្នុងការបង្កើតភាពជាដៃគូកាន់តែរឹងមាំដើម្បីរក្សាសន្តិសុខ និងស្ថិរភាពនៅក្នុងតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិក ទាំងមូល”។

លើសពីនេះ ប្រទេសទាំង៣ក៏នឹងសហការគ្នា លើផ្នែកធ្វើសមាហរណកម្មបច្ចេកវិទ្យា AI (បញ្ញាសិប្បនិម្មិត) កុំព្យូទ័រកង់ទិច (Quantum Computing) និងសមត្ថភាពក្រោមសមុទ្រ ចូលទៅក្នុងប្រតិបត្តិការយោធារបស់ពួកគេផងដែរ។

ថ្លែងក្នុងសន្និសីទកាសែតរួមគ្នា ជាមួយនាយករដ្ឋមន្រ្តីអូស្រ្តាលី លោក Scott Morrison និងនាយករដ្ឋមន្ត្រីអង់គ្លេស លោក Boris Johnson លោក ចូ បៃឌិន បានគូសបញ្ជាក់ថា “គំនិតផ្តួចផ្តើមនេះ គឺចាំបាច់ណាស់ដើម្បីធានាបានថា សហរដ្ឋអាមេរិក និងបណ្ដាសម្ព័ន្ធមិត្តរបស់ខ្លួន “មានសមត្ថភាពទំនើបបំផុត ដែលយើងត្រូវការ ដើម្បីធ្វើសមយុទ្ធ និងការពារប្រឆាំងការគំរាមកំហែង ដែលកំពុងវិវឌ្ឍយ៉ាងឆាប់រហ័ស”។

លោក ចូ បៃឌិន បានបន្ថែមថា “យើងចាំបាច់ត្រូវមានសមត្ថភាព ដោះស្រាយទាំងបរិយាកាសជាយុទ្ធសាស្រ្ត នាពេលបច្ចុប្បន្ននៅក្នុងតំបន់ និងដំណើរវិវឌ្ឍន៍របស់វា ព្រោះអនាគតនៃប្រជាជាតិនីមួយៗរបស់យើង និងពិភពលោកទាំងមូល ពឹងផ្អែកលើតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិក ដែលមានលក្ខណៈសេរី និងបើកចំហយូរអង្វែង ឆ្ពោះទៅរកការរីកចម្រើនជាច្រើនទសវត្សរ៍ទៅមុខទៀត”។

នាយករដ្ឋមន្រ្តីអូស្រ្តាលី លោក Scott Morrison បានអះអាងថា កងនាវាមុជទឹកដែលដើរដោយថាមពលនុយក្លេអ៊ែរ នឹងត្រូវសាងសង់ក្នុងទីក្រុងឆ្នេរ Adelaide របស់អូ  ស្ត្រាលី “ក្រោមកិច្ចសហការយ៉ាងជិតស្និទ្ធ” ជាមួយប្រទេសអង់គ្លេស និងសហរដ្ឋអាមេរិក៕  South China Morning Post៕

LEAVE A REPLY

Please enter your comment!
Please enter your name here