រយៈពេល៩ឆ្នាំCentury21ពង្រីកភ្នាក់ងារអចលនទ្រព្យរាប់ពាន់នាក់ទៅដល់ បណ្តាឃុំទូទាំងប្រទេស

0

        ដោយៈស៊ីវ ម៉េង

        ភ្នំពេញៈ បន្ទាប់ពីបានឈានជើង ចូលមកកាន់ទីផ្សារកម្ពុជារយៈពេល៩ឆ្នាំ ក្រុមហ៊ុនអចលនទ្រព្យលំដាប់ពិភពលោកCentury21 Cambodia បានពង្រីកធនធានមនុស្ស ពិសេសភ្នាក់ងារអចលនទ្រព្យអាជីព ដែលមានការបណ្តុះបណ្តាលត្រឹមត្រូវ ទៅដល់មូលដ្ឋានឃុំនិមួយៗ លើបណ្តារាជធានី ខេត្តចំនួន២៥នៅទូទាំងប្រទេស។

លោកស្រីGrace Rachny Fongនាយិកាក្រុមហ៊ុនCentury21 Cambodiaបានមានប្រសាសន៍ឲ្យដឹងតាមទូរស័ព្ទនារសៀលថ្ងៃទី២៤ កញ្ញានេះថា ជាមួយនឹងការធ្វើឲ្យមានទំនុកចិត្តដល់ទីផ្សារ និងលើកកំពស់វិជ្ជាជីវៈ ក្នុងវិស័យអចលនទ្រព្យ ស្របតាមស្តង់ដាអន្តរជាតិ បច្ចុប្បន្នយើងមានភ្នាក់ងារអចលនទ្រព្យ ប្រមាណ១០០០នាក់នៅទូទាំងរាជធានីភ្នំពេញ និងគ្រោងពង្រីកទៅដល់បណ្តាឃុំទាំង១៦៤៦ឃុំ នៅទូទាំងប្រទេសនាពេលខាងមុខ។

លោកស្រីបន្តថា “ភ្នាក់ងាររបស់យើង សុទ្ឋតែជាធនធានមនុស្សមានគុណភាព មា​នការបណ្តុះបណ្តាលត្រឹមត្រូវ ស្មោះត្រង់ និងមានលក្ខណៈអាជីព ដែលជួយដល់ទីផ្សារនេះឲ្យកាន់តែមានភាពរីកចម្រើន និងទាក់ទាញការវិនិយោគពីមជ្ឈដ្ឋានជាតិ និងអន្តរជាតិ”។ លោកស្រី​បន្តថា “យុទ្ឋនាការរបស់យើងបានបញ្ចប់ហើយ កាលពីចុងឆ្នាំ២០២០ ប៉ុន្តែដោយសារត្រូវការជ្រើសរើសភ្នាក់ងារថ្មី ក្រុមហ៊ុននឹងបណ្តុះធ្វើការបណ្តុះបណ្តាល ប្រចាំខែជាបន្តទៀត”។

ហេតុអ្វីក្រុមហ៊ុនCentury21 Cambodiaត្រូវពង្រីកដល់មូលដ្ឋាន? លោកស្រីGrace Rachny Fongបានពន្យល់បន្តថា បណ្តាឃុំនិមួយៗ សុទ្ឋតែមានសក្តានុពល ពិសេសផ្នែកដីធ្លី ហេតុនេះទើបយើងតម្រូវឲ្យមានប្រធានសាខាមួយ នៅតាមគ្រប់បណ្តាឃុំទូទាំងប្រទេស និងជ្រើសរើសភ្នាក់ងារ ប្រចាំមូលដ្ឋានទាំងនោះជាច្រើនទៀត ដើម្បីឲ្យពួកគេអាចបង្ហាញសក្តានុពល និងឱកាសវិនិយោគដល់អ្នកវិនិយោគជាតិ អន្តរជាតិដែលអាចចូលរួមចំណែក អភិវឌ្ឍន៍មូលដ្ឋានរបស់ពួកគេបានលឿន និងឆាប់រហ័សតាមរយៈការទាញយកមូលដ្ឋានសក្តានុពលដែលមានស្រាប់។

លោកស្រីបន្តថា “ការរីកចម្រើនរបស់ក្រុមហ៊ុននេះ បាននិងកំពុងបង្ហាញថា យើងកំពុងដើរលើមាគ៌ាត្រឹមត្រូវ ក្នុងការពង្រឹងអាជីពក្នុងវិស័យនេះ និងរួមចំណែកទាក់ទាញការវិនិយោគពីមជ្ឈដ្ឋានជាតិ និងអន្តរជាតិមកកម្ពុជា ព្រោះក្នុងចំណោមសរសរស្តម្ភទាំង៤ វិស័យអចលនទ្រព្យជាសសរស្តម្ភធំមួយ ដែលរួមចំណែកលើកកំពស់សេដ្ឋកិច្ចជាតិ”៕

LEAVE A REPLY

Please enter your comment!
Please enter your name here