គ្រឹះស្ថានហិរញ្ញវត្ថុនៅកម្ពុជា បង្កើនការវិនិយោគលើផ្នែកសន្តិសុខបន្ទាប់ពីហេតុការណ៍ប្លន់ធនាគារ

0

ដោយគង់ សូរិយា

ភ្នំពេញ៖ គ្រឹះស្ថានហិរញ្ញវត្ថុនានាបានអះអាងថា ស្ថាប័នរបស់ខ្លួននឹងបង្កើន​ការប្រុងប្រយ័ត្ន និងបង្កើនសន្តិសុខនៅតាមគ្រឹះស្ថានរបស់ខ្លួន បន្ទាប់ពីមានហេតុការណ៍ ប្លន់ធនាគារ RHB Indochina កាលពីថ្ងៃទី២១ សីហាកន្លងមកនេះ។

អគ្គនាយកមីក្រូហិរញ្ញវត្ថុអម្រិតលោក ជា ផល្លារិន បានមានប្រសាសន៍ឲ្យដឹងនាព្រឹកថ្ងៃទី២៤ សីហាកន្លងមកថា ព្រឹត្តិការណ៍ប្លន់ធនាគារ ដែលបានកើតឡើងកាលពីថ្ងៃទី ២៣ ខែសីហា ម្សិលម៉ិញពុំមានអ្វីប៉ះពាល់ដល់វិស័យធនាគារ ដែលផ្ដល់ជាភាពព្រួយបារម្ភដល់ប្រជាជនកម្ពុជានោះទេ។លោកបន្តថា លោកមានភាពសោកស្ដាយ ចំពោះហេតុការប្លន់ធនាគារ ដែលបានកើតឡើងកាលពីម្សិលម៉ិញនៅរាជធានីភ្នំពេញ។ ទោះបី​ជាដូចច្នេះក្ដីលោកបានបញ្ជាក់ប្រាប់ថា ហេតុការណ៍នេះគ្រាន់តែជារឿងដាច់ដោយឡែកមួយ ពុំមានអ្វីជះឥទ្ធិពលអាក្រក់ ដល់វិស័យធនាគារ ឬមីក្រូហិរញ្ញវត្ថុនៅកម្ពុជានោះទេ។

លោកបញ្ជាក់ថា “ហេតុការណ៍ម្សិលម៉ិញ មានការបាត់បង់ក្នុងទំហំទឹកប្រាក់មួយតូចប៉ុណ្ណោះ បើធៀបនឹងទ្រព្យសកម្មរបស់ធនាគារ លើសពីនេះធនាគារនីមួយៗសុទ្ធតែមាន ធានារ៉ាប់រងចំពោះគ្រោះហានីភ័យណាមួយ”។

លោកជា ផល្លារិនបានអំពាវនាវដល់ពលរដ្ឋកម្ពុជា កុំមានការព្រួយបារម្ភចំពោះការបាត់បង់ថវិការរបសខ្លួន ដែលបានដាក់តម្កល់នៅធនាគារនោះទេ។ ព្រោះ​គ្រប់ធនាគារសុទ្ធតែបានពង្រឹង នៅនិតិវិធីធ្វើការប្រចាំថ្ងៃរបស់ខ្លួន ទាំងផ្នែកកាម៉ារ៉ាសុវត្ថិភាព ការពង្រឹងសមត្ថភាពកងសន្តិសុខ ក៏ដូចជា ការសហការយ៉ាងល្អជាមួយអជ្ញាធរមានសមត្ថិកិច្ចផងដែរ។

ប្រធាននាយកប្រតិបត្តិធនាគារអេស៊ីលីដាលោកអ៊ិន ចាន់នីបានមានប្រសាសន៍ថា ធនាគារអេស៊ីលីដាបានវិនិយោគ លើប្រព័ន្ឋសុវត្ថិភាពនេះរួចហើយ ដោយបានវិនិយោគច្រើនទាំងផ្នែកធនធានមនុស្ស និងសម្ភារៈបរិក្ខានានា ព្រោះយើងមិនរង់ចាំហេតុការណ៍កើតឡើង ទើបចាប់ផ្តើមការពារនោះទេ។លោកបន្តថា ការវិនិ​យោគលើប្រព័ន្ឋសុវត្ថិភាពជារឿងចាំបាច់មួយ ហើយយើងបានគិតគូរពីបញ្ហានេះជាប់ជា​ប្រចាំ ព្រោះសុវត្ថិភាពជាផ្នែកដ៏សំខាន់មួយនៃប្រព័ន្ឋគ្រប់គ្រងរបស់យើង។

លោកបន្តថា “ហេតុការណ៍បែបនេះមិនមានអ្វីចម្លែកនោះទេ វាកើតមាននៅតាមបណ្តាប្រទេសនានានៅលើពិភពលោក ហេតុនេះអ្វីសំខាន់គឺយើងត្រូវត្រៀមបង្ការការពារជាមុន ដើម្បីការពារហានិភ័យណាមួយកើតឡើង”។លោកបន្តថា “អ្វីដែលកើតឡើងគឺយើ​ងបានត្រៀមបង្ការវារួចហើយ យើងបានប្រុងប្រយ័ត្នជាមុនរួចហើយ”៕

LEAVE A REPLY

Please enter your comment!
Please enter your name here