ដោយ៖ គង់ សូរីយា
ភ្នំពេញ៖ ក្រុមហ៊ុនអចលនទ្រព្យយក្សមួយមកពីប្រទេសជប៉ុន គ្រោងនឹងសាងសង់មជ្ឈមណ្ឌលពាណិជ្ជកម្មដ៏ធំមួយ នៅទីក្រុងភ្នំពេញដើមឆ្នាំ២០១៨ខាងមុខនេះ។
យោងតាមព៌តមានពីស្ថានទូតជប៉ុន ដែល Propertyarea.asia ទទួលបាននាព្រឹកថ្ងៃទី១១ វិច្ឆិកានេះបានឲ្យដឹងថា ក្រុមហ៊ុន URATA S.E (Cambodia) Co, Ltdដែលជាក្រុមហ៊ុន មានជំនាញលើវិស័យអចលនទ្រព្យជាច្រើនឆ្នាំ នឹងសាងសង់មជ្ឈមណ្ឌលពាណិជ្ជកម្មកំពស់២៣ជាន់មួយ ស្ថិតនៅក្នុងសង្កាត់ទួលទំពូងរាជធានីភ្នំពេញ។ អាគារពាណិជ្ជកម្មនេះ ផ្តោតលើការផ្តល់សេវាកម្មការិយាល័យ អាផាតម៉ិន ខុនដូ និងផ្សារទំនើបផងដែរ។
-->
ទោះជាយ៉ាងណា ក្រុមហ៊ុន ARATA S.E មិនទាន់បញ្ជាក់ឲ្យដឹងពីទំហំទុនវិនិយោគ និងទីតាំងច្បាស់លាស់នៅឡើយទេ។

បច្ចុប្បន្នក្រុមហ៊ុនអចលនទ្រព្យជប៉ុន កាន់តែច្រើនបានចូលមកវិនិយោគនៅកម្ពុជា ដូចជា ក្រុមហ៊ុន CREED Group ដែលបាននិងកំពុងវិនិយោគគំរោងខុនដូ បុរីមហាសែនសុខ បុរី ARATA ក្រុមហ៊ុន TOYOKO INN វិនិយោគសាងសង់ សណ្ឋាគារ និងក្រុមហ៊ុនARAKAWA Co, Ltdដែលបានទិញយកអាគារប៊ូឌីញ ស និងកំពុងវិនិយោគខុនដូតម្លៃសមរម្យ នៅសង្កាត់ទឹកថ្លា ខ័ណ្ឌសែនសុខ រាជធានីភ្នំពេញ។
រហូតមកទល់ពេលនេះមានសហគ្រាស និងក្រុមហ៊ុនជប៉ុនជាង១០០០ហើ យកំពុងវិនិយោគនៅកម្ពុជា។
លោកបណ្ឌិតម៉ី កល្យាណទីប្រឹក្សាជាន់ខ្ពស់ឧត្តមក្រុមប្រឹក្សាសេដ្ឋកិច្ចជាតិបានថ្លែងថា ទំនាក់ទំនងជប៉ុនបានឈានដល់ដំណាក់កាលថ្មីមួយ តាមរយៈទំនាក់ទំនងល្អរវាងរដ្ឋាភិបាលប្រទេសទាំងពីរ និងបន្ទាប់ពីមានជើងហោះហើររបស់ក្រុមហ៊ុនអាកាសចរណ៍ ANA ដែលបានហោះត្រង់មកកម្ពុជាកាលពីចុងឆ្នាំមុន។លោកបន្តថា ការភ្ជាប់ជើងហោះហើរត្រង់នេះ មិនត្រឹមតែជំរុញទំហំពាណិជ្ជកម្ម និងទំនាក់ទំនងរបស់រដ្ឋាភិបាលប្រទេសទាំងពីរទេ តែជាការបង្ហាញនូវប្រវត្តិសាស្ត្រថ្មីមូយ នៃនយោបាយនិងកាទូតរវាងប្រទេសទាំងពីរ។

លោកបន្តថា “ជប៉ុនបានវិនិយោគលើមូលដ្ឋានចាំបាច់ សម្រាប់ការស្នាក់នៅ និងវិនិយោគរយៈពេលវែងនៅកម្ពុជារួចហើយ ព្រោះជប៉ុនមុនទៅវិនិយោគនៅប្រទេសណា ពួកគេបានសិក្សាច្បាស់លាស់ណាស់ មុនសម្រេចចិត្តទៅវិនិយោគនៅប្រទេសទាំងនោះ។លោកបន្តថា “បច្ចុប្បន្នជប៉ុនបានវិនិយោគលើផ្សារ ទំនើប សណ្ឋាគារ ខុនដូ អាផាតម៉ិន ការិយាល័យ មន្ទីរពេទ្យ និងទីលានវាយកូនហ្គោលជាដើម ដែលនេះសុទ្ឋតែជាមូលដ្ឋានសម្រាប់ការស្នាក់នៅ និងវិនិយោគរយៈពេលវែងនៅទីនេះ”៕