ដោយៈវឌ្ឍនៈ
ភ្នំពេញៈ ឃ្លាំងស្តុកអំបិលនិងស្រែមួយចំនួន ត្រូវបានម្ចាស់កំពុងបម្លែងធ្វើជារមណីយដ្ឋានដូចជាហាងកាហ្វេ ភោជនីយដ្ឋាន ទាក់ទាញភ្ញៀវទេសចរវិញ ខណៈការផលិតអំបិលកំពុងជួបបញ្ហានឹងកង្វះ កំលាំងពលកម្ម ប៉ុន្តែសកម្មភាពនេះមិនទាន់គក្រឹកគ្រេងនៅឡើយ។
បុគ្គលិកនៃភោជជនីយដ្ឋាន និងហាងកាហ្វេនៅវាលស្រែអំបិលមួយឈ្មោះថា ផ្ទះអំបិល ក្នុងខេត្តកំពតបានឱ្យដឹងថា ចាប់តាំងពីម្ចាស់ស្រែអំបិល បានរៀបចំឃ្លាំងស្រែអំបិល និងស្រែអំបិលមួយចំនួនទៅជាហាងកាហ្វេ និងភោជនីយដ្ឋានមកឃើញថា មានភ្ញៀវកាន់តែច្រើន បានមកទទួលទានអាហារ និងកាហ្វេក៏ដូចជាមើលទេសភាពស្រែអំបិល ហើយពីមួយថ្ងៃទៅមួយថ្ងៃ ភ្ញៀវមកកាន់ទីតាំងភោជនីយដ្ឋាននេះកាន់តែច្រើន ជាពិសេសនៅថ្ងៃចុងសប្ដាហ៍ និងថ្ងៃឈប់សម្រាក់ធំៗដូចជាថ្ងៃភ្ជុំបិណ្ឌនេះជាដើម។
បុគ្គលិករូបនេះបានឱ្យដឹងថា ចាប់តាំងពីថៅកែរបស់ខ្លួនបានកែប្រែដីស្រែនិងឃ្លាំងអំបិលមក ហើយមានភ្ញៀវមកកាន់តែច្រើន ធ្វើឱ្យម្ចាស់ដីស្រែមួយចំនួន ក៏បានចាប់ផ្ដើមធ្វើដូចនេះដែរ តែមិនទាន់មានលក្ខណៈធំទូលំទូលាយនៅឡើយ ពីព្រោះអាជីវកម្មបែបនេះនៅក្នុងស្រែអំបិល ទើបតែចាប់ផ្ដើមប៉ុណ្ណោះ។
លោកប៊ុន បារាំងសហប្រធានសហគមន៍ផលិតអំបិល ខេត្តកំពតបានឱ្យដឹងថា លោកមិនទាន់បានដឹងថា មានម្ចាស់ស្រែអំបិលបម្លែងស្រែ ទៅជាអាជីវកម្មផ្សេងនោះទេ ប៉ុន្តែបើទោះបីជាមានការបម្លែងពីស្រែអំបិល ឬពីឃ្លាំងអំបិលទៅជាភោជនីយដ្ឋានហាងកាហ្វេក៏មិនមានការប៉ះពាល់ ដល់ការផលិតអំបិលឬកង្វះអំបិលសម្រាប់បរិភោគដែរ ។
លោកបន្តថា “អ្នកផលិតអំបិលនៅតែបន្តផលិតដដែល ព្រោះវាជាមុខរបរយូរមកហើយ ជាក់ស្ដែងរូបលោកផ្ទាល់ បានធ្វើអាជីវកម្មនេះជាយូរមកហើយ ដូច្នេះលោកក៏នៅតែបន្តធ្វើអាជីវកម្មបន្តទៀត”។ លោកបន្តថា “អ្នកខ្លះថាដោយសារតែអត់មានកម្លាំងពលកម្មធ្វើឱ្យរូបគេត្រូវបោះបង់ចោលឬ កាត់បន្ថយការផលិត តែសម្រាប់រូបលោកវិញ មិនខ្វះកំលាំងពលកម្មនោះទេ”។
លោកសុខ គែន នាយកប្រតិបត្តិក្រុមហ៊ុនអចលនទ្រព្យ Kampot Street Real Estate ដីស្រែអំបិលជាប្រភេទដី ដែលមិនអាចកែប្រែពីស្រែអំបិលទៅលំនៅឋាន ប៉ុន្តែមួយរយៈចុងក្រោយនេះ លឺមានការមានកែប្រែច្បាប់ខ្លះៗ ដោយអនុញ្ញាតឱ្យកែប្រែត្រឹម២០ភាគរយប៉ុណ្ណោះ ដូច្នេះការប្រែដីស្រែអំបិលទៅជារមណីយដ្ឋាន មិនអាចបានច្រើននោះទេ ។
លោកបន្តថា “ដោយសារតែដីស្រែអំបិល មិនអាចកែប្រែបានដូច្នេះ ទើបធ្វើឱ្យតម្លៃដីស្រែអំបិលមិនអាចឡើងថ្លៃខ្ពស់បានទេ គឺមានការឡើងថ្លៃតិចតួចប៉ុណ្ណោះ”។លោកបន្តថា “ស្រែអំបិលជាអត្តសញ្ញាណមួយ សម្រាប់ខេត្តកំពត និងទាក់ទាញទេសចរជាតិនិងអន្តរជាតិ ដូច្នេះនៅពេលទេសចរមកលេងខេត្តកំពត ពួកគាត់ក៏បានទៅមើលស្រែអំបិលនិងការផលិតអំបិលរបស់កសិករក្នុងសហគមន៍”។
បើសិនជាមានការកែប្រែដីស្រែអំបិល ទៅអាជីវកម្មផ្សេងវាអាចនឹងធ្វើឱ្យបាត់បង់អត្តសញ្ញាណមួយរបស់ខេត្តកំពត ទោះបីជាមានផលវិជ្ជមានក៏ដោយ៕