ដោយៈ វឌ្ឍនៈ
ភ្នំពេញៈ នៅក្នុងវិបត្តិកូវីដ១៩នេះ វិស័យជាច្រើនបានរងផលប៉ះពាល់ពីវិបត្តិនេះ ក្នុងនោះដែរវិស័យអចលនទ្រព្យ ក៏បានរងផលប៉ះពាល់ពីកូវីដ១៩ដែរ ប៉ុន្តែវិនិយោគិនជាច្រើននៅតែបន្តដាក់ទុនវិនិយោគ ជាបន្តបន្ទាប់ទៅលើអចលនទ្រព្យ ដោយខ្លះក៏ជោគជ័យនិងខ្លះទៀតក៏នៅគាំង។
តើនៅក្នុងវិបត្តិកូវីដ១៩នេះ អ្នកវិនិយោគគួរតែជ្រើសរើសយក អចលនទ្រព្យប្រភេទណាដើម្បីទទួលបានប្រាក់ចំណេញ?។
លោកស្រី Grace Rachny Fong អគ្គនាយិកាក្រុមហ៊ុនអចលនទ្រព្យ Century 21 Cambodia បានមានប្រសាសន៍ថា សម្រាប់អ្នកដែលមានដៃគូ ដែលសំដៅដល់គូស្វាមីភរិយា ដែលមានប្រាក់ចំណូលពី៥០០ដុល្លារ ទៅ៧០០ដុល្លារក្នុងម្នាក់ៗ គួរវិនិយោគផ្ទះជាលក្ខណៈបុរី ។
លោកស្រីក៏បានផ្ដល់ជាគន្លឹះមួយចំនួន ដល់អ្នកវិនិយោគដំបូងទៅលើបុរី ដោយគិតទៅលើ៣ចំនុចៗ ក្នុងនោះរួមមាន ទី១ ពិនិត្យទៅមើលអ្នកអភិវឌ្ឍន៍បុរីនោះជាអ្នកណា មានកេរ្តិ៍ឈ្មោះប៉ុណ្ណា មានបទពិសោធន៍ប៉ុណ្ណា នៅក្នុងការសាងសង់បុរីលក់នៅក្នុងទីផ្សារ ។ទី២ មុននឹងសម្រេចចិត្តទិញផ្ទះនៅក្នុងបុរី ក៏ត្រូវគិតជាមុនថា តើទីតាំងនៅមានបរិយាកាសរស់នៅយ៉ាងម៉េចដែរ អាចធ្វើការប្រកបរបររកស៊ីបានដែរទេ ឬជួលបានដែរឬទេ និងទី៣ អ្នកទិញផ្ទះត្រូវសួររកប្លង់កម្មសិទ្ធិច្បាស់លាស់ ។
លោកស្រីថា “ហានិភ័យនឹងកើតមានកើតឡើងខ្ពស់ បើសិនជាអ្នកវិនិយោគថ្មីថ្មោងមិនបានគិតពីចំណុចនេះជាមុន ហើយធ្វើការវិនិយោគលឿនៗ និងមិនមានការគិតទុកជាមុន”។
លោកស្រី Grace Rachny Fong ក៏បានចែករំលែកបទពិសោធន៍ សម្រាប់ការវិនិយោគដំបូងរបស់លោកស្រីផងដែរ គឺវិនិយោគទៅលើលំនៅឋានតូចមួយ និងបានទាក់ទងទៅស្ថាប័នធនាគារ ដើម្បីយកកម្ចីមកប្រើប្រាស់ ក្នុងការវិនិយោគទិញលំនៅឋាននៅ ។តាមរយៈកិច្ចការនេះដែរ លោកស្រីក៏ចាប់ផ្ដើមមានទំនាក់ទំនង ជាមួយខាងធនាគារដើម្បី បន្តធ្វើជាដៃគូក្នុងការរកស៊ីជាបន្តបន្ទាប់ផងដែរ ។
សម្រាប់លោកច្រឹក សុខនីម ប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជាក៏បានលើកឡើងផងដែរថា មុននឹងសម្រេចចិត្តវិនិយោគអ្វីមួយ ត្រូវសួរខ្លួនឯងថាចង់ឬអត់ហើយចូលចិត្តឬអត់ ។ ការវិនិយោគអ្វីមួយ គឺអាស្រ័យលើចំណូលចិត្តនិងជំនាញរបស់វិនិយោគិនដើម្បីទទួលបានជោគជ័យក្នុងការវិនិយោគនោះ ៕