ដោយ៖ គង់ សូរិយា
ភ្នំពេញ៖ កាលកាលពី ៤០ឆ្នាំមុន ទីក្រុងភ្នំពេញត្រូវបានប្រសិទ្ឋិនាមជាទីក្រុងខ្មោច ប៉ុន្តែមួយទសវត្សរ៍ចុងក្រោយនេះ ទីក្រុងនេះមិនស្ថិតក្នុងអន្ឋកាលទៀតទេ ហើយបាននិងកំពុងវិវត្តន៍ឆ្ពោះ ទៅមុខដោយស្វាហាប់ និងកំពុងក្លាយជាមជ្ឈមណ្ឌលសេដ្ឋកិច្ច និងពាណិជ្ជកម្មអន្តរជាតិ។
ទីក្រុងនេះបានងើបពីសុបិន លេចឡើងនូវវត្តមានអាគារខ្ពស់ៗកប់ពពកស្ទើរគ្រប់ទីកន្លែង ជំនួសអាគារចាស់ៗដែលជាប់ស្លែខ្មៅ និងអាគារបែកបាក់ដោយសារភ្លើងសង្គ្រាម ជាអ្វីដែលស្រមោលអតីតកាលត្រូវបានលាងជំរះដោយពេលវេលាបន្តិចម្តង។
-->

ការមកដល់របស់អ្នកវិនិយោគជាតិ អន្តរជាតិ ប្រតិភូធុរកិច្ច និងថ្នាក់ដឹកនាំល្បីៗនៅលើពិភពលោក មកកាន់កម្ពុជាបន្តបន្ទាប់ ពិសេសក្នុងពេលកម្ពុជាធ្វើជាម្ចាស់ផ្ទះវេទិកាសេដ្ឋកិច្ចពិភពស្តីពីអាស៊ានកាលពីចុងខែឧសភាកន្លងមកនេះ ដែលជាព្រឹត្តិការណ៍បង្ហាញមុខមាត់ កិត្យានុភាពទីប្រទេសកម្ពុជា ពិសេសក្រុងភ្នំពេញទៅកាន់ពិភពលោក ក្នុងនាមជាទីក្រុងដែលមានការរីកចំរើនយ៉ាងឆាប់រហ័ស។

ការកើនឡើងនូវវត្តមានអាគារខ្ពស់ៗនៅទីក្រុងភ្នំពេញ ទំនងជាមិនបញ្ចប់នៅពេលឆាប់ៗនោះទេ ជាក់ស្តែងអាគារភ្លោះថៃប៊ុនរ៉ង ដែលជាអាគារខ្ពស់ជាងគេនៅក្នុងតំបន់អាស៊ាន និងគ្រោងចំណាយប្រាក់វិនិយោគ៥០០០ពាន់លានដុល្លារ នឹងក្លាយជាមេដែកឆក់មួយ ដែលផ្តល់ទំនុកចិត្ត និងទាក់ទាញវិនិយោគិនកាន់តែច្រើនថែមទៀតមកកាន់ប្រទេសនេះកាន់តែច្រើនថែមទៀតនាពេលអនាគត ប្រសិនជាវត្តមានអាគារនេះលេចរូបរាងពិតប្រាកដ។
ការមកដល់នូវអ្នកវិនិយោគកូរ៉េ ចិន សាំងហ្កាពួរ ម៉ាឡេស៊ី និងចុងក្រោយអ្នកវិនិយោគមកពីប្រទេសចិន បានធ្វើឲ្យប្រទេសនេះក្លាយជាខ្លាសេដ្ឋកិច្ចថ្មីមួយក្នុងតំបន់អាស៊ី ជាឈ្មោះថ្មីដែលធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានប្រសិទ្ឋនាមឲ្យប្រទេសនេះកាលពីឆ្នាំមុន។ ជាមួយគ្នានេះ ធនាគារពិភពលោកក៏បានចាត់ចំណាត់ថ្នាក់ថ្មីដល់កម្ពុជា ចេញពីប្រទេសអភិវឌ្ឍន៍តិចតួច មកជាប្រទេសមានប្រាក់ចំណូលមធ្យមកម្រិតទាបកាលពីឆ្នាំមុនផងដែរ។

អ្នកនាងអាន សុធីតានាយិកាក្រុមហ៊ុនអចលនទ្រព្យ CBRE Cambodia បានថ្លែងថាកម្ពុជាកំពុងធ្វើដំណើរទៅមុខ និងក្លាយជាមជ្ឈមណ្ឌលពាណិជ្ជកម្មអន្តរជាតិនៅ៥ទៅ១០ឆ្នាំខាងមុខ ព្រោះយោងតាមការសិក្សារបស់យើង រហូតមកទល់ពេលនេះកម្ពុជាមានក្រុមហ៊ុនលំដាប់ពិភពលោកចំនួន៧០ក្រុមហ៊ុនបានចូលមកវិនិយោគនៅកម្ពុជា ក្នុងចំណោមក្រុមហ៊ុនលំដាប់អន្តរជាតិចំនួន៥០។អ្នកនាងបន្តថា នៅរយៈពេល៥ឆ្នាំខាងមុខ យើងរំពឹងថានឹងមានក្រុមហ៊ុន៥០ភាគរយនៃក្រុមហ៊ុនទាំង៥០០ចូលមកវិនិយោគនៅកម្ពុជា ដោយសារកម្ពុជាពេលនេះបាននិងកំពុងក្លាយជាគោលដៅរបស់អ្នកវិនិយោគអន្តរជាតិ។

អ្នកនាងបន្តថា “បច្ចុប្បន្ននិយាយពីកម្ពុជា គឺមិនទាន់ក្លាយជាមជ្ឈមណ្ឌលពាណិជ្ជកម្មអន្តរជាតិទេ ប៉ុន្តែរយៈពេល១០ឆ្នាំខាងមុខកម្ពុជានឹងសម្រេចបាននូវគោលដៅនេះ។ ដើម្បីក្លាយជាមជ្ឈមណ្ឌលពាណិជ្ជកម្មអន្តរជាតិបាន ទាមទារឲ្យប្រទេសមួយមានធនធានមនុស្ស ធនធានអភិវឌ្ឍន៍ ចំណេះដឹង និងបទពិសោធន៍ ប៉ុន្តែបច្ចុប្បន្នកម្ពុជាកំពុងខ្វះធនធានមនុស្ស និងបទពិសោធន៍។នេះបើតាមការបញ្ជាក់របស់អ្នកនាងអាន សុធីតា។
អ្នកនាងបន្តថា “កាលពីមុននិយាយពីកម្ពុជា គេមិនសូវស្គាល់នោះទេនៅក្រៅប្រទេស ប៉ុន្តែដោយសារការរីកចំរើននៃវិស័យនេះ បានធ្វើឲ្យទីក្រុងភ្នំពេញ និងប្រទេសរបស់យើងត្រូវបានគេស្គាល់កាន់តែច្រើន។ ពិតជាជាក់ស្តែងនិងមិនអាចប្រកែកបាន ដោយសារកម្ពុជាក្នុងមួយទសវត្សរ៍ចុងក្រោយនេះ ទទួលបានទុនវិនិយោគក្នុងវិស័យនេះរាប់រយកោដិដុល្លារ។

ជាក់ស្តែង ទុនវិនិយោគក្នុងវិស័យសំណង់នៅដំណាច់ឆ្នាំ២០១៦ កន្លងមកនេះមានទំហំទឹកប្រាក់រហូតដល់ជាង៨,៥៣៤លានដុល្លារអាមេរិក កើនឡើង១៥៥,៦៨ភាគរយ ធៀបរយៈពេលមួយឆ្នាំដូចគ្នាកាលពីឆ្នាំ២០១៥ ហើយទំហំទុនពិតប្រកដពីលំហូរវិនិយោគផ្ទាល់ពីបរទេស (FDI) មកកម្ពុជា រយៈពេលម្ភៃឆ្នាំពីឆ្នាំ១៩៩៤ ដល់២០១៤ មានប្រមាណ១៩,២ពាន់លានដុល្លារ ក្នុងនោះ៤៤ ភាគរយគឺជាទឹកប្រាក់នៃការវិនិយោគរបស់ចិន។
យោងតាមរបាយការណ៍របស់មន្ទីររៀបចំដែនដី ក្រុងភ្នំពេញបានរកឃើញថា នៅរាជធានីភ្នំពេញមានវត្តមានអាគារខ្ពស់ៗ ចាប់ពី៥ជាន់រហូតដល់ជាង៤០ជាន់ចំនួនជាង៧០០អាគារនិងមានអាគារជាច្រើនទៀតកំពុងចាប់ផ្តើមសាងសង់ ដែលមានកំពស់រហូតដល់៦៣ជាន់។
ជាមួយនឹងគោលដៅនេះ កម្ពុជាក៏សម្រេចបាននូវកំនើនប្រាក់ចំណូលយ៉ាងខ្ពស់ផងដែរជាក់ស្តែងយោងតាមការសិក្សារបស់អង្គភាពព័ត៌មានសេដ្ឋវិទូបានរកឃើញថា ទំហំនៃប្រាក់ចំណូលរបស់ប្រជាពលរដ្ឋ ក្នុងទីក្រុងនេះភ្នំពេញមានចំណូល១០.៩០០ដុល្លារកាលពីឆ្នាំមុន និងកើនដល់៣២.២០០ដុល្លារនៅឆ្នាំ២០៣០ខាងមុខ។
យោងតាមតួកលេខរបស់ក្រសួងពាណិជ្ជកម្មបានបង្ហាញថា កម្ពុជាបាននាំចេ ញទៅកាន់ពិភពលោក ក្នុងទំហំទឹកប្រាក់១២ពាន់លានដុល្លារកាលពីឆ្នាំមុន។
ប្រធានសមាគមអ្នកវាយតំលៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជាលោកគីម ហ៊ាងបានថ្លែងថា “កាលពី១០ឆ្នាំមុន ខ្ញុំមិនហ៊ានរំពឹងថាក្រុងភ្នំពេញមានភាពរីកចំរើនបែបនេះទេ តែពេលនេះវត្តមានអាគារខ្ពស់ៗបានរីកដូចផ្សិត វាជាមោទនភាពមួយ។លោកបន្តថា “នៅពេលជនបរទេសចុះពីយន្តហោះ ពួកគេឃើញហាងទំនើបៗ អាគារខ្ពស់ៗ រថយន្តទំនើបៗ ពួកគេសប្បាយចិត្តនឹងមករស់នៅ និងវិនិយោគនៅទីនេះ។
ភាពរីកចំរើននេះ មិនអាចកាត់ផ្តាច់ចេញពីសន្តិភាព ស្ថិរភាពនយោបាយ និងការរក្សាបានកំនើនសេដ្ឋកិច្ចយ៉ាងរឹងមាំនោះទេ ជាក់ស្តែកគិតត្រឹមរយៈពេលពីរទសវត្សរ៍ កម្ពុជាសម្រេចបានមានកំនើនសេដ្ឋកិច្ច៧,៧ភាគរយគិតពីឆ្នាំ១៩៩៤ ដល់ឆ្នាំ២០១៤ និងរក្សាកំនើនរហូតដល់៧ភាគរយបន្ថែមទៀត សម្រាប់រយៈពេលមធ្យមខាងមុខនេះ។
ជាមួយនឹងកំនើនឥតឈប់ឈរនេះ ទុនវិនិយោគក្នុងវិស័យសំណង់ក្នុងរយៈពេល៤ខែដើមឆ្នាំនេះមានទំហំទឹកប្រាក់ជាង៤០០០លានដុល្លារអាមេរិក កើនឡើងជាង៤០ភាគរយធៀបរយៈពេលដូចគ្នាកាលពីឆ្នាំមុន។
លោកបណ្ឌិតម៉ី កល្យាណទីប្រឹក្សាជាន់ខ្ពស់ឧត្តមក្រុមប្រឹក្សាសេដ្ឋកិច្ចជាតិបានថ្លែងថា កម្ពុជាពិតជាបានរីកចំរើនច្រើនហើយលើសម្ភារៈ និងសេដ្ឋកិច្ច ដែលកាលពី១០ឆ្នាំមុនឬយូរជាងនេះ យើងមិនទាន់មានអ្វីនៅឡើយទេ ប៉ុន្តែការរីកចំរើនរបស់យើងខ្វះគុណភាពជីវិត ព្រោះទីក្រុងរបស់យើងមិនគួរមានតែកន្លែងផឹកស៊ីទេ តែគួរមានសួនច្បារ មានសារមន្ទីរ វិចិត្រសាល កន្លែងតាំងពិព៌ណលំដាប់អន្តរជាតិជាដើម។
លោកបន្តថា “បើគិតពីអាយុមនុស្ស ខ្ញុំគិតថាកម្ពុជាប្រៀបបាននឹងមនុស្សជំទង់វ័យ១៣ទៅ១៤ឆ្នាំប៉ុណ្ណោះ”៕