អារ៉ាប៊ីសាអូឌីត ដាក់ដេញថ្លៃគម្រោងអភិវឌ្ឍន៍ខ្នាតយក្ស Riyadh North តម្លៃ៤,៣ពាន់លានដុល្លារ

0

ដោយៈសុខុម

ឌូបៃ: ប្រទេសអារ៉ាប៊ីសាអូឌីត បានដាក់ដេញថ្លៃគម្រោងអភិវឌ្ឍន៍ខ្នាតយក្ស Riyadh North នៅក្នុងទីក្រុងរីយ៉ាដ ដោយក្រុមហ៊ុនសាងសង់អន្តរជាតិ Mace ជាអ្នកដេញឈ្នះគម្រោងនេះ។ នេះបើយោងតាមសារព័ត៌មាន Arab News ចុះផ្សាយកាលពីថ្ងៃទី៣ តុលា។

ក្រុមហ៊ុន Majid Al-Futtaim ដែលជាម្ចាស់គម្រោងភិវឌ្ឍន៍និយាយថា គម្រោងខ្នាតយក្ស Riyadh North ដែលមានតម្លៃ៤,៣ពាន់លានដុល្លារ ខាងលើនេះនឹងមានហាងលក់រាយជាង៦០០ហាង សណ្ឋាគារចំនួន៩ និងលំនៅដ្ឋានប្រណីតៗ ព្រមទាំងផ្សារទំនើប Mall of Saudi ផងដែរ។

ក្រុមហ៊ុនដដែលបញ្ជាក់ថា គម្រោងនេះក៏នឹងមានជម្រាលជិះស្គី និងសួនព្រិលទឹកកកដ៏អស្ចារ្យផងដែរដើម្បីទាក់ទាញអ្នកមកលេង។

នៅក្នុងកិច្ចព្រមព្រៀងសាងសង់ ក្រុមហ៊ុន Mace នឹងជាអ្នកទទួលខុសត្រូវលើការត្រួតពិនិត្យលើការធ្វើផែនការ ការសាងសង់ ផ្នែកពាណិជ្ជកម្ម និងការគ្រប់គ្រងការអភិវឌ្ឍដែលគ្របដណ្តប់លើផ្ទៃដីជិត១លានម៉ែត្រការ៉េនេះ។

លោក Ahmed Gala Ismail នាយកប្រតិបត្តិក្រុមហ៊ុនអចលនទ្រព្យ MAF Properties បានថ្លែងថា “អារ៉ាប៊ីសាអ៊ូឌីត គឺជាប្រទេស ដែលមានទីផ្សារលក់រាយធំជាងគេបំផុតនៅក្នុងពិភពអារ៉ាប់ ហើយយើងជឿជាក់ថា គម្រោង Riyadh North និងផ្សារទំនើប Mall of Saudi នឹងក្លាយជាជម្រើសដៃគូសហការដ៏ល្អ ទាំងសម្រាប់ម៉ាកយីហោ (Brand) ល្បីៗ និងម៉ាកយីហោថ្មីនៅក្នុងទីផ្សារ”។

ក្រុមហ៊ុន Mace មានបទពិសោធន៍ធ្លាប់ ទទួលគម្រោងអភិវឌ្ឍន៍ធំៗជាច្រើនផ្សេងទៀត រួមទាំងព្រឹត្តិការណ៍កីឡាអូឡាំពិក រដូវក្តៅទីក្រុងឡុងដ៍ ឆ្នាំ២០១២ (London 2012 Summer Olympics) និងពិព័រណ៍ពិភពលោក (World Expo) ដែលកំពុងប្រព្រឹត្តទៅនៅក្នុងទីក្រុងឌូបៃផងដែរ៕ Arab News៕

LEAVE A REPLY

Please enter your comment!
Please enter your name here