អស្ចារ្យ! រយៈពេល៧ខែ ចិនវិនិយោគនៅកម្ពុជាមានទឹកប្រាក់ ៥០០០លានដុល្លារ

0

ដោយគង់ សូរិយា

       ភ្នំពេញ៖ មន្រ្តីជាន់ខ្ពស់រដ្ឋាភិបាលកម្ពុជាបានថ្លែងថា រយៈពេល៧ខែឆ្នាំនេះ អ្នកវិនិយោគចិនវិនិ​យោគទឹកប្រាក់រហូតដល់៥០០០លានដុល្លារនៅកម្ពុជា ដែលជាចំនួនដ៏ច្រើ​នធៀបនឹងធៀបនឹងអ្នកវិនិយោគអន្តរជាតិដទៃទៀត។

ឧបនាយករដ្ឋមន្រ្តីហោ ណាំហុងបានមានប្រសាសន៍ក្នុងពិធីបើកការដ្ឋានសាងសង់មជ្ឈមណ្ឌលពាណិជ្ជកម្ម Morgan Tower តម្លៃ១៦០លានដុល្លារអាមេរិកនៅទីក្រុងកោះពេជ្រនាព្រឹកថ្ងៃទី១៨ សីហានេះថា ទំហំទឹកប្រាក់ខាងលើនេះ គិតចាប់ពីខែមករា ដល់ខែកក្កដាកន្លងមកនេះ។លោកបន្តថា បើគិតពីឆ្នាំ២០១៣ ដល់ឆ្នាំ២០១៨អ្នកវិនិយោ​គចិនបានបោះទុនវិនិយោគរហូតដល់២១,០០០ដុល្លារនៅកម្ពុជា ហើយចិនបានកសាង​ផ្លូវជាតិ៣០០០គីឡូម៉ែត្រ និងស្ពានចំនួន៧នៅកម្ពុជា។

អាគារមជ្ឈមណ្ឌលពាណិជ្ជកម្មលំដាប់ផ្កាយប្រាំរបស់ Morgan Tower កំពស់៤៦ជាន់ ស្មើនឹង២១០ម៉ែត្រ នឹងប្រើប្រាស់ជាសណ្ឋាគារ ការិយាល័យ ភោជនីយដ្ឋាន និងជា​ប្រភេទអាគារបៃតង ដែលសន្សំសំចៃថាមពលអគ្គិសនី។

គំរោងវិនិយោគរបស់ចិននៅកម្ពុជា ផ្តោតលើវិស័យចម្បងៗជា​ច្រើន ដូចជាវិស័យវាយណភ័ណ្ឌ សំណង់ វារីអគ្គិសនី គមនាគមន៍ និងវិស័យទេសច​រណ៍ជាដើម។

លោកឧបនាយករដ្ឋមន្រ្តីហោ ណាំហុងបានមានប្រសាសន៍ឲ្យដឹងទៀតថា រាជរដ្ឋាភិបាលកម្ពុជាសូមថ្លែងអំណរគុណដល់រដ្ឋាភិបាល និងប្រជាជនចិន ដែលបានឧបត្ថម្ភគាំ ទ្រចិនលើគ្រប់វិស័យ ទាំងវិស័យនយោបាយ សេដ្ឋកិច្ចនិងសង្គម ហើយឧបនាយករដ្ឋមន្រ្តីរូបនេះបានអះអាងថា ការអភិវឌ្ឍដ៏អស្ចារ្យរបស់កម្ពុជាលើគ្រប់វិស័យ ដែលស្តែងឲ្យ ឃើញសព្វថ្ងៃនេះ មិនអាចកាត់ផ្តាច់ពីការរួមចំណែកពីជំនួយ ការគាំទ្រ និងការវិនិយោគ​របស់អ្នកវិនិយោគចិននោះទេ។

ឧកញ៉ាពុង ឃាវសែប្រធានក្រុមហ៊ុនOCIC ដែលគ្រប់គ្រងទីក្រុងកោះពេជ្របានថ្លែងថា មិនយូរប៉ុន្មានទៀតទេ កម្ពុជានឹងមានអាគារខ្ពស់ៗរាប់រយម៉ែត្រ ដែលនេះព្រោះតែកម្ពុជាមានស្ថិរភាពនយោបាយល្អប្រសើរ ក្រោមការដឹកនាំរបស់ប្រមុខរដ្ឋាភិបាល សម្តេចតេជោហ៊ុន សែននាយករដ្ឋមន្រ្តីនៃពកម្ពុជា៕

LEAVE A REPLY

Please enter your comment!
Please enter your name here