ទីផ្សារបុរីសម្រាប់អ្នកមានជីវភាពមធ្យមឡើងនឹងកើនឡើងនៅរយៈពេលបីឆ្នាំខាងមុខ

0

ដោយៈជេស៊ីកា

ភ្នំពេញៈ ស្របពេលលំនៅដ្ឋានតម្លៃសមរម្យ និងក្រោមមធ្យមមានការកើនឡើងលើផ្នែកតម្រូវការ អ្នកជំនាញបានបង្ហាញសុទិដ្ឋិនិយមថា ទីផ្សារលំនៅដ្ឋានតម្លៃមធ្យមឡើង នឹងមានភាពល្អប្រសើរឡើងវិញ នៅក្នុងរយៈពេលបីឆ្នាំខាងមុខ។

អ្នកស្រីអាន សុធីតាអគ្គនាយិកាក្រុមហ៊ុន PropNex Cambodia បានមានប្រសាសន៍ឲ្យដឹងតាមទូរស័ព្ទ កាលពីរសៀលថ្ងៃទី១៥ ធ្នូថា នៅក្នុងអំឡុងវិបត្តិកូវីដ១៩ ទីផ្សារលំនៅដ្ឋានប្រណីត ដែលមានតម្លៃខ្ពស់ៗ និងទីផ្សារលំនៅដ្ឋានតម្លៃមធ្យមឡើង បានរងផលប៉ះពាល់ ប៉ុន្តែលំនៅដ្ឋានតម្លៃមធ្យមចុះបានកើនឡើងនូវតម្រូវការ។

អ្នកស្រីបន្តថា “នៅក្នុងរយៈពេលបីឆ្នាំខាងមុខ ទីផ្សារលំនៅដ្ឋានតម្លៃខ្ពស់ និងមធ្យមឡើង នឹងមានតម្រូវការលឿនមកវិញ ដោយសារកំនើនប្រាក់​ចំណូលរបស់ប្រជាពលរដ្ឋ និងការគាំទ្ររបស់រដ្ឋាភិបាល ដើម្បីទប់កុំឲ្យអ្នក​មានប្រាក់ចំណូលទាបធ្លាក់ក្នុងភាពក្រីក្រឡើងវិញ”។

អ្នកស្រីបន្តថា ជាមួយនឹងចរន្តទិញលក់កើនឡើង បានធ្វើឲ្យអ្នកវិនិយោ​​គធំៗជាច្រើន បានចាប់ផ្តើមវិនិយោគលើបុរី លំនៅដ្ឋានរបស់ពួកគេឡើ​ង​វិញ ដោយសារតែទីផ្សារចាប់ផ្តើមមានសញ្ញាល្អប្រសើរ ប៉ុន្តែការមកដល់នៃមេរោគអូមីក្រុង បានធ្វើឲ្យទីផ្សារស្ថិ តក្នុងភាពមិនច្បាស់់លាស់ជាថ្មី ខណៈស្ថានភាពមិនអាចទស្សន៍ទាយបាន សម្រាប់ឆ្នាំ២០២២ខាងមុខ។

អ្នកស្រីបន្តថា ជាមួយគ្នានេះ អ្នកវិនិយោគិនមកកម្ពុជា អាចមានភាពយឺតយ៉ាវ ដោយសាររដ្ឋាភិបាលចិន បានរឹងបន្តឹងបន្ថែមទៀត នូវការហូរចេញមូលធនមកក្រៅប្រទេស។

ជាមួយគ្នានេះ អ្នកឧកញ៉ាលី ហួរប្រធានសមាគមអ្នកអភិវឌ្ឍន៍លំនៅដ្ឋានកម្ពុជា បានមានប្រសាសន៍ឲ្យដឹងកាលពីពេលថ្មីៗនេះថា ទីផ្សារលំនៅដ្ឋានបានងើបឡើងវិញ ដែលបានធ្វើឲ្យក្រុមហ៊ុនធំៗ ជាសមាជិកសមាគមបានចាប់ផ្តើមវិនិយោគគំរោងធំៗឡើងវិញផងដែរ។

លោកបន្តថា “ទីផ្សារលំនៅដ្ឋានតម្លៃមធ្យម នៅតែមានតម្រូវការខ្ពស់ ចំណែកលំនៅដ្ឋានមានតម្លៃខ្ទង់លានដុល្លារ មានតម្រូវការឬអត់អាស្រ័យលើទីតាំងគំរោង និងទស្សនទាននៃការអភិវឌ្ឍ”៕

LEAVE A REPLY

Please enter your comment!
Please enter your name here