ដោយៈសុខុម
ឌូបៃ: ទីក្រុងឌូបៃ នៃប្រទេសអារ៉ាប់រួមអេមីរ៉ាត និងទីក្រុងរីយ៉ាដ នៃប្រទេសអារ៉ាប៊ីសាអូឌីត សម្បូរទៅដោយអគារខ្ពស់កប់ពពកជាច្រើន ដែលល្បីរន្ទឺពេញពិភពលោក ជាពិសេសគឺក្រុងឌូបៃ តែម្ដង ហើយប្រទេសទាំងពីរនេះសុទ្ធតែស្ថិតនៅក្នុងពិភពអារ៉ាប់។
តើអ្នកទាំងអស់គ្នាធ្លាប់ងឿងឆ្ងល់ដែរឬទេ មូលហេតុអ្វីបានជាបណ្ដាប្រទេសអារ៉ាប់ ដែលកាន់សាសនាអ៊ីស្លាម និយមសាងសង់អគារខ្ពស់កប់ពពកបែបនេះ? តើវាជានិម្មិតសញ្ញានៃសាសនារបស់ពួកគេឬយ៉ាងណា?។
ជនជាតិអារ៉ាប់ មួយចំនួនបានបញ្ចេញទស្សនៈផ្ទាល់ខ្លួនគួរពិចារណាថា មូលហេតុដែលបណ្ដាប្រទេសអារ៉ាប់ និយមចូលចិត្តសាងសង់អគារខ្ពស់ៗកប់ពពក គឺមិនមែនជាការឧទ្ទិសដល់សាសនា ឬជានិមិត្តសញ្ញានៃសាសនារបស់ពួកគេ ដូចដែលយើងគិតនោះឡើយ។
ពួកគេលើកឡើងទៀតថា “រឿងនេះគ្មានអ្វីគួរឱ្យឆ្ងល់នោះទេ ព្រោះបណ្ដាប្រទេសអារ៉ាប់ សម្បូរទៅដោយរ៉ែប្រេង ហើយលុយដុល្លារអាមេរិក ដែលបានពីការលក់ប្រេងគឺច្រើនសន្ធឹកសន្ធាប់ណាស់”។
ដូចនេះហើយ បើមិនយកទៅសាងសង់អគារ ឬកសាងហេដ្ឋារចនាសម្ព័ន្ធនានាពិតជាគួរឱ្យស្ដាយ មុននឹងរ៉ែប្រេងអាចនឹងរីងស្ងួតនៅពេលណាមួយនៅពេលអនាគត។
ពួកគេបានលើកយកក្រុងឌូបៃ មកធ្វើជាឧទាហរណ៍ថា ទីក្រុងនេះបានប្រើប្រាស់លុយ ដែលបានពីការលក់ប្រេងចំគោលដៅល្អណាស់ ដូចជា យកទៅសាងសង់អគារខ្ពស់ៗកប់ពពក អភិវឌ្ឍឧស្សាហកម្មទេសចរណ៍ លំដាប់ថ្នាក់លេខ១លើពិភពលោក ក្រុមហ៊ុនអាកាសចរណ៍កំពូល និងកន្លែងលម្ហែកាយស្ងប់ស្ងាត់ដ៏ប្រណីតជាដើម។
ផ្ទុយទៅវិញ ប្រទេសអារ៉ាប់ ផ្សេងៗទៀតរួមមានដូចជាប្រទេសលីប៊ី ប្រទេសនី ហ្សេរីយ៉ា ប្រទេសកូវ៉ែត និងប្រទេសបារ៉ែន ជាដើមក៏មានរ៉ែប្រេងដែរ ហើយមានច្រើនជាងគេទៀតផង ប៉ុន្តែប្រទេសទាំងនោះ មិនបានយកគំរូល្អតាមទីក្រុងឌូបៃឡើយ។
ជនជាតិអារ៉ាប់ ទាំងនេះបាននិយាយដោយមោទនភាពថា ទាំងអស់គ្នាសាកស្រមៃទៅមើលថា តើវាអស្ចារ្យប៉ុណ្ណា ដែលមនុស្សរាប់ម៉ឺនគ្រួសារ មកពីប្រទេសជាង១៦០មកធ្វើការ បន្តការសិក្សា និងរស់នៅក្នុងទីក្រុងឌូបៃ នៃប្រទេសអារ៉ាប់រួមអេមីរ៉ាត។
វាពិតជាមិនធម្មតាឡើយ សម្រាប់អារ៉ាប់រួមអេមីរ៉ាត ជាប្រទេសតូចមួយដែលមានប្រជាជនត្រឹមតែ៩,៨៩លាននាក់ និងមានរ៉ែប្រេង ឬធនធានធម្មជាតិតិចតួចជាងគេ។
ទោះជាយ៉ាងណា ពួកគេមួយចំនួននិយាយទៀតថា ទ្រព្យសម្បត្តិដែលប្រទេសអារ៉ាប់ទាំងនេះ ប្រមូលបានក្នុងរយៈពី៥០ ទៅ១០០ឆ្នាំកន្លងមកនេះ គឺច្រើនសម្បើមណាស់។ ប្រសិនបើថ្ងៃណាមួយរ៉ែប្រេងរីងស្ងួត ឬតម្រូវការប្រេងត្រូវបានជំនួស ដោយថាមពលសូឡា ឬអ៊ីដ្រូហ្សែន អគារខ្ពស់កប់ពពកទាំងនេះ នឹងក្លាយជាកន្លែងដែលមិនខុសពីផ្ទះសម្រាប់សត្វព្រាបរស់នៅប៉ុន្មានឡើយ។
ពួកគេលើកឡើងបែបនេះដោយសារថា ការវិនិយោគដែលភាគច្រើន ផ្ដោតតែទៅលើអគារខ្ពស់ៗ មិនមែនជាការអភិវឌ្ឍប្រកបដោយនិរន្តរភាពឡើយ។
ពួកគេថា ទ្រព្យសម្បត្តិតិចតួចណាស់ ដែលត្រូវបានចំណាយទៅលើការអភិវឌ្ឍវិស័យកសិកម្ម អប់រំ សុខាភិបាល បរិស្ថាន ការអភិរក្សទឹក ឬការអភិវឌ្ឍដើម្បីមនុស្សជាតិ ជាហេតុធ្វើឱ្យវិស័យអប់រំ និងវិស័យសុខាភិបាល ក្នុងប្រទេសទាំងនេះខ្សោយយ៉ាងខ្លាំង៕ Quora៕