ដោយៈវឌ្ឈនៈ
ភ្នំពេញៈ បន្ទាប់ពីប្រមុខរាជរដ្ឋាភិបាលកម្ពុជា ប្រកាសបើកឱ្យវិនិយោគិននិងទេសចរអន្តរជាតិ ដែលចាក់វ៉ាក់សាំងប្រឆាំងកូវីដ១៩រួចរាល់ចូលមកកម្ពុជា ដោយមិនបាច់ធ្វើចត្តាឡីស័ក អ្នកវិនិយោគិននិងអ្នកជំនាញអចលនទ្រព្យ ក្នុងស្រុករំពឹងថា ទីផ្សារខុនដូ នឹងវិលត្រលប់ទៅរកស្ថានភាពដូចដើមឡើងវិញ។
លោកនាក់ សមសែន អគ្គនាយកក្រុមហ៊ុនអចលនទ្រព្យ RENT KH បានលើកឡើងកាលពីពេលថ្មីៗនេះថា តម្លៃជួលទាំងខុនដូ និងអាផាតមិន បានថមថយប្រហែល៥ភាគរយ ទៅ១០ភាគរយ ក្នុងអំឡុងពេលកំពុងផ្ទុះកូវីដ-១៩។
លោកថា “មុនពេលផ្ទុះកូវីដ តម្លៃជួលខុនដូ និងអាផាតមិន អាចជួលក្នុងតម្លៃជាមធ្យម ៦០០ដុល្លារអាមេរិក ទៅ៧០០ដុល្លារអាមេរិក សម្រាប់បន្ទប់គេងគ្រែ១ និងបន្ទប់គេងគ្រែ២ដាក់ជួលជាមធ្យម១២០០ ទៅ១៣០០ ដុល្លារក្នុងមួយខែ។ ប៉ុន្តែសម្រាប់ស្ថានបច្ចុប្បន្នម្ចាស់ខុនដូ និងអាផាតមិន មួយចំនួនបានដាក់តម្លៃជួល ដូចមុនពេលផ្ទុះកូវីដ-១៩ វិញ”។
លោកបន្តថា នៅពេលឆាប់ៗខាងមុខនេះ ទីផ្សារខុនដូនៅកម្ពុជានឹងវិលត្រលប់ទៅរកដើមវិញ និងអាចមានទីផ្សារខ្លាំងជាងមុនកូវីដ១៩ ទៅទៀត ដូច្នេះតម្រូវការខុនដូ និងអាផាត់មិននៅកម្ពុជា នឹងកាន់តែមានច្រើនឡើង ដោយក្នុងនោះយើងមើលឃើញថាប្រជាពលរដ្ឋកម្ពុជាកាន់តែច្រើន បានផ្លាស់ប្តូរពីការរស់នៅក្នុងផ្ទះល្វែងរឺវីឡា ផ្ទះជាប់ដីទៅជាការរស់នៅក្នុងខុនដូ ឬអាផាត់មិនដែលជាអគារសហកម្មសិទ្ធិវិញ ។
លោកបន្ថែមថា នៅពេលរាជរដ្ឋាភិបាល ប្រកាសបើកប្រទេសឡើងវិញ និងអនុញ្ញាតឱ្យអ្នកដំណើរបរទេស ចូលមដោយមិនធ្វើចត្តាឡីស័ក រំពឹងថាវិនិយោគិននិងទេសចរបរទេសនឹងចូលមកម្ពុជាជាថ្មី ហើយពេលនោះ តម្រូវការជួលខុនដូ អាផាត់មិននៅកម្ពុជានឹងមានកំនើនខ្ពស់ឡើងវិញ ។
ជាមួយគ្នានេះ លោកច្រឹក សុខនីមប្រធានសមាគមអ្នកវាយតម្លៃនិងភ្នាក់ងារអចលនវត្ថុកម្ពុជាបានមានប្រសាសន៍កន្លងមកថា លោករំពឹងដូចគ្នាថា វិស័យអចលនទ្រព្យនៅកម្ពុជានឹងមានសន្ទុះងើបឡើងវិញ ហើយខ្លាំងជាមុនពេលមានកូវីដ១៩ទៅទៀត ។ គម្រោងមួយចំនួន ត្រូវបានផ្អាកសកម្មនៅក្នុងវិបត្តិកូវីដ ហើយនៅពេលចប់កូវីដ១៩ឬពេលកូវីដ១៩បានធូរស្រាល គម្រោងទាំងនោះនឹងចាប់ផ្ដើមឡើងវិញ ហើយគម្រោងថ្មីៗជាច្រើនទៀតក៏នឹងផ្ដើមអនុវត្តន៍ដូចគ្នាផងដែរ៕