យល់ដឹងពីសំណង់ដែលមិនចាំបាច់មានលិខិតអនុញ្ញាតសាងសង់

0

ដោយ៖ សុផារី

ភ្នំពេញ៖ រាល់ការងារសាងសង់ ឬ រុះរើ ត្រូវសុំលិខិតអនុញ្ញាតិ ឬមានការអនុម័តពីអាជ្ញាធរមានសមត្ថកិច្ចជាមុនសិន ដើម្បីធានានូវសុវត្ថិភាព និងសណ្តាប់ធ្នាប់សាធារណៈ។ នេះបើតាមច្បាប់ស្តីពីសំណង់ឆ្នាំ២០១៩។
បើតាមអនុក្រឹត្យលេខ២២៤ ស្តីពីលិខិតអនុញ្ញាតសាងសង់ ក៏មានករណីលើកលែងមួយចំនួនដែរ។ សំណង់ដែលមិនទាមទារឱ្យលិខិតអនុញ្ញាតសាងសង់មានដូចជា៖
• សំណង់អគារផ្ទាល់ដីដែលមានផ្ទៃក្រឡាកម្រាលសំណង់សរុបតិចជាង ឬស្មើ១២ម៉ែត្រក្រឡា និងមានកម្ពស់ទាបជាង ឬស្មើ ៥ម៉ែត្រ
• លំនៅឋានធ្វើពីឈើ ផ្ទះថ្មក្រោម-ឈើលើ ផ្ទះតៀមធ្វើពីឈើ ឬថ្ម នៅទីជនបទ ឬស្រែចម្ការ ដែលមានផ្ទៃក្រឡាកម្រាលសំណង់សរុបតិចជាង ឬស្មើ១០០ ម៉ែត្រក្រឡា និងមាន កម្ពស់ទាបជាង ឬស្មើ៩ម៉ែត្រ (ត្រូវមិននៅក្នុងតំបន់រមណីយដ្ឋានទេសចរណ៍ តំបន់បេតិកភណ្ឌ តំបន់អភិរក្ស ឬតំបន់ការពារ)
• សំណង់មិនមែនបេតុងដែលសាងសង់ផ្ទាល់ដី សម្រាប់ប្រើប្រាស់បណ្តោះអាសន្ន មានជាអាទិ៍ បង្គោល ដងទង់ វេទិកា រោង តូប ឬគ្រឿងផ្គុំដទៃទៀតសម្រាប់ប្រារព្ធពិធីផ្សេងៗ
• សំណង់ក្នុងវត្តអារាមដែលមានផ្ទៃក្រឡាកម្រាលសំណង់សរុបតិចជាង ឬស្មើ២០ ម៉ែត្រក្រឡានិងមានកម្ពស់ទាបជាង ឬស្មើ១២ម៉ែត្រ
• សំណង់របងដែលមិនធ្វើអំពីថ្ម ឬបេតុង
• ការងារសាងសង់ក្នុងស្ថានភាពអាសន្ន ឬគ្រោះមហន្តរាយ ដើម្បីជួយសង្គ្រោះ ឬការពារអាយុជីវិត ឬបង្ការមិនឲ្យមានការប៉ះពាល់ ឬខូចខាតធ្ងន់ធ្ងរដល់សុខភាព ឬទ្រព្យសម្បត្តិក្នុងភាពអាសន្ន
ចំពោះការងារសំណង់ប្រភេទទាំងនេះ មុននឹងសាងសង់ ម្ចាស់សំណង់គ្រាន់តែជូនដំណឹងជាលាយលក្ខណ៍អក្សរទៅមេឃុំ ឬចៅសង្កាត់ដែលសំណង់នោះ ស្ថិតនៅតែប៉ុណ្ណោះ។
ក្រៅពីប្រភេទការងារសាងសង់ខាងលើ ម្ចាស់សំណង់ទាំងអស់ ត្រូវស្នើសុំលិខិតអនុញ្ញាតសាងសង់ពីអាជ្ញាធរមានសមត្ថកិច្ច នៅរដ្ឋបាលស្រុកខណ្ឌ ឬរដ្ឋបាលរាជធានី ខេត្ត ឬក្រសួង ទៅតាមប្រភេទ និងទំហំនៃផ្ទៃក្រឡានៃគម្រោងសាងសង់នោះ៕

LEAVE A REPLY

Please enter your comment!
Please enter your name here