ដោយៈគង់ សូរិយា
ភ្នំពេញៈ រដ្ឋបាលរាជធានីភ្នំពេញ គ្រោងសាងសង់រោងចក្រលិតទឹកស្អាតថ្មីមួយ ដើម្បីឆ្លើ់យតបនឹងតម្រូវការទឹកស្អាត ដែលកើនឡើងនៅបំពេញតម្រូវការនៅតំបន់ជាយក្រុងមួយចំនួន ដែលមិនទាន់មានទឹកស្អាតប្រើប្រាស់នៅឡើយ។
អភិបាលរាជធានីភ្នំពេញ លោកឃួង ស្រេងបានបើកកិច្ចប្រជុំជាមួយលោកសូ ណារ៉ូអគ្គនាយករដ្ឋករទឹកស្វបយ័តក្រុងភ្នំពេញកាលពីថ្ងៃទី១៦ វិច្ឆិកាកន្លងមកនេះ និងបានស្នើឱ្យរដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញពិចារណា សាងសង់រោងចក្រផលិតទឹកស្អាតថ្មីមួយកន្លែងទៀត នៅលើស្ទឹងព្រែកត្នោត ភាគខាងលិចរាជធានីភ្នំពេញ ដើម្បីបង្កើនការផ្គត់ផ្គង់ទឹកស្អាត ដល់ខណ្ឌចំនូន៣ នៅជាយរាជធានីភ្នំពេញ ដែលបច្ចុប្បន្នមិនទាន់មានទឹកស្អាតប្រើគ្រប់គ្រាន់នៅឡើយ។
លោកបានបន្តថា “ចង់ឱ្យរដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ បង្កើតរោងចក្រផលិតទឹកស្អាតមួយថ្មីទៀត នៅសណ្តរស្ទឹងព្រែកត្នោត ពោលគឺយកទឹកពីស្ទឹងព្រែកត្នោត មកផលិតជាទឹកស្អាត ដើម្បីផ្គត់ផ្គង់ដល់ប្រជាពលរដ្ឋ នៅខណ្ឌកំបូលខណ្ឌ ដង្កោ និង ពោធិ៍សែនជ័យ”។
រដ្ឋករទឹកស្វយ័តក្រុងភ្នំពេញកាលពីពេលថ្មីៗនេះ ក៏បានបង្ហាញផែនការបង្កើនការផលិតទឹកស្អាតបន្ថែម៣ម៉ឺនម៉ែត្រគូប សម្រាប់ក្រុងតាខ្មៅ ខេត្តកណ្តាល ត្រឹមឆ្នាំ ២០២៤ និង ៦ម៉ឺនម៉ែត្រគូប ត្រឹមឆ្នាំ២០៣០។
បច្ចុប្បន្ន តម្រូវការទឹកស្អាតក្នុងរាជធានីភ្នំពេញ និងក្រុងតាខ្មៅ មានបរិមាណជាង៧០ម៉ឺនម៉ែត្រគូប ខណៈការផលិតទឹកស្អាតពីរដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ មានបរិមាណតែជាង៦០ម៉ឺនម៉ែត្រគូបប៉ុណ្ណោះ។