ដោយៈគង់ សូរិយា
ភ្នំពេញៈ អ្នកជំនាញជើងចាស់ ក្នុងវិស័យអចលនទ្រព្យកម្ពុជាបានលើកឡើងដោយសុទិដ្ឋិនិយមថា វិស័យអចលនទ្រព្យកម្ពុជា នៅឆ្នាំ២០២២ខាងមុខនឹងមានសញ្ញាវិជ្ជមានច្រើន។
លោកឧកញ៉ាបណ្ឌិតគីម ហ៊ាង ប្រធាន KW Cambodia បានមានប្រសាសន៍ឲ្យដឹងតាមទូរស័ព្ទ កាលពីដើមសប្តាហ៍នេះថា វិស័យអចលនទ្រព្យកម្ពុជាចាប់ផ្តើម មានសញ្ញាល្អប្រសើរឡើងវិញហើយ នៅអំឡុងរយៈពេលពីរខែចុងក្រោយនេះ។
លោកបន្តថា “ចាប់ពីឆ្នាំ២០២២តទៅ ខ្ញុំជឿជាក់ថាវិស័យនេះនឹងមានភាពល្អប្រសើរឡើងវិញ លើការទិញលក់ ប៉ុន្តែដើម្បីឲ្យអ្វីៗមានភាពល្អប្រសើរដូចកាលមុនវិបត្តិកូវីដ យើងត្រូវការពេលវេលាបន្ថែមទៀត”។ លោកបន្តថា “យ៉ាងណាក៏ដោយយើងឃើញ សកម្មភាពសេដ្ឋកិច្ចចាប់ផ្តើមដំណើរការល្អប្រសើរឡើងវិញ ស្របពេលចរាចរណ៍លើដងផ្លួវ ចាប់ផ្តើមកកស្ទះជាប្រក្រតីផងដែរ”។
លោកឧកញ៉ាគីម ហ៊ាង បានបន្តថា សកម្មភាពទិញលក់ដីធ្លី ផ្ទះសម្បែង ចាប់ផ្តើមមានសញ្ញាវិជ្ជមានច្រើន ដោយចរន្តទិញលក់បានកើនឡើងល្អប្រសើរ ខណៈពេលដែលសញ្ញានៃការនាំចេញ សកម្មភាពនៃការធ្វើពាណិជ្ជកម្មទៅក្រៅប្រទេស ក៏មានការកើនឡើងផងដែរ”៕