លោកម៉ៅ ធនិន ព្យាយាមរកដំណោះស្រាយបញ្ចប់ជម្លោះដីធ្លី រវាងក្រុមហ៊ុន សេង សម្បត្តិ និងពលរដ្ឋនៅស្រុកដងទង់

0

ដោយៈ សុធារី

កំពតៈ ក្រុមប្រឹក្សាខេត្តកំពតបានបើកវេទិកាសាធារណៈ សំដៅឈានទៅបញ្ចប់ជម្លោះដីធ្លី រកភាពស្របច្បាប់ រវាងក្រុមហ៊ុន សេង សម្បត្តិ ម្ចាស់គម្រោងដីឡូបុរីដងទង់ និងប្រជាពលរដ្ឋរស់នៅក្នុងមូលដ្ឋាន ប្រមាណ៤គ្រួសារ មានទីតាំងដីនៅភូមិសុភី ឃុំស្រែជាខាងជើង ស្រុកដងទង់ ខេត្តកំពត នៅសាលាស្រុកដងទង់ នាថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២១។

វេទិកានេះ ធ្វើឡើងដោយមានការចូលរួមពីលោក ម៉ៅ ធនិន អភិបាលខេត្តកំពត និងលោកជឹង ផល្លា ប្រធានក្រុមប្រឹក្សាខេត្ត និងមានការចូលរួមពីជួរថ្នាក់ដឹកនាំ នៃមន្ត្រីរាជការ កងកម្លាំង និងអាជ្ញាធរពាក់ព័ន្ធផងដែរ។
ក្នុងអង្គវេទិកាសាធារណៈ លោក ម៉ៅ ធនិន ក្រោយពីបានជជីកសួរ និងស្តាប់ភាគីជម្លោះទាំងសងខាង លើកឡើងយ៉ាងក្បោះក្បាយរួចមក ក៏សម្រេចទទួលស្គាល់ថា ខាងម្ចាស់គម្រោងបុរី បានទិញសិទ្ធិអាស្រ័យផលជាក់ស្តែង បន្តពីពលរដ្ឋ១៩គ្រួសារ ស្មើនឹង៣០នាក់ ប៉ុន្តែការសាងសង់ជាបុរី តម្រូវឲ្យខាងក្រុមហ៊ុនសេង សម្បត្តិ គិតគូរសម្រួលទៅតាមផ្លូវច្បាប់ ចំពោះគូរជម្លោះជាប្រជាពលរដ្ឋ៤គ្រួសារ។

លោកម៉ៅ ធនិន ក៏បានបញ្ជាក់ថា តាមគោលការណ៍ដោះស្រាយមានពីរ តាមគោលការណ៍ច្បាប់ និងតាមលក្ខខ័ណ្ឌនៃក្រុមគ្រួសារតែមួយ។ គោលការណ៍គ្រួសារតែមួយ គឺជាមនុស្សដែលរស់នៅក្នុងខេត្តដូចគ្នា។ ចំណែកគោលការណ៍ច្បាប់ គឺលោកបានសម្រេចទទួលស្គាល់ខាងភាគីគម្រោងបុរីថា បានទិញសិទ្ធិអាស្រ័យផលបន្តពីប្រជាពល​រដ្ឋ១៩គ្រួសារ តែគម្រោងសាងសង់ជាបុរីនោះ លោកមិនទាន់សម្រេចឲ្យទេ រង់ចាំសិក្សាផ្លូវច្បាប់ និងការធ្វើវេទិការពិគ្រោះយោបល់ជាមួយពលរដ្ឋសិន ព្រោះការអភិវឌ្ឍគឺដើម្បីប្រជាពលរដ្ឋ មិនមែនដើម្បីបុគ្គលម្នាក់ ពីរនាក់នោះទេ។

កន្លងមក ដីទីតាំងទំនាស់រវាងគូភាគីខាងលើ អាជ្ញាធរពាក់ព័ន្ធ តាំងពីថ្នាក់ក្រោមរហូតដល់ថ្នាក់ខេត្ត បានជួយសម្របសម្រួលដោះស្រាយជាច្រើនសារ នៅមិនទាន់មានលទ្ធផលនៅឡើយទេ៕

LEAVE A REPLY

Please enter your comment!
Please enter your name here