ទីក្រុងរណបទំហំ ៤៥ហិកតា តម្លៃ១០០លានដុល្លារនៅក្រុងតាខ្មៅមានការវិវត្តន៍យឺតជាងការគ្រោងទុក

0

ដោយៈ សុធារី

ភ្នំពេញៈ ការឆ្លងរាលដាលជំងឺកូវីដ ១៩ នៃព្រឹត្តិការណ៍សហគមន៍២០ កុម្ភៈ បានធ្វើឱ្យដំណើរការសាងសង់ គម្រោងអភិវឌ្ឍន៍លំនៅឋានតម្លៃសមរម្យ ទីក្រុងរណបសិរីមង្គល ដែលមានទុនវិនិយោគប្រមាណ ១០០លានដុល្លារ របស់ក្រុមហ៊ុន Worldbridge Homes Co., Ltd នៅក្រុងតាខ្មៅ យឺតជាងការគ្រោងទុក។

ប៉ុន្តែនៅពេលបច្ចុប្បន្នក្រុមហ៊ុន បាននិងកំពុងសម្រុកសាងសង់ ដើម្បីអាចបញ្ចប់តាមផែនការនាដំណាច់ឆ្នាំ ២០២១ នេះ។

ទីក្រុងរណបសិរីមង្គល ជាគម្រោងអភិវឌ្ឍន៍លំនៅដ្ឋានតម្លៃសមរម្យដំបូងគេនៅកម្ពុជា ដែលបានបើកការដ្ឋានសាងសង់ជាផ្លូវការ នៅដើមឆ្នាំ២០១៨ លើផ្ទៃដី៤៥ហិកតា ដោយមានខ្នងផ្ទះសរុប២៤៥៧។

គម្រោងនេះស្ថិតក្នុងសង្កាត់រកាខ្ពស់ ក្រុងតាខ្មៅ ចម្ងាយប្រមាណ១៤គីឡូម៉ែត្រពីរាជធានីភ្នំពេញ (ស្ពានព្រះមុនីវង្ស)។ Worldbridge Home Co., Ltd គឺជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុន Worldbridge Group ដែលកំពុងអភិវឌ្ឍន៍គម្រោងធំៗនៅក្នុងរាជធានីភ្នំពេញមានដូចជា The Bridge និង The Peak។

ប្រធានគ្រប់គ្រងទូទៅនៃក្រុមហ៊ុន Worldbridge Home Co., Ltd លោក យក់ សុធីរិទ្ធ បានមានប្រសាសន៍ នៅថ្ងៃទី ២៤ ខែវិច្ឆិកាកន្លងមកថា គម្រោងទីក្រុងរណបសិរីមង្គល បាននិងកំពុងពន្លឿនការសាងសង់ ដើម្បីធ្វើឱ្យការគម្រោងទាំងមូល អាចបញ្ចប់នៅត្រឹមដំណាច់ឆ្នាំ២០២១នេះ ខណៈវិបត្តិនៃការឆ្លងរាលដាលជំងឺកូវីដ១៩ បានបង្ខំឱ្យមានការរឹតត្បិតការធ្វើដំណើរ និងការបិទសេដ្ឋកិច្ចមួយចំនួនបានធ្វើឱ្យប៉ះពាល់ ដល់ដំណើរការសាងសង់មួយរយៈ។

លោកថ្លែងថា “អំឡុងការផ្ទុះរាលដាលជំងឺកូវីដ ១៩ ខ្លាំងវាបានធ្វើឱ្យការសាងសង់នៅផ្នែកខ្លះមិនដំណើរការមួយរយៈ ហេតុនេះយើងកំពុងខិតខំបង្កើនល្បឿងសាងសង់ឡើងវិញនៅពេលនេះ”។

លោកឌឹត ចណ្ណា នាយកប្រតិបត្តិក្រុមហ៊ុនអចលនទ្រព្យ ឡាក់គី រៀលធី បានលើកឡើងថា គម្រោងអភិវឌ្ឍន៍លំនៅដ្ឋានតម្លៃសមរម្យ មិនត្រឹមតែទទួលបានការចាប់អារ​ម្មណ៍ច្រើនពីអ្នកមានប្រាក់ចំណូលទាប និងមធ្យមប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបានចូលរួមជាមួយរដ្ឋាភិបាល ក្នុងការបង្កើនលទ្ធភាពឱ្យប្រជាជន មានលំនៅដ្ឋានផ្ទាល់ខ្លួនផងដែរ។ ការអភិវឌ្ឍគម្រោងបែបនេះ នឹងកាន់តែងាយទទួលជោគជ័យ ប្រសិនបើស្ថិតនៅទីតាំងសមស្របមានតម្លៃសមរម្យ និងជាពិសេសមានវិធីសាស្ត្របង់ប្រាក់ងាយស្រួល។

លោកនិយាយថា “សម្រាប់គម្រោងនេះ ខ្ញុំអាចនិយាយថា វាស្ថិតនៅទីតាំងសមរម្យ និងទទួលជោគជ័យមួយចំនួនរួចហើយ ដោយមានអតិថិជនខ្លះបានចូលទៅរស់នៅហើយ”។ លោកក៏បន្ថែមទៀតថា “ប្រសិនបើមានក្រុមហ៊ុនវិនិយោគ លើគម្រោងបែបនេះកាន់តែច្រើន គឺជាការល្អ ព្រោះវាអាចផ្តល់នូវជម្រើសកាន់តែច្រើន សម្រាប់ប្រជាជនថ្នាក់កណ្តាល ក្នុងការស្វែងរកទីតាំងដែលងាយស្រួលសម្រាប់ពួកគេ ក្នុងការធ្វើដំណើរទៅធ្វើការ ឬរៀនសូត្រ”។

យោងតាមក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ គិតត្រឹមចុងឆ្នាំ២០២០ នៅកម្ពុជាមានគម្រោងអភិវឌ្ឍន៍លំនៅដ្ឋាន តម្លៃសមរម្យចំនួន៥ ដែលស្មើនឹងបន្ទប់ស្នាក់នៅសរុប៨ ៣៣១ខ្នងផ្ទះ និងចំនួន៧ ២៥៦ យូនីតខុនដូ។

កាលពីឆ្នាំ ២០១៤ ប្រទេសកម្ពុជាបានអនុម័ត គោលនយោបាយលំនៅឋានថ្នាក់ជាតិ ដើម្បីជំរុញការអភិវឌ្ឍលំនៅឋាន ឱ្យបានកាន់តែច្រើនជូនប្រជាពលរដ្ឋ។ បើយោងតាមគោលនយោបាយនេះ កម្ពុជានឹងត្រូវការផ្ទះបន្ថែមប្រមាណ៥ម៉ឺនខ្នង ក្នុង១ឆ្នាំៗរហូតដល់ឆ្នាំ២០៣០។

យោងតាមទិន្នន័យនិន្នាការសេដ្ឋកិច្ច-សង្គមនៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានឱ្យដឹងថា ចាប់ពីខែមករា-ខែសីហា ឆ្នាំ២០២១ គម្រោងសាងសង់ ដែលបានទទួលការអនុញ្ញាតឱ្យសាងសង់ពីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ មានចំនួន២ ៩០១ គម្រោង ធ្លាក់ចុះ ៤៤៩គម្រោង។ ចំណែកទុនវិនិយោគមានតម្លៃ៣៨៤៣ លានដុល្លារ ធ្លាក់ចុះ២៤,៤ ភាគរយ៕

LEAVE A REPLY

Please enter your comment!
Please enter your name here