ដោយ៖ សុខុម
ប៉េកាំងៈ ទិន្នន័យផ្លូវការបានបង្ហាញនៅថ្ងៃពុធ ទី១៥ ធ្នូ នេះថា ទំហំទុនវិនិយោគលើអចលនទ្រព្យរបស់ប្រទេសចិន ទទួលបានកំណើន៦,០%ក្នុងឆ្នាំ២០២១ គិតពីខែមករាដល់ខែវិច្ឆិកា។
យោងតាមការចុះផ្សាយរបស់សារព័ត៌មាន CNA ឱ្យដឹងថា តួលេខកំណើន៦,០%នេះគឺធ្លាក់ចុះបន្តិច បើធៀបនឹងកំណើន៧,២% ដែលទទួលបានក្នុងរយៈពេល១០ខែដំបូងក្នុងឆ្នាំដដែល។
ការិយាល័យជាតិស្ថិតិ (NBS) នៃមហាយក្សចិន បានចេញសេចក្តីថ្លែងការណ៍ថា ការលក់អចលនទ្រព្យគិតជាផ្ទៃខាងក្នុងអគារ (Floor Area) ក្នុងប្រទេសនេះទទួលបានកំណើន៤,៨%អំឡុងរយៈពេលខែមករា ដល់ខែវិច្ឆិកា បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២០ និងបើធៀបនឹងកំណើន៧,៣%ក្នុងរយៈពេល១០ខែដំបូងនៃឆ្នាំនេះ។
ទោះជាយ៉ាងណា ការសាងសង់ថ្មីៗដែលគិតជាផ្ទៃខាងក្នុងអគារ (Floor Area) បានធ្លាក់ចុះ៩,១% អំឡុងរយៈពេលពីខែមករា ដល់ខែវិច្ឆិកា ធៀបនឹងឆ្នាំ២០២០ និងបើធៀបនឹងការធ្លាក់ចុះ៧,៧% ក្នុងរយៈពេល១០ខែដំបូងនៃឆ្នាំនេះ។
ហិរញ្ញប្បទានដែលកៀរគរប្រមូលដោយបណ្ដាក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យរបស់ប្រទេសចិន ទទួលបានកំណើន៧,២% ក្នុងរយៈពេលគិតពីខែមករា ដល់ខែវិច្ឆិកា បន្ទាប់ពីទទួលបានកំណើន៨,៨%ក្នុងរយៈពេល១០ខែដំបូងនៃឆ្នាំនេះ៕