ដោយ៖ ដែន ចែងចាំង
ភ្នំពេញ៖ អគ្គនាយកនៃអគ្គនាយកដ្ឋានឧស្សាហកម្មហិរញ្ញវត្ថុ បានថ្លែងថា ការផ្តល់កម្ចីឥណទាន សម្រាប់សហគ្រាសធុនតូច និងមធ្យម (SME) ក្នុងវិស័យឯកជន គឺជាការរួមចំនែក ដល់ការរីកចម្រើនលើវិស័យសេដ្ឋកិច្ច និងការបង្កើតការងារថ្មីៗ ជាច្រើនបន្ថែមទៀត។
ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយក នៃអគ្គនាយកដ្ឋានឧស្សាហកម្មហិរញ្ញវត្ថុ លោកម៉ី វ៉ាន់បានថ្លែងលើកឡើងនៅក្នុងសិក្ខាសាលាស្តីពីបទពិសោធន៍គម្រោងធានាឥណទាន នៅប្រទេសជប៉ុន នៅព្រឹកថ្ងៃនេះថា ទាក់ទិននឹងស្ថាប័នហិរញ្ញវត្ថុនៅកម្ពុជា គឺគ្រប់ស្ថាប័នទាំងអស់ មិនអាចធ្វើការផ្តល់ហិរញ្ញវត្ថុ សម្រាប់ការពង្រីកវិស័យសហគ្រាសធុនតូច និងមធ្យមបានច្រើននោះឡើយ ព្រោះអ្នកកម្ចីទាំងនោះខ្វះលទ្ធភាពក្នុងការដាក់របោះបញ្ចាំ ដើម្បីធានាដក់ការកម្ចីយកទុនមកប្រើប្រាស់។
-->

លោកបន្តថា “ការផ្តល់ឥណទានកម្ចីសម្រាប់វិស័យ SME ប្រសិនបើរាជរដ្ឋាភិបាលកម្ពុជា ធ្វើការធានាទៅដល់ស្ថាប័នផ្តល់ប្រាក់កម្ចីទាំងអស់ ច្បាស់ជា SME ក្នុងវិស័យឯកជន មកខ្ចីហិរញ្ញវត្ថុជាច្រើន ដើម្បីអភិវឌ្ឍន៍នៅក្នុងវិស័យនេះ។លោកបន្តថា «SME នឹងជាផ្នែកមួយចូលរួមចំណែកដល់ការរីកចម្រើន លើវិស័យសេដ្ឋកិច្ច និងការបង្កើតការងារធ្វើថ្មីៗជាច្រើនបន្ថែមទៀត»។
នាយករងស្តីទីនៃសមាគមធនាគារកម្ពុជា លោកលោកឆារស៍ វ៉ាន់បានលើកលើកឡើងថា សម្រាប់គម្រោងផ្តល់ប្រាក់កម្ចី សម្រាប់សហគ្រាសធុនតូច និងមធ្យមក្នុងវិស័យឯកជន គឺជាគម្រោងមួយល្អ និងចាំបាច់ដើម្បីជួយទៅ ដល់ក្រុមអាជីវករ ជាពិសេសវិស័យស្រូវ អង្ករ និងការជួយទៅដល់កសិករផងដែរ ។ ចំពោះបញ្ហានេះអ្វីដែលខាងធានាគារ មិនទាន់ហ៊ានផ្តល់ប្រាក់កម្ចី គឺការខ្វះទ្រព្យបញ្ចាំប៉ុណ្ណោះ ដែលជាហេតុធ្វើឲ្យខាងធានាគារទម្លាក់ទុននៅមានកម្រិត ដូច្នេះទាល់តែមានការធានាពីរាជរដ្ឋាភិបាល ទើបការផ្តល់ប្រាក់កម្ចីប្រព្រឹត្តទៅដោយរលូន។
សិក្ខាសាលាសាលាស្តីពី បទពិសោធន៍គម្រោងធានាឥណទាននៅប្រទេសជប៉ុន មានគោលបំណង ដើម្បីចែករំលែកបទពិសោធន៍ស្តីពី គម្រោងធានាឥណទាន ដែលជាឧបករណ៍ហិរញ្ញវត្ថុមួយយ៉ាងសំខាន់ និងជាធាតុចូលមួយយ៉ាងសំខាន់ផងដែរ ក្នុងការទទួលបានហិរញ្ញប្បទាន សម្រាប់ការអភិវឌ្ឍន៍វិស័យសហគ្រាសធុនតូច និងមធ្យម៕