ដោយៈស៊ីវ ម៉េង
ភ្នំពេញៈ ឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ារដ្ឋមន្រ្តីក្រសូងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់បានជំរុញឱ្យអង្គភាពសាងសង់ទាំងអស់ ខិតខំប្រឹងប្រែងបញ្ចប់គម្រោងសាងសង់នេះឱ្យបានត្រឹមថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២១ ឱ្យត្រូវនឹងថ្ងៃបញ្ចប់សង្គ្រាមរ៉ាំរ៉ៃនៅកម្ពុជា ដើម្បីតបស្នងសងគុណជូនចំពោះសម្ដេចតេជោនាយករដ្ឋមន្ត្រី។
លោកឧបនាយករដ្ឋមន្រ្តីបានមានប្រសាសន៍បែបនេះ ក្នុងពេលលោកអមដំណើរសម្តេចពិជ័យសេនាទៀ បាញ់ ឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្រ្តីក្រសូងការពារជាតិ ដែលបានចុះពិនិត្យការដ្ឋានសាងសង់ផ្លួវចំនូន៣៨ខ្សែ និងការកែលំអរស្ទឹងសៀមរាបកាលពីចុងសប្តាហ៍មុន។
លោកបន្តថា “វាជាថ្ងៃចងចាំមិនអាចបំភ្លេចបាន និងបានស្នើឱ្យអាជ្ញាធរខេត្ត ក៏ដូចជាបងប្អូនប្រជាពលរដ្ឋ ដែលរស់នៅតាមដងផ្លូវ៣៨ខ្សែ ចូលរួមដាំស្មៅបន្ថែម ដើម្បីបង្កើនសោភ័ណភាពដងផ្លូវ និងចូលរួមចំណែកថែរក្សា ដើម្បីកែប្រែមុខមាត់ទីក្រុង យើងដើម្បីទទួលភ្ញៀវទេសចរនៅពេលខាងមុខនេះ”។
បន្ថែមពីលើនេះ លោកឧបនាយករដ្ឋមន្ត្រី បានស្នើឱ្យមន្ទីរជុំវិញខេត្តរួមមាន មន្ទីរសាធារណការ និងដឹកជញ្ជូន មន្ទីររៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងមន្ទីរពាក់ព័ន្ធផ្សេងទៀត ជួយសម្រប សម្រួលបញ្ហានេះជាមួយប្រជាពលរដ្ឋ ដើម្បីឱ្យគាត់បានចូលរួមសកម្មភាពនេះ និងបានស្នើឱ្យអាជ្ញាធរខេត្តបង់ជូនប្រជាពលរដ្ឋវិញ នូវសេវាតភ្ជាប់តំណលូឱ្យបានគ្រប់ចំនួន១០០% ដែលពួកគាត់បានបង់ជូន សម្រាប់ការតភ្ជាប់តំណលូពីផ្ទះគាត់ទៅកាន់ប្រព័ន្ធលូមេកន្លងមក ដោយសារយើងបានទទួលការអនុម័ត ជាគោលការណ៍ពីសម្ដេចនាយករដ្ឋមន្ត្រីតេជោរួចហើយ។
ថ្លែងក្នុងមតិស្វាគមន៍នៅពេលចាប់ផ្តើមកិច្ចប្រជុំ សម្ដេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ បានគូសបញ្ជាក់ពីទឹកចិត្តដ៏ថ្លៃថ្លារបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដែលបានយកចិត្តទុកដាក់ ជួយសម្រួលដល់ការតភ្ជាប់ប្រព័ន្ធលូទឹកភ្លៀង និងទឹកកខ្វក់ពីខ្នងផ្ទះរបស់ប្រជាពលរដ្ឋ មកកាន់ប្រព័ន្ធលូមេដោយឥតគិតថ្លៃ តាមរយៈគណៈកម្មការអន្តរក្រសួង៕