លោកឧកញ៉ាម៉ាន់ ច័ន្ទឌីនិយាយពីស្ថានភាពទីផ្សារដីធ្លីក្នុងអំឡុងបច្ចុប្បន្ននិងបញ្ហាចំពោះមុខ

0

ដោយៈសុផារី

ភ្នំពេញៈ ក្នុងកំឡុងបុណ្យភ្ជុំបិណ្ឌ ប្រជាជនកម្ពុជាជាច្រើន បាននាំគ្នាត្រលប់ទៅកាន់ស្រុកកំណើត តាមបណ្តាខេត្តក្រុងនានា។ ក្នុងឱកាសនេះ អ្នកជំនាញមើលឃើញថា បុណ្យភ្ជុំបិណ្ឌជាឱកាសល្អសម្រាប់ការទិញដូរដីធ្លី។

លោកឧកញ៉ាម៉ាន់ ច័ន្ទឌី អគ្គនាយកក្រុមហ៊ុន Prenuim Housing Group បានមាន​ប្រសាសន៍ឲ្យដឹងតាមទូរស័ព្ទកាលពីថ្ងៃទី៤ តុលាកន្លងមកថា កំឡុងពេលនេះ ប្រជាជនភាគច្រើនមិនសូវសម្លឹង មើលការទិញវិនិយោគដីធ្លីនោះទេ ព្រោះស្ថានភាពចរន្តលុយមិនទាន់មានច្រើន និងភាគច្រើនមិនទាន់មានការងារធ្វើ។ ការទិញដូរដីធ្លី មានការប៉ះពាល់ខ្លាំង ព្រោះប្រជាជនបានបាត់បង់ចំណូលច្រើន បណ្តាលមកពីផលប៉ះពាល់កូវីដ ១៩ ។

លោកបន្តថា ពួកគាត់ធ្វើយ៉ាងណា ទប់លំនឹងខ្លួនឱ្យនឹងនរច្រើនជាង។ ភាគច្រើន ត្រលប់ទៅស្រុក គាត់យកប្រាក់ទៅជូនបងប្អូន ឱពុកម្តាយច្រើនជាង។

លោកបន្តថា “តម្លៃដីមិនទាន់ឡើងនោះទេ តែសម្រាប់អ្នកដែលមានសាច់ប្រាក់ក្នុងដៃកំឡុងពេលនេះ គឺជាពេលវេលាដ៏ល្អសម្រាប់ការវិនិយោគនៅលើដីធ្លី ព្រោះសព្វថ្ងៃមានការដាក់លក់ដីធ្លីច្រើន គាត់អាចជ្រើសរើសតថ្លៃទិញក្នុងតម្លៃល្អ និងមានជម្រើសច្រើ​នក្នុងការរើសទីតាំង”។ លោកថា “ការវិនិយោគដីក្នុងប្រទេសកម្ពុជាជារឿងល្អ មានឱកាសចំណេញច្រើន ជាពិសេសក្នុងកំឡុងពេលនេះ”។

លោកលើកឡើងថា កន្លងមកក្នុងត្រីមាសទី៣ ក្នុងឆ្នាំ២០២១នេះ កន្លែងខ្លះធ្លាក់ចុះ កន្លែងខ្លះឡើងប្រហែល១០ភាគរយ អាស្រ័យតាមតំបន់នីមួយៗ។

លោកឧកញ៉ាម៉ាន់ ច័ន្ទឌីបានបន្តថា “ការទិញលក់ដីធ្លី គួរមើលផ្លូវ មើលគម្រោងអភិវឌ្ឍន៍នៅជុំវិញ ប្រមូលព័ត៌មានពាក់ព័ន្ធថា រាជរដ្ឋាភិបាលមានគម្រោងនឹងធ្វើអ្វី ដូចជាតំបន់ភាគខាងត្បូងក្បែរព្រលានយន្តហោះថ្មី បឹងតាមោក ឆ្លងដល់តំបន់ព្រែកតាមាក់ ព្រែកព្នៅ ។ល។”។

លោករំពឹងថា នៅពេលដែលប្រទេសកម្ពុជាបើកទេសចរណ៍ឡើងវិញ ស្ថានភាពទីផ្សារនឹងកាន់តែល្អប្រសើរ ព្រោះប្រទេសកម្ពុជាបានចាក់វាក់សាំងបានច្រើន ហើយសេដ្ឋកិច្ចនឹងដំណើរការល្អវិញ ពេលនោះការទិញលក់ដីធ្លីនឹងអាចត្រលប់មករកសភាពដើម​វិញបណ្តើរៗផងដែរ៕

LEAVE A REPLY

Please enter your comment!
Please enter your name here