ដោយៈ ម៉ាលីស
រតនគិរីៈ វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុចំនួន១ភូមិ គឺភូមិថារ៉ងស្វាយ ឃុំអូរជុំ ស្រុកអូរជុំ ខេត្តរតនគិរី ដែលមានចំនួន៥៣១ប័ណ្ឌ ស្មើនឹង២៧៩គ្រួសារ ត្រូវបានមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្ត ធ្វើពិធីប្រគល់ទទួល នៅព្រឹកថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២១។
ពិធីនេះធ្វើឡើងក្រោមអធិបតីភាព លោក មួង ប៉ាង អភិបាលរងខេត្ត តំណាងលោក ញ៉ែម សំអឿន អភិបាលនៃគណៈអភិបាលខេត្តរតនគិរី។
លោក លី ឧសភា ប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តរតនគិរី មានប្រសាសន៍ថា ការចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ នៅភូមិថារ៉ងស្វាយ ឃុំអូរជុំ ស្រុកអូរជុំនេះ មានប្រជាពលរដ្ឋចំនួន២៧៩គ្រួសារ ផ្ទៃដីសរុប៦៥៧.០៥ហិកតា មានវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ ចំនួន៥៣១ប័ណ្ណ ដែលក្នុងនោះរួមមាន៖ ដីលំនៅឋានចំនួន ២១៦វិញ្ញាបនបត្រ ដីកសិកម្មចំនួន ៣១២វិញ្ញាបនបត្រ និងដីរដ្ឋមានចំនួន ០៣វិញ្ញាបនបត្រ។
លោកបញ្ជាក់ថា ក្បាលដីដែលបងប្អូន បានចុះបញ្ជីនៅក្នុងសៀវភៅគោលបញ្ជីដីធ្លី និងទទួលបានប័ណ្ណកម្មសិទ្ធិនេះ គឺបានបំពេញលក្ខណ្ឌគ្រឹះដ៏រឹងមាំ ដែលធានាដោយរដ្ឋ និងការពារដោយច្បាប់ ហើយក៏ជាលក្ខខណ្ឌសំខាន់ សម្រាប់ការប្រើប្រាស់ប័ណ្ណដី ដោយការដាក់ធានា ខ្ចីប្រាក់នៅធនាគារ ដើម្បីយកដើមទុនមកប្រើប្រាស់ សម្រាប់អាជីវកម្មផ្សេងៗ ក្នុងការកែលម្អជីវភាពរស់នៅ។ ដូច្នេះការចុះបញ្ជី គឺជាការពង្រឹងសុវត្ថិភាព នៃការកាន់កាប់ដីធ្លី ដែល នឹងជម្រុញការប្រើប្រាស់ដីធ្លីឲ្យអស់សក្ដានុពល ហើយកត្តានេះ ពិតជាបានបញ្ចប់ ជម្លោះ និងវិវាទដីធ្លី ជាពិសេសកាត់បន្ថយភាពក្រីក្រ ដែលជាគោលនយោបាយ ជម្រុញការចុះបញ្ជីដីធ្លីរបស់រាជរដ្ឋាភិបាល ។
លោក មួង ប៉ាងអភិបាលរងខេត្តរតនៈគិរីបានបញ្ជាក់ថា ប័ណ្ណកម្មសិទ្ធិ ដែលបងប្អូនទទួលបាននៅថ្ងៃនេះ គឺជាឯសារមួយសំខាន់ណាស់ ដែលវាជាឯកសារតំណាងឲ្យទ្រព្យរបស់បងប្អូន ជាឯកសារតំណាងឲ្យសិទ្ធិ នៃកម្មសិទ្ធផ្ដាច់មុខ របស់កម្មសិទ្ធិករលើដីធ្លីរបស់ខ្លួន ក្នុងការប្រើប្រាស់ និងអាស្រ័យផលក្នុងការលក់ដូរ ការផ្ទេរទៅអ្នកដទៃ ការដាក់ធានាខ្ចីប្រាក់ ការផ្ទេរទៅ ឲ្យកូនចៅ។ អាស្រ័យហេតុនេះ សូមបងប្អូនរក្សាប័ណ្ណនេះ ឲ្យបានល្អប្រសើរ៕