តម្លៃអចលនទ្រព្យនៅសឹង្ហបុរីហក់ឡើងខ្ពស់មិនធ្លាប់មាន ខណៈការលក់ផ្ទះកើនឡើង១៩,៤ភាគរយ

0

ដោយៈសុខុម

សឹង្ហបុរី: ការលក់ផ្ទះបន្តក្នុងទីផ្សារលំនៅដ្ឋាន សាធារណៈនៃប្រទេសសិង្ហបុរី បានកើនឡើង១៩,៤%ក្នុងត្រីមាសទី៣ ឆ្នាំ២០២១ បើធៀបនឹងត្រីមាសទី២។ នេះបើយោងតាមទិន្នន័យពីក្រុមប្រឹក្សាលំនៅដ្ឋាន និងអភិវឌ្ឍន៍ (HDB) ដែលត្រូវបានចេញផ្សាយកាលពីថ្ងៃសុក្រ ទី២២ តុលា។

នៅចន្លោះខែកក្កដា ដល់ខែកញ្ញា ប្រតិបត្តិការលក់ផ្ទះបន្តចំនួន៨.៤៣៣ត្រូវបានកត់ត្រា បើធៀបនឹងពាក្យស្នើសុំទិញផ្ទះចំនួន៧.០៦៣ ដែលប្រជាជនសិង្ហបុរី បានដាក់ស្នើនៅត្រីមាសទី២។ តម្លៃលក់បន្តនៅក្នុងត្រីមាសទី៣ ក៏បានហក់ឡើងផងដែរ ដោយកើនឡើង២,៩%បើធៀបនឹងត្រីមាសទី២។

ទិន្នន័យរបស់ HDB បង្ហាញថា សន្ទស្សន៍តម្លៃលក់បន្តបានកើនឡើងពី១៤៦.៤ពិន្ទុដល់១៥០.៦ពិន្ទុ បើធៀបនឹងពិន្ទុខ្ពស់បំផុតមិនធ្លាប់មាន១៤៩.៤ពិន្ទុ ដែលបានកត់ត្រាក្នុងត្រីមាសទី២ ឆ្នាំ២០១៣។

លោកស្រីChristine Sun អនុប្រធានជាន់ខ្ពស់ផ្នែកស្រាវជ្រាវ និងវិភាគនៃទីភ្នា​ក់ងារអចលនទ្រព្យ OrangeTee & Tie បានលើកឡើងថា លំនៅដ្ឋានសាធារណៈដែលជាប្រភេទលំនៅដ្ឋានរដ្ឋ សាងសង់លក់ឱ្យប្រជាជនមានប្រាក់បញ្ចូលទាប ក្នុងតម្លៃធូរថ្លៃ ហាក់មានហាងឆេងខ្ពស់។

លោកស្រីបានបន្ថែមថា ការលក់ផ្ទះដាច់ខ្លាំង បានធ្វើឱ្យតម្លៃលក់បន្តហក់ឡើងខ្ពស់កាលពីត្រីមាសមុន ហើយតម្រូវការខ្ពស់លើសពីការផ្គត់ផ្គង់នៅតំបន់ជាច្រើន ខណៈសេដ្ឋកិច្ចកំពុងងើបឡើងវិញ បូករួមជាមួយអត្រាការប្រាក់ទាបសម្រាប់កម្ចីទិញផ្ទះ ក៏បានជំរុញឱ្យតម្លៃផ្ទះហក់ឡើងខ្ពស់ផងដែរ។

ផ្អែកតាមទិន្នន័យរបស់ HDB បង្ហាញថា អាផាតម៉ិនដែលមាន៤បន្ទប់ទទួលបានការពេញនិយមបំផុត ហើយលំនៅដ្ឋានប្រភេទនេះ ត្រូវបានលក់បន្តរហូតដល់ទៅ៣.៥៩៣ប្រតិបត្តិការ នេះបើធៀបនឹង២.២៦៨ប្រតិបត្តិការ សម្រាប់អាផាតម៉ិនដែលមាន៥បន្ទប់ និង១.៨៣១ប្រតិបត្តិការសម្រាប់អាផាតម៉ិនដែលមាន៣បន្ទប់៕ CNA៕

LEAVE A REPLY

Please enter your comment!
Please enter your name here