វិនិយោគិនកាន់តែច្រើនចាប់ផ្តើមវិនិយោគលើតំបន់លំហែកាយនៅក្នុងខេត្តកំពត

0

ដោយៈ វឌ្ឍនៈ

ភ្នំពេញៈ កំពតជាទីតាំងមួយដ៏មានសក្ដានុពល វិនិយោគលើអចលនទ្រព្យជាពិសេសអចលនទ្រព្យ សម្រាប់វិស័យទេសចរណ៍ ក្នុងនោះគេសង្កេតឃើញថា នៅក្នុងខេត្តកំពត ទទួលបានវិនិយោគិនជាបន្តបន្ទាប់ ចូលបណ្ដាក់ទុនវិនិយោគ លើទីតាំងលំហែកាយ ដូចជា ផ្ទះលំហែកាយ ចំការលំហែកាយនិងរីសតជាដើម។

អ្នកវិនិយោគជាច្រើននៅក្នុងខេត្តកំពត និងវិនិយោគិនជាតិមកពីភ្នំពេញ ក៏បានបង្ហា​ញគម្រោងវិនិយោគ និងត្រៀមក្នុងការបណ្ដាក់ទុនវិនិយោគ នៅក្នុងខេត្តនេះ បើទោះបីជាកម្ពុជាជួបប្រទះនឹងវិបត្តិកូវីដ១៩ក្ដី។

លោកកែវ សុជាតិប្រធានក្រុមហ៊ុនអចលនទ្រព្យ KW Cambodia ប្រចាំខេត្តកំពតក៏បានឱ្យដឹងតាមទូរស័ព្ទនារសៀលថ្ងៃទី២២ តុលាកន្លងមកថា ក្នុងមួយរយៈពេលចុងក្រោយនេះ ខេត្តកំពតហាក់ទទួលបានការអភិវឌ្ឍ ជាតំបន់លំហែច្រើនទាំងផ្ទះលំហែកាយនិងចំការលំហែជាដើម ដោយវិនិយោគិនជាតិ និងអន្តរជាតិជាច្រើនបានចូលទៅដាក់ទុនវិនិយោគ សាងសង់លំនៅឋានលំហែកាយ ក្នុងនោះយើងក៏មើលឃើញថាមានក្រុមហ៊ុនធំៗ ព្រមទាំងការសាងសង់ជាលក្ខណៈឯកជនជាច្រើនផងដែរ។

លោកបន្តថា “កត្តាទាំងនេះ បានធ្វើឱ្យសកម្មភាពទិញលក់ដីធ្លី នៅតំបន់ដែលមានសក្ដានុពល នៅតែមានហាងឆេងខ្ពស់ ដូចជា ដីនៅជាប់មាត់ព្រែកជាដើម”។លោកបន្តថា “អ្វីដែលពិសេសនោះដីធ្លីតំបន់ក្រុងបូកគោ នៃខេត្តកំពត ដែលជាក្រុងថ្មីក៏កំពុងពេញនិយមសម្រាប់ការវិនិយោគរបស់វិនិយោគិនផងដែរ”។

លោកសុខ គែន អ្នកគ្រប់គ្រងក្រុមហ៊ុនអចលនទ្រព្យ Kampot Street Real Estate ក៏បានឱ្យដឹងថា ទោះបីជាមានវិបត្តិ ដោយសារតែកូវីដ១៩នៅទូទាំងប្រទេសក្ដី តែខេត្តកំពត នៅតែទទួលបានការវិនិយោគជាបន្តបន្ទាប់ ប៉ុន្តែវាហាក់ស្ងប់ស្ងាត់បន្តិចនៅពេលមានការបិទខ្ទប់តំបន់មួយចំនួន ហើយវាក៏ត្រលប់មកធម្មតាវិញ នៅពេលរដ្ឋាភិបាលបានបញ្ចប់ការបិទខ្ទប់។

លោកបន្តថា “សកម្មភាពវិនិយោគអចលនទ្រព្យ នៅខេត្តកំពត យើងបានមានមើលឃើញថា កាន់តែមានការផុសផុលខ្លាំងឡើង ជាពិសេសទៅលើតំបន់លំហែកាយ ដោយមានក្រុមហ៊ុន និងឯកជនជាច្រើន សង់ផ្ទះសម្រាប់ទុកលំហែខ្លួនឯងផង និងសម្រា​ប់ជួលជូនភ្ញៀវទេសចរផងដែរ”។

យោងតាមរបាយការណ៍របស់ក្រសួងទេសចរណ៍ ភ្ញៀវធ្វើដំណើរកម្សាន្តកាលពីថ្ងៃឈប់សម្រាកនៅថ្ងៃបុណ្យភ្ជុំបិណ្ឌ មានចំនួនច្រើនឡើងវិញ បន្ទាប់ពីស្ងប់ស្ងាត់មួយរយៈហើយក្នុងចំណោមខេត្តទាំងអស់ របស់ប្រទេសកម្ពុជាឃើញថា ខេត្តកំពតទទួលបានភ្ញៀវទេសចរច្រើនជាងគេ បន្ទាប់មកគឺខេត្តកែប ដែលជាប់ចំណាត់លេខ២។ ការណ៍នេះ បានបង្ហាញសញ្ញាវិជ្ជមាន សម្រាប់វិនិយោគិន ក្នុងការវិនិយោគលើវិស័យសេវាកម្ម សម្រាប់គាំទ្រដល់វិស័យទេសចរណ៍៕

LEAVE A REPLY

Please enter your comment!
Please enter your name here