ដោយ៖ សុផារី
នាយកដ្ឋានភូមិសាស្ត្រ ក្រសួងការពារជាតិ បានប្រារព្ធពិធីបញ្ចុះបឋមសិលា បើកការដ្ឋានសាងសង់មជ្ឈមណ្ឌលផលិតផែនទី នាព្រឹកថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២១នេះ ស្ថិតក្រោមអធិបតីភាពលោក ឯល វ៉ាន់សារ៉ាត រដ្ឋលេខាធិការសួងការពារជាតិ និងលោក ចាង ជៀន (CHANG JIAN) ទីប្រឹក្សាអមស្ថានឯកអគ្គរដ្ឋទូត នៃសាធារណរដ្ឋប្រជាមានិតចិនប្រចាំព្រះរាជាណាចក្រកម្ពុជា ។
អគារមជ្ឈមណ្ឌលផលិតផែនទី ដែលជាជំនួយឧបត្ថម្ភរបស់ក្រសួងការពារជាតិ សាធារណរដ្ឋប្រជាមានិតចិននេះ សង់ឡើងអំពីថ្ម ដែលមាន៣ជាន់ តាមគម្រោងផែនការនឹងបញ្ចប់ការសាងសង់ នៅពាក់កណ្តាលឆ្នាំ២០២២ខាងមុខនេះ។
លោក ទេព ចម្រើន នាយកនាយកដ្ឋានភូមិសាស្ត្រ ក្រសួងការពារជាតិ បានមានប្រសាសន៍ថា ការបញ្ចុះបឋមសិលាថ្ងៃនេះជាសមិទ្ធផលថ្មីមួយទៀតដែលក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា ទទួលបានពីជំនួយឧបត្ថម្ភដ៏ថ្លៃថ្លារបស់ ក្រសួងការពារជាតិ សាធារណរដ្ឋប្រជាមានិតចិន អនុវត្តតាមកិច្ចព្រមព្រៀងវាស់វែងគូរផែនទី និងសេវានាំផ្លូវរវាងក្រសួងការពារជាតិកម្ពុជា និងក្រសួងការពារជាតិ សារធារណរដ្ឋប្រជាមានិតចិន ពីឆ្នាំ២០១៨កន្លងមក។
លោកបានមានប្រសាសន៍ថា “តាមពិតទៅសំណង់មជ្ឈមណ្ឌលផលិតផែនទីនេះ ត្រូវចាប់ផ្តើមដំណើរ ការសាងសង់តាំងពី ឆ្នាំ២០២០ កន្លង មកម្លេះ ប៉ុន្តែដោយបញ្ហាវិបត្តិសកលនៃជំងឺកូវីដ-១៩ ធ្វើអោយការសាងសង់ត្រូវបានពន្យាររហូតដល់ពេលនេះ។ “
លោក ឯល វ៉ាន់សារ៉ាត បានមានប្រសាសន៍បន្តថា “នេះជាមោទនភាពបំផុតរបស់នាយកដ្ឋានភូមិសាស្ត្រ ក្រសួងការពារជាតិកម្ពុជា ដែលទទួលបាននូវមជ្ឈមណ្ឌលផលិតផែនទី ដែលជាយូរយារណាស់មកហើយ កងយោធពលខេមរភូមិន្ទពុំធ្លាប់មាន។”
លោកបានបញ្ជាក់ថា ពេលស្ថិតក្រោមអាណានិគមបារាំង ឆ្នាំ១៨៩៩ រដ្ឋាភិបាលបារាំងបានបង្កើតក្រុមភូមិសាស្ត្រមួយសម្រាប់ឥណ្ឌូចិន ហើយអោយឈ្មោះថា (សេវាភូមិសាស្ត្រឥណ្ឌូចិន) ដែលស្ថិតនៅទីក្រុងដាឡាត់ អតីតវៀតណាមខាងត្បូង និងមានរោង ពុម្ពនៅទីនោះ។ លុះដល់ឆ្នាំ១៩៥៥ ក្រោយពីប្រទេសកម្ពុជា ទទួលឯករាជ្យថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ១៩៥៣ ក្រុមភូមិសាស្ត្រឥណ្ឌូចិនក៏បានរំលាយខ្លួន ហើយប្រទេសនីមួយៗបង្កើតស្ថាប័នភូមិសាស្ត្ររៀងៗខ្លួន ដោយឡែកកម្ពុជាស្ថិតក្រោមការដឹកនាំ របស់រដ្ឋមន្ត្រី ក្រសួងសេដ្ឋកិច្ចជាតិ ឈ្មោះថា ក្រុមភូមិសាស្ត្រខ្មែរ។ លុះដល់ខែមិថុនា ឆ្នាំ១៩៥៦ នាយកដ្ឋានភូមិសាស្ត្រ ផ្ទេរអោយក្រសួងការពារជាតិគ្រប់គ្រងវិញឈ្មោះថា នាយកដ្ឋានភូមិសាស្ត នៃកងយោធពលខេមរភូមិន្ទ ប៉ុន្តែមិនទាន់មានរោងពុម្ពផលិតផែនទីផ្ទាល់ខ្លួននៅឡើយទេ។
លោក ឯល វ៉ាន់សារ៉ាត បានផ្ដាំផ្ញើដល់ក្រុមវិស្វករអ្នកបច្ចេកទេសជំនាញ ត្រូវយកចិត្តទុកដាក់ធ្វើយ៉ាងណា សាងសង់អគារនេះប្រកបដោយគុណភាពរឹងមាំ អាចប្រើប្រាស់យូរអង្វែង និងសហការឱ្យបានល្អជាមួយនាយកដ្ឋានភូមិសាស្ត្រ ក្រសួងការពារជាតិ ធានាបានលទ្ធផលល្អ តាមការកំណត់នៃគម្រោងផែនការសាងសង់៕