ដោយៈគង់ សូរិយា
ភ្នំពេញៈ មន្រ្តីមូលដ្ឋានបានបង្ហើបឲ្យដឹងថា ក្រុមហ៊ុនលំដាប់យក្ស Prince Holding Group ដែលបានបោះទុនវិនិយោគរាប់ពាន់លានដុល្លារនៅកម្ពុជា បានទិញដីជាង២០០ហិកតា នៅជាយក្រុងសៀមរាបទុករួចហើយ។
មន្រ្តីមូលដ្ឋាន បានមានប្រសាសន៍ឲ្យដឹងកាលពីចុងសប្តាហ៍មុនថា ក្រុមហ៊ុនចិនដ៏ធំនេះបានទិញដី សម្រាប់គម្រោងរបស់ខ្លួននៅខេត្តសៀមរាបរួចហើយ ប៉ុន្តែលោកមិនបញ្ជាក់ថា តើក្រុមហ៊ុននេះនឹងរៀបចំផែនការអភិវឌ្ឈន៍លើដីនេះ ក្នុងទម្រង់បែបណានៅឡើយទេ។
លោកបន្តថា “ក្រុមហ៊ុននេះបានទិញដីទុក សម្រាប់គំរោងរបស់ខ្លួននាពេលអនាគត ដែលគំរោងនេះស្ថិតនៅលើផ្លូវហាយវេ តភ្ជាប់ពីព្រលានយន្តហោះ មកកាន់ក្រុងសៀមរាប”។ លោកបន្តថា “ក្រុងសៀមរាបកំពុងមានវិសាលភាព និងសក្តានុពលរីកទៅកាន់ទិសខាងកើតក្រុង ដោយសារជាតំបន់ដែលអាចពង្រីកមិន និងមិនសូវជាប់ដីអភិរក្សរបស់អាជ្ញាធរអប្សរា”។
មន្រ្តីមូលដ្ឋាន បានបន្តថា បើគិតទៅទិសបីទៀតនៃក្រុងសៀមរាប ជាតំបន់ដែលពិបាកក្នុងការពង្រីក ដោយសារជាប់តំបន់អង្គរ ដែលអភិរក្សដោយអាជ្ញាធរអប្សរា និងតំបន់មួយចំនួនស្ថិតនៅជាប់បឹងទន្លេសាប។
ក្រុងសៀមរាបបាននិងកំពុងរីកសក្តានុពល ដោយសារការវិនិយោគសាងសង់ហេដ្ឋារចនាសម្ព័ន្ឋរបស់រដ្ឋាភិបាលចំនួន៣៨ខ្សែ និងមួយផ្នែកដ៏សំខាន់ទៀតគឺសក្តានុពលរបស់វិស័យទេសចរណ៍ ដែលធ្វើឲ្យទីក្រុងនេះ ទាក់ទាញភ្ញៀវទេសសចរណ៍ជាតិ អន្តរជាតិរាប់លាននាក់ក្នុងមួយឆ្នាំៗ ពិសេសពេលបញ្ចប់ជំងឺកូវីដ១៩ ចំនួនភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិនឹងបន្តកើនឡើងវិញ ស្របពេលផែនការមេ អភិវឌ្ឍន៍វិស័យទេសចរណ៍របស់រដ្ឋាភិបាលសម្រាប់ឆ្នាំ២០២៣ ២០៣៨ បាននិងកំពុងពង្រីកសក្តានុពលខេត្តនេះកាន់តែរីកចម្រើននាពេលអនាគត៕