សុខុម
ភ្នំពេញ: ផ្ដើមចេញពីគំនិតចង់ដោះស្រាយបញ្ហាកកស្ទះចរាចរណ៍នៅក្នុងរាជធានីភ្នំពេញ យុវនិស្សិតកម្ពុជា មួយក្រុមបានឌីហ្សាញយន្តហោះដ្រូន (Drone) ម៉ូតគំរូដែលដឹកមនុស្សបានដោយជោគជ័យ ល្បីដល់សារព័ត៌មានអន្តរជាតិ CNA យកទៅចុះផ្សាយពាសពេញពិភពលោកនៅថ្ងៃទី២១ កញ្ញា នេះ។
យុវជនវ័យទំពាំងស្នងឫស្សីដ៏មានសមត្ថភាពទាំងនេះសង្ឃឹមថា នៅថ្ងៃណាមួយដ្រូនដែលពួកគេផលិតនឹងអាចយកទៅប្រើប្រាស់សម្រាប់ដឹកមនុស្សទៅមកជុំវិញរាជធានីភ្នំណេញ និងសូម្បីជួយដល់បេសកកម្មពន្លត់អគ្គិភ័យថែមទៀតផង។
ដ្រូនដែលមានកង្ហារចំនួន៨ និងប្រើប្រាស់កៅអីសាលាសម្រាប់ធ្វើជាកៅអីអ្នកបើកនេះ ត្រូវបានបង្កើតឡើងដោយក្រុមនិស្សិតមកពីវិទ្យាស្ថានជាតិពហុបច្ចេកទេសកម្ពុជា (NPIC) ដែលស្ថិតនៅជាយរាជធានីភ្នំពេញ។ នេះអាចចាត់ទុកបានថាជាមោទនភាពសម្រាប់កម្ពុជា នៅលើឆាកអន្តរជាតិ ដែលកូនខ្មែរ មានសមត្ថភាពផលិតដ្រូនដឹកមនុស្សបាន។
យុវនិស្សិត លន់ វណ្ណសិទ្ធ អាយុ២១ឆ្នាំដែលជាអ្នកបញ្ជាដ្រូននេះនិយាយថា “ពេលយើងឃើញដ្រូននេះហោះដោយគ្មានអ្នកបើក វាដូចញ័រខ្លាំង ប៉ុន្តែពេលខ្ញុំឡើងអង្គុយលើវា ហើយបញ្ជាឱ្យហោះហើរ វារាងនឹងជាងមុន ហើយខ្ញុំពិតជារំភើបខ្លាំងមែនទែន”។
យុវជនរូបនេះនិយាយទៀតថា “ពួកយើងចង់ចូលរួមដោះស្រាយបញ្ហាខ្លះសម្រាប់សង្គមរបស់យើងតាមរយៈការផលិតដ្រូនសម្រាប់ដឹកមនុស្ស និងផលិតដ្រូនសម្រាប់ក្រុមពន្លត់អគ្គិភ័យ”។
យុវជនទាំងនេះសង្ឃឹមថា ដ្រូននេះនឹងអាចហោះដល់ជាន់ខាងលើនៃអគារដើម្បីនាំយកទុយោបាញ់ទឹកបន្លត់អគ្គិភ័យ ជាពិសេសនៅកន្លែងដែលរថយន្តពន្លត់អគ្គិភ័យមិនអាចចូលទៅដល់។
ដ្រូនម៉ូតគំរូនេះអាចផ្ទុកអ្នកបើកបរបានម្នាក់ដែលមានទម្ងន់៦០គីឡូក្រាម និងអាចហោះបានចម្ងាយ១គីឡូម៉ែត្រក្នុងរយៈពេល១០នាទី។ ពួកគេបានចំណាយពេល៣ឆ្នាំនៅក្នុងការសិក្សាស្រាវជ្រាវ និងអភិវឌ្ឍដ្រូននេះឡើង ហើយបានចំណាយប្រាក់អស់ប្រមាណ២០.០០០ដុល្លារអាមេរិក សម្រាប់ការផលិតវាឡើង។
នៅពេលសាកល្បង ដ្រូននេះអាចហោះបានកម្ពស់ត្រឹមតែ៤ម៉ែត្រប៉ុណ្ណោះ ប៉ុន្តែក្រុមនិស្សិតវ័យក្មេងនេះសង្ឃឹមថា នៅទីបំផុតវានឹងហោះបានខ្ពស់ឆ្ងាយជាងនេះ។
លោក សារិន សិរីវត្ថា ប្រធានមជ្ឈមណ្ឌលស្រាវជ្រាវ និងអភិវឌ្ឍន៍បច្ចេកវិទ្យានៃវិទ្យាស្ថានជាតិពហុបច្ចេកទេសកម្ពុជា មានប្រសាសន៍ថា គម្រោងនេះត្រូវបានពន្យារពេលដោយសារការបិទខ្ទប់អំឡុងការរីករាលដាលវីរុសកូវីដ-១៩ ហើយក៏ដោយសារតែគ្រឿងបង្គុំមួយចំនួនដូចជាកង្ហារ និងគ្រោងឆ្អឹងដ្រូនជាដើមត្រូវបញ្ជាទិញពីបរទេសផងដែរ។
ក្រុមនេះមានគម្រោងកែលម្អការរចនាដ្រូននេះដើម្បីឱ្យវាអាចទ្រទម្ងន់បានបន្ថែមទៀត ព្រមទាំងហោះហើរបានកាន់តែខ្ពស់ និងមានលំនឹងកាន់តែល្អនៅពេលហោះកាន់តែខ្ពស់។
លោក សារិន សិរីវត្ថា បានគូសបញ្ជាក់ថា “ជាគោលការណ៍ ប្រសិនបើយើងផលិតដ្រូនមួយគ្រឿង ថ្លៃចំណាយខ្ពស់ណាស់ ប៉ុន្តែបើយើងផលិតវាទ្រង់ទ្រាយធំសម្រាប់លក់នៅលើទីផ្សារ ការចំណាយនឹងធ្លាក់ចុះ”៕ CNA