ដោយៈសុខុម
គូឡាឡាំពួ: ដំណាក់កាលទី១ នៃគម្រោងផ្លូវដែកខ្នាតយក្ស MRT Putrajaya Line ដែលពីមុនគេស្គាល់ថា MRT2 សម្រេចបាន៩៩,៩%ហើយនៅពេលនេះ ហើយតាមការរំពឹងទុកនឹងដាក់ឱ្យដំណើរការនៅខែវិច្ឆិកា ឆ្នាំ២០២១។ នេះបើយោងតាមសារព័ត៌មាន The Edge Markets ចុះផ្សាយកាលពីថ្ងៃច័ន្ទ ទី៤ តុលា។
ក្រុមហ៊ុន Mass Rapid Transit Corp Sdn Bhd ហៅកាត់ MRT Corp បានប្រកាសកាលពីថ្ងៃច័ន្ទ សប្ដាហ៍នេះថា ដំណាក់កាលទី២ នៃគម្រោងផ្លូវដែកដែលមានទំហំទុនវិនិយោគរហូតដល់ ទៅ៨,៧៧ពាន់លានដុល្លារអាមេរិកនេះ សម្រេចបានរហូតដល់ទៅ៩២,៥៣% ដែលតាមការរំពឹងទុកថា នឹងដាក់ឱ្យដំណើរការនៅខែមករា ឆ្នាំ២០២៣។
ក្រុមហ៊ុន MRT Corp បានចេញសេចក្តីថ្លែងការណ៍ដោយដកស្រង់ប្រសាសន៍របស់លោក Wee Ka Siong រដ្ឋមន្ត្រីដឹកជញ្ជូនដូច្នេះថា “ការបញ្ចប់គម្រោងផ្លូវដែក MRT Putrajaya Line កើតឡើងចំពេលដ៏សំខាន់។
គម្រោងនេះ នឹងជួយសម្រួលដល់យើងទាំងអស់គ្នា នៅពេលពួកយើងត្រលប់ទៅធ្វើការវិញ និងនៅពេលការរស់នៅរបស់យើងត្រលប់ទៅរកភាពប្រក្រតីឡើងវិញ។ វានឹងដើរតួយ៉ាងសំខាន់ នៅក្នុងការស្តារសេដ្ឋកិច្ចប្រទេសរបសយើងឡើងវិញ”។
រដ្ឋមន្ត្រីរូបនេះបានលើកឡើងទៀតថា ខណៈប្រទេសម៉ាឡេស៊ី ឆ្ពោះទៅរកការងើបឡើងវិញពីវិបត្តិកូវីដ-១៩ សុវត្ថិភាពរបស់អ្នកដំណើរ នៅតែជាអាទិភាពកំពូល ហើយរាល់វិធានការទប់ស្កាត់ ការរីករាលដាលវីរុសកូវីដ-១៩ ត្រូវតែគោរពតាម។ លោកបញ្ជាក់ថា ក្រសួងដឹកជញ្ជូននឹងធ្វើឱ្យប្រាកដថា ប្រតិបត្តិករដឹកជញ្ជូនសាធារណៈ អនុវត្តន៍វិធានការទប់ស្កាត់ការរីករាលដាលវីរុសកូវីដ-១៩ ឱ្យបានម៉ឺងម៉ាត់។
ទន្ទឹមនេះនឹងដែរ លោក Shahidan Kassim រដ្ឋមន្រ្តីក្រសួងដែនដីសហព័ន្ធ ឬ Federal Territories (ដែលរួមមានដែនដី៣៖ គូឡាឡាំពួ Labuan និង Putrajaya) បានថ្លែងថា គម្រោងនេះនឹងក្លាយជាគំនិតផ្តួចផ្តើមដ៏សំខាន់មួយ ឆ្ពោះទៅកាន់ការកាត់បន្ថយការបំភាយឧស្ម័នកាបូន ចូលទៅក្នុងបរិយាកាសក្នុងទីក្រុងគូឡាឡាំពួ។
លោកបានបន្ថែមទៀតថា “គម្រោងនេះនឹងជួយកាត់បន្ថយ ការប្រើប្រាស់យានយន្តឯកជនដែលធ្វើឱ្យទីក្រុងគូឡាឡាំពួ ក្លាយជាទីក្រុងដែលមានបរិស្ថានកាន់តែស្អាត និងមាននិរន្តរភាពសម្រាប់ប្រជាជនទាំងអស់”។
លោកបន្តថា “យើងត្រូវការឱ្យពលរដ្ឋកាន់តែច្រើន ងាកមកប្រើប្រាស់មធ្យោបាយដឹកជញ្ជូនសាធារណៈ ហើយទុករថយន្តរបស់ពួកគេចោលនៅផ្ទះ ហើយគម្រោង MRT នេះគឺជាគំនិតផ្តួចផ្តើម ដ៏សំខាន់បំផុតមួយសម្រាប់យើង ដើម្បីសម្រេចបាននូវគោលដៅនេះ”។
យោងតាមផែនការមេបង្ហាញថា កំណាត់ផ្លូវដែកក្រោមដីប្រវែង១៣.៥គីឡូម៉ែត្រនៃគម្រោង MRT Putrajaya Line មានស្ថានីយក្រោមដីចំនួន៩។ ការងារស្ថាបនាកំណាត់ផ្លូវដែកក្រោមដីនេះ បានបញ្ចប់នៅថ្ងៃទី១១ ខែតុលា ឆ្នាំ២០២០ ដោយម៉ាស៊ីនខួងចំនួន១២ត្រូវបានប្រើប្រាស់ សម្រាប់ការខួងផ្លូវក្រោមដីភ្លោះនេះ៕ The Edge Markets៕