ដោយៈសុខុម
ភ្នំពេញ: ក្រុមហ៊ុន Facebook បានប្រកាសកាលពីថ្ងៃព្រហស្បតិ៍ ទី២៨ តុលា ថា ខ្លួនបានប្ដូរឈ្មោះរបស់ខ្លួនទៅជា Meta ឬ “មេត្តា” ជាផ្លូវការហើយ ដោយបញ្ជាក់ថា ការប្ដូរឈ្មោះថ្មីនេះ សម្រាប់តែក្រុមហ៊ុនមេប៉ុណ្ណោះ ចំណែកឯ Platform នីមួយៗរបស់ខ្លួនដូចជា Facebook, Instagram និង WhatsApp ដែលយើងប្រើប្រាស់រាល់ថ្ងៃគឺរក្សាទុកឈ្មោះចាស់ដដែល។

-->
អ្វីដែលជាការកត់សម្គាល់ឃើញថា ភ្លាមៗក្រោយពីដំណឹងនៃការដូរឈ្មោះរបស់ក្រុមហ៊ុន Facebook ត្រូវបានប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុក យកមកចុះផ្សាយបន្ត ស្រាប់តែមហាជនផ្ទុះការជជែកវែងញែក ពេញបណ្ដាញទំនាក់ទំនងសង្គម ជុំវិញឈ្មោះថ្មី Meta ឬ “មេត្តា” របស់ក្រុមហ៊ុននេះ។
ការជជែកដេញដោលយ៉ាងផុសផុលនេះ គឺដោយសារអ្នកនិយមប្រើប្រាស់បណ្ដាញសង្គមជាច្រើនយល់ថា ឈ្មោះថ្មី Meta របស់ក្រុមហ៊ុន Facebook គឺស្រដៀងនឹងអក្សរឡាតាំងសំនៀងខ្មែរ គឺ “មេត្តា” ដែលក្នុងវចនានុក្រុមសម្ដេចព្រះសង្ឃរាជ ជួន ណាត មានន័យថា “មេត្រី, សេចក្ដីរាប់រក, សេចក្ដីរាប់អានគ្នា, សេចក្ដីប្រណី, បំណងចង់ឱ្យអ្នកដទៃបានសេចក្ដីសុខ-ចម្រើនដូចខ្លួនដែរ”។
បណ្ដាអ្នកនិយមប្រើប្រាស់បណ្ដាញសង្គម បានចែករំលែកដំណឹងនេះ ឬសូម្បីប ង្ហោះ Status លើគណនីហ្វេសប៊ុក របស់ខ្លួនព្រោងព្រាតដើម្បីសម្ដែងការសាទរ ឬក្នុងន័យលេងសើចជាដើម។ តួយ៉ាងគណនីហ្វេសប៊ុក មួយដែលមានឈ្មោះថា SV Dee Cambodia បានសរសេរបង្ហោះកាលពីថ្ងៃទី២៩ តុលា ថា “Facebook ប្ដូរឈ្មោះទៅជា “មេត្តា” Amazon ប្ដូរឈ្មោះទៅជា “ករុណា”? Apple ប្ដូរឈ្មោះទៅជា “មុទិតា”? Google ប្ដូរឈ្មោះទៅជា “ឧបេក្ខា”?”។
គណនីហ្វេសប៊ុក ខ្លះទៀតក៏បានសរសេរបង្ហោះស្រដៀងគ្នានេះដែរថា ក្រុមហ៊ុន Facebook បានប្ដូរឈ្មោះថ្មី “មេត្តា” ហើយ គឺនៅតែឈ្មោះ “ករុណា” “មុទិតា” និង “ឧបេក្ខា” ទៀតប៉ុណ្ណោះ។
ទន្ទឹមនេះ សូម្បីព្រះសង្ឃល្បីល្បាញមួយព្រះអង្គព្រះនាម ហាក់ សៀងហៃ ក៏បានសរសេរបង្ហោះជុំវិញ ការប្ដូរឈ្មោះរបស់ក្រុមហ៊ុនFacebook លើគណនីហ្វេសប៊ុក ឈ្មោះ Hak Sienghai របស់ព្រះអង្គ និងត្រូវបានអង្គការរបស់ព្រះសង្ឃអង្គឈ្មោះ “អង្គការពុទ្ធសាសនាដើម្បីការអប់រំនៃកម្ពុជា” (Buddhism for Education of Cambodia(BEC)) បង្ហោះចែករំលែកយ៉ាងទូលាយកាលពីថ្ងៃទី២៩ តុលា លើទំព័រហ្វេសប៊ុករបស់ខ្លួនផងដែរ។
នៅក្នុងផូស (Post) អមដោយរូបភាព Screenshot ដែលបង្ហាញពីលោក Mark Zuckerberg នាយកប្រតិបត្តិក្រុមហ៊ុន Facebook សរសេរបង្ហោះលើគណនីហ្វេសប៊ុក របស់ខ្លួនក្នុងថ្ងៃដដែលថា “Hello, Meta” ឬ “សួស្ដ មេត្តា”។
ព្រះអង្គ ហាក់ សៀងហៃ ដែលត្រូវបានតែងតាំងជាទីប្រឹក្សារបស់ក្រុមប្រឹក្សាជាតិភាសាខ្មែរ នៃរាជបណ្ឌិត្យសភាកម្ពុជា បានសរសេរនៅក្នុងផូសនោះថា “ក្រុមហ៊ុនហ្វេសប៊ុក បានដូរឈ្មោះថ្មីថា “មេតា (Meta) ឬអាចនិយាយបានថា មេត្តា (Metta) ជាន័យដែលអាត្មាភាពយកជាគតិដាស់តឿន។ ដូចនេះ ញាតិញោមទាំងឡាយ គប្បីមានមេត្តាស្រឡាញ់រាប់អានគ្នា កុំជេរប្រមាថគ្នាអីណា កុំឱ្យខ្មាសក្រុមហ៊ុនអាម៉េរិក ដាក់ឈ្មោះសុទ្ធតែ មេតា ដែលមានសំនៀងអានប្រហាក់ប្រហែលនឹង មេត្តា”។
ដូចនេះ តើឈ្មោះថ្មី Meta របស់ក្រុមហ៊ុន Facebook មានន័យបែបណាឱ្យប្រាកដ?
យោងតាមសារព័ត៌មាន CNBC ដែលបានចុះផ្សាយកាលពីថ្ងៃទី២៨ តុលា ឱ្យដឹងថា ឈ្មោះ Meta នេះគឺមានប្រភពមកពីភាសាក្រិក ដែលមានន័យថា “Beyond” ដែលភាសាខ្មែរ មានន័យថា “លើសពី ឬ ហួសពី”។
ការប្ដូរឈ្មោះថ្មីនេះឆ្លុះបញ្ចាំងថា ក្រុមហ៊ុនយក្សមួយនេះមានមហិច្ឆតា កាន់តែធំជាមួយនឹងគម្រោងពង្រីកអាជីវកម្មឱ្យ “លើសពី” បណ្ដាញទំនាក់ទំនាក់ទំនងសង្គម តួយ៉ាងដូចគម្រោងបង្កើតពិភពនិម្មិត Metaverse ជាដើម៕