អ្នកជំនាញអន្តរជាតិៈ វិបត្តិក្រុមហ៊ុនអចលនទ្រព្យ Evergrande មិនជះឥទ្ឋិពលផ្ទាល់ដល់ទីផ្សារអចលនទ្រព្យកម្ពុជាទេ

0

ដោយៈគង់ សិរីជេស៊ីកា

ភ្នំពេញៈ ការដួលរលំរបស់ក្រុមហ៊ុនអចលនទ្រព្យលំដាប់យក្សរបសចិន ដែលកម្រិ​តបំណុលកើនដល់៣០៥ពាន់លានដុល្លារ កំពុងធ្វើឲ្យរង្គោះរង្គើរដល់សេដ្ឋកិច្ចចិន និងជះឥទ្ឋិពល ដល់វិស័យអចលនទ្រព្យនៅប្រទេសជាច្រើនផងដែរ។

នាយកគ្រប់គ្រងនៃក្រុមហ៊ុន CBRE Cambodia លោក James Hodge បានមាន​ប្រសាសន៍ឲ្យដឹងកាលពីចុងសប្តាហ៍មុនថា វិបត្តិ Evergrande នឹងមិនមានផលប៉ះពាល់ដោយផ្ទាល់មកលើប្រទេសកម្ពុជាទេ ដោយសារក្រុមហ៊ុននេះមិនមានការវិនិយោគនៅកម្ពុជា ប៉ុន្តែវានឹងជះឥទ្ធិពលដោយប្រយោល​​ ទៅលើស្ថានភាពទីផ្សារក្នុងរយៈពេលខ្លី។

លោកបន្តថា “វិបត្តិរបស់ក្រុមហ៊ុនយក្សនេះ នឹងប៉ះពាល់ដល់វិនិយោគិនចិន ដែលកំពុងរស់នៅប្រទេសកម្ពុជា និងដាក់សម្ពាធលើអ្នកអភិវឌ្ឈន៍ អចលនទ្រព្យនៅកម្ពុជាកាន់តែធ្ងន់”។

លោក JAMES HODGE បានពន្យល់ថា ជាក់ស្ដែង វិបត្តិកូវីដបានបង្អាក់ទីផ្សារអលចនទ្រព្យកម្ពុជាមួយកម្រិតធំទៅហើយ ព្រោះអ្នកវិនិយោគចិនជាច្រើន បានចាកចេញពីប្រទេសកម្ពុជា ខណៈអ្នកអភិវឌ្ឍន៍វិញ ក៏ត្រូវបង្ខំចិត្តផ្លាស់ប្តូរទិសដៅទៅរកអ្នកទិញក្នុងស្រុក។ អ្នកអភិវឌ្ឍន៍ខ្លះបញ្ចុះតម្លៃរហូតដល់៣០ភាគរយ លើអចលនទ្រព្យ និងបន្ថែមកម្រៃជើងសារភ្នាក់ងារខ្ពស់ដល់ទៅ១៥ភាគរយ ដើម្បីបង្កើនការលក់របស់ពួកគេ។

លោក James បានបន្ដថា វិបត្តិ Evergrande នឹងធ្វើឱ្យនិន្នាការអវិជ្ជមានទាំង២ ខាងលើបន្តរីកកាន់តែធំ ពោលគឺចិននឹបន្តងចេញពីកម្ពុជាបន្ថែមទៀត ខណៈការបញ្ចុះតម្លៃអចលនទ្រព្យក៏នៅតែបន្ត។

ទោះជា Evergrande មិនការវិនិយោគផ្ទាល់នៅកម្ពុជាក្ដី តែវានឹងប៉ះពាល់ដល់សេដ្ឋកិច្ចចិន ដូច្នេះវិនិយោគចិន ដែលមានអាជីវកម្មនៅប្រទេសចិនផង និងនៅកម្ពុជាផង អាចនឹងចាកចេញពីកម្ពជាបន្ថែមទៀត ដើម្បីទៅទប់លំនឹងអាជីវកម្មរបស់ខ្លួន នៅប្រទេសចិនដែលកំពុងប៉ះពាល់។ ការចាកចេញនេះ នឹងធ្វើឱ្យអ្នកទិញក្នុងទីផ្សារកម្ពុជា កាន់តែថមថយ ហើយតម្លៃអលចនទ្រព្យនឹងបន្តថយចុះ។

ជាលទ្ធផលវាអាចនឹងជះឥទ្ធិពលដល់វិស័យធនគារកម្ពុជា ព្រោះកម្ចីលើវិស័យសំ​ណង់ និងអចលនទ្រព្យរួមចំណែកជាង៣១ភាគរយ នៃឥណទានក្នុងវិស័យធនគារទាំងអស់។ ជាក់ស្ដែង ធនាគារពិភពលោក ធ្លាប់បានក្រើនរំលឹកជាច្រើនដងហើយថា ប្រទេសកម្ពុជា ត្រូវតែរឹតបន្ដឹងកម្ចីលើវិស័យសំណង់ និងអចលនទ្រព្យ ដើម្បីងបង្កាហានិភ័យ៕

LEAVE A REPLY

Please enter your comment!
Please enter your name here