ដោយ៖ សុធារី
ភ្នំពេញ៖ កម្ពុជាបានសម្រេចបញ្ឈប់ការកសាងរោងចក្រអគ្គិសនីដុតធ្យូងថ្មថ្មី និងបញ្ឈប់ការសាងសង់ទំនប់វារីអគ្គិសនីថ្មីតាមដងទន្លេមេគង្គទៀតហើយ ដើម្បីចូលរួមចំណែកដល់ការដោះស្រាយការប្រែប្រួលអាកាសធាតុ។ នេះបើតាមការអះអាងរបស់លោក ខៀវ មុត អនុប្រធានគណៈកម្មការសិទ្ធិមនុស្ស ទទួលពាក្យបណ្តឹង និងអង្កេត នៃព្រឹទ្ធសភា។
ការបញ្ជាក់ពីជំហររបស់កម្ពុជានេះ ធ្វើឡើងក្នុងឱកាសលោកចូលរួមកិច្ចប្រជុំស្តីពីការឆ្លើយតបទៅនឹងការប្រែប្រួលអាកាសធាតុសម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាព ក្នុងក្របខ័ណ្ឌតំបន់អាស៊ី-ប៉ាស៊ីហ្វិក នៃវេទិកាសភាអាស៊ី-ប៉ាស៊ីហ្វិក លើកទី២៩ តាមប្រព័ន្ធនិម្មិត ដែលភ្ជាប់ពីវិមានរដ្ឋសភាកម្ពុជា ទៅកាន់រដ្ឋធានីសេអ៊ូលនៃសាធារណរដ្ឋកូរ៉េ នៅថ្ងៃទី១៥ ខែធ្នូនេះ។
លោកបានបន្តថា កម្ពុជាបានចូលរួមចំណែកដល់ការដោះស្រាយការប្រែប្រួលអាកាសធាតុ តាមរយៈបានបង្កើនថវិកាប្រយុទ្ធប្រឆាំងការប្រែប្រួលអាកាសធាតុបីដងច្រើនជាងមុន ក្នុងរយៈពេល៥ឆ្នាំចុងក្រោយនេះ ដែលបច្ចុប្បន្នស្មើនឹង២ភាគរយ នៃផលិតផលសរុបក្នុងស្រុក ហៅកាត់ ផ.ស.ស និងបានដាក់ដំណើរការការប្រើប្រាស់ថាមពលដោយពន្លឺព្រះអាទិត្យទំហំជាង៤០០មេហ្កាវ៉ាត់ ដែលស្មើនឹង១៥ភាគរយ នៃថាមពលសរុប។
លោកបញ្ជាក់ថា ត្រឹមឆ្នាំ២០៣០ កម្ពុជាប្តេជ្ញាកាត់បន្ថយឧស្ម័នផ្ទះកញ្ចក់ប្រមាណ៤២ភាគរយ ដូចដែលបានកំណត់នៅក្នុងរបាយការណ៍បច្ចុប្បន្នភាព នៃការចូលរួមចំណែករបស់កម្ពុជាដើម្បីអនុវត្ដអនុសញ្ញាក្របខ័ណ្ឌសហប្រជាជាតិស្ដីពីការប្រែប្រួអាកាសធាតុ។ លើសពីនេះ “យុទ្ធសាស្រ្តអភិវឌ្ឍន៍រយៈពេលវែងប្រកបដោយអព្យាក្រឹតកាបូន” ក៏កំពុងត្រូវបានកសាងឡើង ដើម្បីលើកកម្ពស់សកម្មភាពដែលអាចសម្រេចបានកាបូនទាប ធន់នឹងអាកាសធាតុ និងកំណើនប្រកបដោយបរិយាប័ន្ន។
រាជរដ្ឋាភិបាលកម្ពុជាបានប្តេជ្ញាចិត្ត ក្នុងការដោះស្រាយការប្រែប្រួលអាកាសធាតុតាមរយៈ ទី១. បានដាក់ឱ្យដំណើរការថាមពលពន្លឺព្រះអាទិត្យ ដែលមានទំហំជាង៤០០មេហ្កាវ៉ាត់ ដែលតំណាងឱ្យ១៥ភាគរយ នៃប្រភពថាមពលរបស់ប្រទេសកម្ពុជា ទី២. មិនបង្កើតរោងចក្រថាមពលធ្យូងថ្មថ្មី ទី៣. មិនសាងសង់ទំនប់វារីអគ្គិសនីនៅតាមដងទន្លេមេគង្គ និងទី៤. កាត់បន្ថយការបាត់បង់ព្រៃឈើត្រឹមពាក់កណ្តាលឆ្នាំ២០៣០ និងមិនមានការបញ្ចេញឧស្ម័នពីព្រៃឈើត្រឹមឆ្នាំ២០៤០៕