គំរោងស្ពានធំៗចំនួន៥ដែលគ្រោងសាងសង់នាពេលខាងមុខ តើស្ពានមួយណានឹងលេចរូបរាងមុនគេ

0

ដោយៈគង់ សិរីជេស៊ីកា

ភ្នំពេញៈ ការវិនិយោគលើហេដ្ឋារចនាសម្ព័ន្ឋ បាននិងកំពុងបន្តជាផែនការអាទិភាពរបស់រដ្ឋាភិបាលកម្ពុជា ដើម្បីជម្រុញកំនើនសេដ្ឋកិច្ចជាតិ ក៏៏ដូចជារត់ប្រណាំងជាមួយប្រទេសក្នុងតំបន់ផង និងសមាហរណកម្មសេដ្ឋកិច្ចកម្ពុជាផ្ទៃក្នុងផង។

ដោយហេតុនេះ ទើបនៅឆ្នាំ២០២២ខាងមុខ គំរោងហេដ្ឋារចនាសម្ព័ន្ឋចំនួន៦របស់រដ្ឋាភិបាល ស្ថិតក្នុងផែនការអាទិភាពដែលត្រូវខ្ចិកម្ចីពីដៃគូអភិវឌ្ឍន៍នានា។

តាមផែនការរបស់រដ្ឋាភិបាល ដែលមានក្រសួងសាធារណៈការ និងដឹកជញ្ជូនជាសេនាធិការបានឲ្យដឹងថា រដ្ឋាភិបាលគ្រោងនឹងបើកការដ្ឋាន សាងសង់ស្ពានឆ្លងកាត់ទន្លេមេគង្គ ខេត្តក្រចេះនាពេលខាងមុខ ដោយរង់ចាំតែកាលវិភាគរបស់សម្តេចតេជោនាយករដ្ឋមន្រ្តីនៃកម្ពុជា ព្រោះស្ពាននេះបានសិក្សាបញ្ចប់រួចហើយ។

ជាមួយគ្នានេះ រដ្ឋាភិបាលនឹងសាងសង់ស្ពានឆ្លងកាត់ទន្លេសាប តភ្ជាប់ពីក្រុងកំពង់ឆ្នាំង ទៅកាន់ស្រុកកំពង់លែង និងតភ្ជាប់ទៅកាន់ខេត្តកំពង់ធំផងដែរ ដែលស្ពាននេះបានសិក្សាបញ្ចប់ហើយ និងបានដាក់សំណើរស្នើសុំជំនួយ ពីរដ្ឋាភិបាលចិនរួចផថងដែរ ប៉ុន្តែតើភាគីចិន ជួយផ្តល់កម្ចីបែបឥណទានសម្បទាននៅពេលណា មិនទាន់មានការបញ្ជាក់ ឲ្យដឹងពីក្រុមមន្រ្តីនៅឡើយទេ។

ស្ពាននេះពេលសាងសង់ចប់ នឹងអាចក្លាយជាស្ពានវែងជាងគេនៅកម្ពុជា ដោយមានប្រវែងប្រមាណជិត ៣០០០ម៉ែត្រ។

ចំណែកស្ពានតភ្ជាប់ពីតំបន់ក្តីតាកុយ ផ្លូចជាតិលេខ១ ទៅតំបន់អារិយក្សត្រ មិនទាន់មានការសិក្សា និងប្រកាសជាផ្លួវការថាបញ្ចប់ការសិក្សឬយ៉ាងណាឡើយ ដោយគ្រាន់តែមានការបង្ហើបពីលោកទេសរដ្ឋមន្រ្តីស៊ុន ចាន់ថុល រដ្ឋមន្រ្តីសាធារណៈការ និងដឹកជញ្ជូនកាលពីពេលថ្មីៗនេះថា គំរោងសាងសង់និងពង្រីកបន្ថែមផ្លូវក្រវ៉ាត់់ក្រុងទី៣នាពេលខាងមុខ នឹងមានការសាងសង់ស្ពានពីក្តីតាកុយ ទៅអរិយក្សត្រ និងស្ពានតភ្ជាប់ពីតំបន់កោះដាច់ មកកាន់ផ្លូវជាតិលេខ៦អាផងដែរ។

ចំណែកស្ពានតភ្ជាប់តំបន់ជ្រោយចង្វារ ទៅកាន់តំបន់ស្វាយជ្រុំ បាននិងកំពុងស្ថិតក្នុងការសិក្សាកម្រិតបឋមរបស់អ្នកជំនាញការកូរ៉េ និងកម្ពុជាបណ្តើរៗហើយ ដើម្បីរកទីតាំងសាងសង់ និងទំហំនៃការចំណាយជាក់ស្តែង។ នេះបើតាមការបញ្ជាក់ឲ្យដឹងពីលោកវ៉ាស៊ីម សូរិយាអ្នកនាំពាក្យ និងជាអនុរដ្ឋលេខាធិការក្រសួងសាធារណៈការ និងដឹកជញ្ជូន។

លោកបានបន្តថា ក្នុងចំណោមស្ពានធំៗខាងលើ និងរវាងស្ពានតភ្ជាប់ពីក្រុងក្រចេះ ទៅកាន់ខេត្តកំពង់ធំ និងស្ពានឆ្លងកាត់ទន្លេសាប ក្នុងខេត្តកំពង់ឆ្នាំង តាមផែនការគឺស្ពាន​ឆ្លងកាត់ទន្លេមេគង្គ ក្នុងខេត្តក្រចេះនឹងលេចរូបរាងមុនមិនខាន។

សម្តេចតេជោហ៊ុន សែននាយករដ្ឋមន្រ្តីនៃកម្ពុជាកាលពីពេលថ្មីៗនេះបានបង្ហើបថា រដ្ឋាភិបាលគ្រោងសាងសង់ស្ពានធំៗ ឆ្លងកាត់ទនហលេមេគង្គចំនួន៥ទៀត នាពេលខាងមុខនេះ៕

LEAVE A REPLY

Please enter your comment!
Please enter your name here