ដោយ៖ សុផារី
ភ្នំពេញ៖ លោក គាម សៀកឡុង ដែលជាអ្នកជំនាញអចលនទ្រព្យជើងចាស់មួយរូប បានចែករំលែកបទពិសោធន៍ទាក់ទងនឹងការវិនិយោគលើវិស័យអចលនទ្រព្យ ដែលជាវិស័យគួរឱ្យចាប់អារម្មណ៍យ៉ាងខ្លាំង នាពេលបច្ចុប្បន្ននេះ។
លោក គាម សៀកឡុង អគ្គនាយកក្រុមហ៊ុន Century 21 Dream Property បានសរសេរលើបណ្តាញសង្គមហ្វេសប៊ុករបស់លោក កាលពីថ្ងៃទី ៨ ខែតុលា នេះថា ដើម្បីទទួលបានព័ត៌មានគ្រាប់គ្រាន់មុខសម្រេចចិត្ដនឹងសម្រេចចិត្ដវិនិយោគលើអចលនទ្រព្យ អ្នកវិនិយោគទាំងឡាយត្រូវស្គាល់មនុស្សឱ្យបានច្រើន និងស្គាល់មនុស្សត្រូវ ជាពិសេសគឺប្រកបមុខរបរទទួលទានក្នុងវិស័យនេះតែម្ដង ដូចជាភ្នាក់អចលនទ្រព្យស្របច្បាប់ ដែលមានចំណេះដឹង បទពិសោធន៍ មានទំនាក់ទំនងល្អជាមួយមនុស្សច្រើនក្នុងសង្គម មន្រ្ដីរដ្ឋាភិបាលដែលពាក់ព័ន្ធនឹងគម្រោងអភិវឌ្ឍក្រុង ឬហេដ្ឋារចនាសម្ព័ន្ធ មន្រ្ដីសុរិយោដី ភូមិបាលស្រុកខណ្ឌ អាជ្ញាធរមូលដ្ឋាន អ្នកសារព័ត៌មាននានាដែលទាក់ទងនឹងអចលនទ្រព្យ ជាដើម។
លោកបន្តថា យើងត្រូវវិនិយោគពេលវេលាដោយចំណាយពេលចុងសប្ដាហ៍ ឬថ្ងៃឈប់សំរាក ដើម្បីចុះសិក្សាស្វែងយល់រកព័ត៌មាន មើលការអភិវឌ្ឍន៍នានា និងមានទំនាក់ទំនងជាមួយនឹងមនុស្សថ្មីៗឱ្យបានច្រើន។
លើសពីនេះ ត្រូវមានផែនការនិងការតាំងចិត្ដឱ្យក្លាយជាអ្នកវិនិយោគពិតប្រាកដដើម្បីទទួលបានប្រភពព័ត៌មាន និងការសហការណ៍ពីសំណាក់ពួកគាត់ ហើយកុំកំណាញ់និងប្រាក់តិចតួច (សុំបែងចែកកម្រៃជើងសារ ឬទិញហើយទាមទារយកវិញខ្លះ) ដែលធ្វើឱ្យយើងបាត់បង់ឱកាសល្អ ឬជម្រើសដំបូងគេ នៅពេលដែលមានអចលនទ្រព្យល្អក្រោមទីផ្សារដាក់លក់។ នៅពេលដែលយើងមានអចលនទ្រព្យនៅតំបន់ណាមួយហើយ ពេលនោះយើងនឹងចាប់ផ្ដើមមានបណ្ដាញ និងព័ត៌មានជាហូរហែលពីតំបន់នោះ។
លោកថា៖ “បច្ចុប្បន្ននេះ មានបណ្ដាញផ្សេងមួយចំនួន ដែលគេបង្កើតឡើងសម្រាប់ផ្ដោះប្ដូរអចលនទ្រព្យ ហាងកាហ្វេខ្លះៗ ជាកន្លែងដែលអ្នករកស៊ីដីធ្លីជួបជុំគ្នា ឬតាមដានពួកគាត់តាមបណ្ដាញសង្គមផ្សេងៗ គួរស្វែងយល់ ចូលរួម និងសាកល្បង។ បណ្ដាញសមាគមអចលនវត្ថុមួយចំនួននៅកម្ពុជា រួមទាំងសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជាផងដែរ ដែលមានក្រុមហ៊ុនមានសមាជិករាប់រយក្រុមហ៊ុន បងប្អូនអាចសិក្សា និងពិនិត្យមើលប្រវត្ដិពួកគាត់តាមបណ្ដាញសង្គមនានាបាន” ៕