ដោយ៖ វឌ្ឍនៈ
ភ្នំពេញ៖ បទពិសោធន៍នៃការបិទខ្ទប់រាជធានីភ្នំពេញនិងក្រុងតាខ្មៅធ្វើឱ្យប្រជាជនរស់នៅតំបន់ទាំងនេះទទួលរងនូវសម្ពាធផ្លូវចិត្ត ស្ត្រេស ដោយសារតែការមិនអនុញ្ញាតឱ្យចេញធ្វើដំណើរក្រៅផ្ទះបានកន្លងមក សូម្បីតែចេញក្រៅដើម្បីរត់ហាត់ប្រាណក៏ត្រូវបានហាមឃាត់។ បទពិសោធន៍នេះបានធ្វើឱ្យអ្នកដែលមានលទ្ធភាពចង់បានផ្ទះលំហែឬក៏ដីលំហែកាយដើម្បីទុកសម្រាកលំហែជាលក្ខណៈគ្រួសារ។
លោកស៊ឹម ស៊ីសាវុត្ថារ៉ា នាយកប្រតិបត្តិក្រុមហ៊ុន Zillion Trust Plc បានឱ្យដឹងថា នៅអំឡុងពេលនៃការផ្ទុះកូវីដ១៩នេះ យើងបានសង្កេតឃើញថា និន្នាការនៃការអភិវឌ្ឍផ្ទះលំហែកាយ ក៏ដូចជាដីលំហែកាយចាប់ផ្ដើមមានសកម្មភាពខ្លាំងឡើង។ ក្នុងនោះ អ្នកអភិវឌ្ឍន៍ដីធ្លីមួយចំនួនបានចាប់ផ្ដើមងាកទៅពុះដីឡូត៏ជាលក្ខណៈលំហែ ដោយពួកគេបានដាំជាដំណាំផ្សេងៗនៅក្នុងដីឡូតិ៍និងពង្រីកទំហំដីឡូតិ៍នោះកាន់តែធំជាងមុន ពី៥គុណ២០ម៉ែត្រទៅ១០គុណ៣០ម៉ែត្រជាដើម។
លោកបន្តថា នៅក្នុងវិបត្តិកូវីដ១៩ ការវិនិយោគអចលនទ្រព្យនៅកម្ពុជាភាគច្រើនគឺជាអ្នកវិនិយោគក្នុងស្រុក ដោយវិនិយោគិនបរទេសបានថមថយសកម្មភាពមួយចំនួន ព្រោះតែការរឹតបន្តឹងការធ្វើដំណើររបស់ប្រទេសមួយចំនួន និងការតម្រូវឱ្យធ្វើចត្តាឡីស័កផងដែរ។
លោកឌិន សុមេធារឹទ្ធ ម្ចាស់គម្រោងលំហែកាយភូមិផ្កាត្រកួន បានឱ្យដឹងថា នៅក្នុងអំឡុងពេលនៃការបិទខ្ទប់ ប្រជាពលរដ្ឋដែលបានទិញដីនៅក្នុងគម្រោងភូមិផ្កាត្រកួន បាននាំគ្នាទៅសង់ផ្ទះ ដាំបន្លែនៅក្នុងនោះនិងរស់នៅជាលក្ខណៈគ្រួសារ ដែលអាចគេចពីជំងឺកូវីដ១៩ផងដែរ។ ចំណែកអ្នកដែលបានសង់ផ្ទះរួចហើយ ក៏បាននាំក្រុមគ្រួសារមកស្នាក់នៅក្នុងភូមិផ្កាត្រកួននិងដាំបន្លែបង្កា ដែលគេចឆ្ងាយពីកូវីដ១៩។
លោក ច្រឹក សុខនីម ប្រធានសមាគមអ្នកវាយតម្លៃនិងភ្នាក់ងារអចលនវត្ថុកម្ពុជា ក៏បានលើកឡើងពាក់ព័ន្ធនឹងការអភិវឌ្ឍលំនៅដ្ឋានលំហែកាយនៅក្នុងប្រទេសកម្ពុជាផងដែរ។
លោកបានមានប្រសាសន៍ថា បច្ចុប្បន្ននេះការអភិវឌ្ឍលំនៅដ្ឋានលំហែកាយនៅក្នុងប្រទេសកម្ពុជា បានចាប់ផ្ដើមសកម្មភាពជាបន្តបន្ទាប់ហើយផងដែរ ជាពិសេសនៅខេត្តដែលមានសក្ដានុពលទេសចរណ៍ខ្ពស់ ដូចជាខេត្តកំពត កែប និងមណ្ឌលគីរីជាដើម។
លោកបន្តថា នៅពេលប្រជាជនកាន់តែមានជីវភាពធូរធា តម្រូវការផ្ទះទី២ឬលំនៅឋានលំហែកាយនឹងកាន់តែមានច្រើនឡើង ហើយខេត្តដែលមានតំបន់ទេសចរណ៍ និងនៅជិតភ្នំពេញនឹងមានសក្ដានុពលខ្ពស់លើការអភិវឌ្ឍលំនៅឋានលំហែកាយនេះ។ ក្នុងនោះកំពតនិងកែបគឺជាខេត្តដែលមានសក្ដានុពលខ្ពស់មួយ ដោយសារតែតំបន់នេះមានរមណីយដ្ឋានច្រើន និងនៅជិតភ្នំពេញ ជាពិសេសផ្លូវទៅកាន់តំបន់នេះក៏បានសាងសង់យ៉ាងស្អាតផងដែរ ៕