ដោយៈគង់ សិរីជេស៊ីកា
ភ្នំពេញៈ ផ្លូវជាតិលេខ១៣០ ដែលតភ្ជាប់់ពីផ្លូវជាតិលេខ៥ ត្រង់ចំណុចផ្សារព្រែកព្នៅទៅកាន់តំបន់ភ្នំប្រសិទ្ឋ និងពង្រីកការតភ្ជាប់ទៅកាន់ផ្លូវជាតិលេខ៥១ កំពុងត្រូវបានពង្រីក និងស្តារឡើងវិញ។
ការពង្រីកហេដ្ឋារចនាសម្ព័ន្ឋរបស់រដ្ឋាភិបាល និងបាននិងកំពុងជម្រុញការវិនិយោគលើលំនៅដ្ឋាន បុរី ពិសេសតម្លៃដីធ្លីនៅតំបន់នេះបាន និងកំពុងហក់ឡើងយ៉ាងខ្លាំង។
តាមរយៈការធ្វើដំណើរ របស់ក្រុមការងារគេហទំព័រ Propertyarea.asia កាលពីសប្តាហ៍មុនបានឲ្យដឹងថា ការពង្រីកការតភ្ជាប់លើផ្លូវដ៏សំខាន់នេះ បាននិងកំពុងហុចសក្តានុពល នៃការអភិវឌ្ឍនៅមូលដ្ឋានទាំងនោះកើនឡើង ទាំងតម្លៃអចលនទ្រព្យ ពិសេសដីធ្លីនិងសំណង់បុរីលំនៅដ្ឋានបានកើនឡើងយ៉ាងព្រោងព្រាត។
ប៉ុន្តែយ៉ាងណាក្តីតម្លៃលំនៅដ្ឋាន នៅតំបន់នេះមិនទាន់ទាក់់ទាញបុរី ឬវីឡាប្រណីតដែលមានតម្លៃខ្ពស់ៗនៅឡើយ ដោយភាគច្រើនផ្ទះល្វែង ផ្ទះអាជីវកម្មនតំបន់នេះមានតម្លៃចន្លោះពី៣០,០០០ ទៅ៧០,០០០ដុល្លារអាមេរិកប៉ុណ្ណោះ ខណៈគំរោងវីឡានៅជើងភ្នំប្រសិទ្ឋរបស់លោកឧកញ៉ាហួត ជាបានលក់ក្នុងតម្លៃជាង៦០០០០ដុល្លារអាមេរិក ប៉ុន្តែតម្លៃបានកើនឡើង ក្នុងមួយរយៈចុងក្រោយនេះ ដោយសារការវិនិយោគផ្លូវកាន់តែស្អាត ចរន្តទិញលក់កើនឡើង និងតម្លៃសម្ភារៈសំណង់ចាប់ផ្តើមមានសន្ទុះផងដែរ ស្របពេលសេដ្ឋកិច្ចជាតិ ចាប់ផ្តើមដំណើរការកាន់តែប្រសើរបណ្តើរៗផងដែរ។
សហស្ថាបនិក និងជាអគ្គនាយកគេហទំព័រ Propertyarea.asia លោកយិន លាងគង់ ដែលបានតាមដានជាប់ជាប្រចាំ លើការវិវត្តន៍លើវិស័យសេដ្ឋកិច្ច និងអចលនទ្រព្យនៅកម្ពុជាបានមានប្រសាសន៍ថា ការរីកចម្រើនវិស័យអចលនទ្រព្យនៅកម្ពុជា នឹងបន្តរយៈពេលវែងតទៅទៀត ដោយសារ ទី១ សេដ្ឋកិច្ចកម្ពុជានឹងបន្តរីកចម្រើនរយៈពេលវែង ទី២ កត្តាសុខសន្តិភាព ស្ថេរភាពនយោបាយមានភាពរ៉ឹងមាំ និងអ្នកនយោបាយមានភាពចាស់ទុំ ដែលវិនិយោគិនអន្តរជាតិអាចទុកចិត្តបាន ទី៣ កម្ពុជាមានប្រជាជនវ័យក្មេងច្រើន។
ទី៤ កម្ពុជាបាននិងកំពុងស្ថិតក្នុង ក្រសែភ្នែកវិនិយោគិនអន្តរជាតិ ដោយពួកគេអាចរកផលចំណេញពីការវិនិយោគខ្ពស់ ធៀបជាមួយប្រទេសជិតខាងកម្ពុជា និងទី៥ ការវិនិយោគហេដ្ឋារចនាសម្ព័ន្ឋរបស់រដ្ឋាភិបាល បាននិងកំពុងក្លាយជាវិស័យដ៏មុនស្រួច អាទិភាព ដើម្បីរដ្ឋាភិបាលអាចរុញសេដ្ឋកិច្ចកម្ពុជា ឆ្ពោះទៅមុខក្នុងកម្រិតថ្មីមួយទៀត ទី៦ ប្រាកើចំំណូលរបស់ប្រជាពលរដ្ឋកើនឡើងជាប្រចាំ ដែលធ្វើឲ្យអំណាចនៃការទិញ ក៏ដូចជាការវិនិយោគលើវិស័យអចលនទ្រព្យកើនឡើង និងទី៧ អ្នកវិនិយោគ និងអភិវឌ្ឍន៍លើវិស័យអចលទ្រព្យកម្ពុជាកាន់តែមានភាពចាស់ទុំ។
លោកយិន លាងគង់បានបន្តថា ការរីកចម្រើនផ្នែកហេដ្ឋារចនាសម្ព័ន្ឋ កំពុងធ្វើឲ្យប្រជាពលរដ្ឋកានើតែរីករាយ ដោយសារងាយស្រួលក្នុងការធ្វើដំណើរផង និងបានធ្វើឲ្យអចលនទ្រព្យឡើងថ្លៃផង ពិសេសតំបន់ភ្នំប្រសិទ្ឋ និងតំបន់ជុំវិញមួយចំនួន ក្នុងកំពុងស្ថិតក្នុងផែនការរបស់រដ្ឋាភិបាល ក្នុងការកាត់បញ្ចូល ក្នុងដែនរដ្ឋបាលរាជធានីភ្នំពេញនាពេលខាងមុខនេះ៕