ដោយៈតារា
ភ្នំពេញៈ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នៅថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២១នេះ បានប្រកាសដាក់ដំណើរការ “គម្រោងធានាឥណទានសម្រាប់ សហហិរញ្ញប្បទាន៥០លានដុល្លារ” ដើម្បីទ្រទ្រង់សហគ្រាសធុនតូច និងមធ្យម (SMEs) ដោយសាជីវកម្មធានាឥណទានកម្ពុជា។
យោងតាមសេចក្តីប្រកាសព័ត៌មានរួម របស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងសាជីវកម្មធានាឥណទានកម្ពុជា ចេញផ្សាយកាលពីថ្ងៃទី២២ គម្រោងធានាឥណទានសម្រាប់សហហិរញ្ញប្បទាន (CFGS) ត្រូវបានបង្កើតឡើងជាពិសេស សម្រាប់កម្ចីសហហិរញ្ញប្បទាន ដែលផ្តល់ក្រោមគម្រោងសហហិរញ្ញប្បទាន ទ្រទ្រង់សហគ្រាសធុនតូច និងមធ្យម ជំហានទី២ (SCFS II) របស់ធនាគារសហគ្រាសធុនតូច និងមធ្យមកម្ពុជា។
គម្រោង ធានាឥណទានសម្រាប់សហហិរញ្ញប្បទាន របស់សាជីវកម្មធានាឥណទានកម្ពុជា និងគម្រោង គម្រោងសហហិរញ្ញប្បទានទ្រទ្រង់សហគ្រាសធុនតូច និងមធ្យម ជំហានទី២ របស់ធនាគារ SME គឺជាការរួមគ្នានៃសហគ្រាសសាធារណៈទាំងពីរ ក្នុងការលើកកម្ពស់ការទទួលបានហិរញ្ញប្បទាន សម្រាប់សហគ្រាសធុនតូចនិងមធ្យមនៅកម្ពុជា។
ខណៈដែលគម្រោង គម្រោងសហហិរញ្ញប្បទានទ្រទ្រង់ សហគ្រាសធុនតូច និងមធ្យម ជំហានទី២ មានគោលបំណងកាត់បន្ថយចំណាយ (អត្រាការប្រាក់) នៃឥណទានរបស់សហគ្រាសធុនតូច និងមធ្យម CFGS របស់ សាជីវកម្មធានាឥណទានកម្ពុជា គឺជាគម្រោងធានាឥណទាន ដែលដើរតួជាទ្រព្យបញ្ចាំចាប់ពី៧០% ដល់ ៨០% នៃទំហំកម្ចី ដើម្បីកាត់បន្ថយតម្រូវការទ្រព្យបញ្ចាំ ពីគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ (គ្រឹះស្ថានហិរញ្ញវត្ថុចូលរួម) ទៅកាន់អ្នកខ្ចី។
គម្រោងនេះ នឹងជួយឱ្យមានការបញ្ចេញ ឥណទានថ្មីៗនៅក្នុងវិស័យធនាគារ ពីគ្រឹះស្ថានហិរញ្ញវត្ថុចូលរួម (PFIs) របស់សាជីវកម្មធានាឥណទានកម្ពុជា ទៅកាន់ក្រុមហ៊ុនអាជីវកម្ម។ ទន្ទឹមនេះ PFIs នឹងអាចផ្តល់កម្ចីច្រើនជាងមុន ធៀបនឹងតម្លៃនៃទ្រព្យបញ្ចាំ ដោយហានិភ័យក្នុងការផ្តល់ឥណទាននេះ នឹងត្រូវបានចែករំលែកដោយ សាជីវកម្មធានាឥណទានកម្ពុជារហូតដល់៨០%។ គម្រោងធានាឥណទានសម្រាប់សហហិរញ្ញប្បទាន គឺជាគម្រោងធានាឥណទានទី២ ដែលត្រូវបានដាក់ចេញដោយ សាជីវកម្មធានាឥណទានកម្ពុជា ។
សាជីវកម្មធានាឥណទានកម្ពុជា បានដាក់ចេញគម្រោងធានាឥណទាន ដើម្បីស្តារអាជីវកម្ម ដែលមានទំហំទឹកប្រាក់២០០ លានដុល្លារអាមេរិក នៅខែមីនាឆ្នាំ២០២១ ក្នុងគោលបំណងគាំទ្រ ដល់ការងើបឡើងវិញនៃសេដ្ឋកិច្ចក្នុងអំឡុងពេលវិបត្តិជំងឺកូវីដ-១៩។ គិតត្រឹមថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២១ សាជីវកម្មធានាឥណទានកម្ពុជា បានផ្តល់ការធានាឥណទានលើកម្ចីចំនួន៨៥កម្ចី ដែលមានទំហំប្រមាណ១២លានដុល្លារ ដល់បណ្តាក្រុមហ៊ុនអាជីវកម្ម ។
លោក រស់ សីលវ៉ា រដ្ឋលេខាធិការនៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានក្រុមប្រឹក្សាភិបាលរបស់ សាជីវកម្មធានាឥណទានកម្ពុជា បានថ្លែងថា “ការដាក់ឱ្យដំណើរការនូវគម្រោង គម្រោងធានាឥណទានសម្រាប់សហហិរញ្ញប្បទាន របស់សាជីវកម្មធានាឥណទានកម្ពុជា គឺជាការឆ្លើយតបទាន់ពេលវេលា និងជាការគាំទ្របន្ថែមយ៉ាងសំខាន់ លើគម្រោង SCFS II របស់ធនាគារសហគ្រាសធុនតូច និងមធ្យមកម្ពុជា ក្នុងការចែករំលែកហានិភ័យជាមួយ PFIs”។ លោកបន្តថា “គម្រោងទាំងពីរនេះ នឹងបំពេញបន្ថែមគ្នាទៅវិញទៅមក ក្នុងការដោះស្រាយនូវបញ្ហាប្រឈមចម្បង២យ៉ាង ក្នុងការទទួលបានហិរញ្ញប្បទាន របស់សហគ្រាសធុនតូច និងមធ្យម ដែលទីមួយគឺ ការចំណាយខ្ពស់ក្នុងការទទួលបានកម្ចី និងទីពីរគឺ កង្វះទ្រព្យបញ្ចាំ”៕