អ្នកជំនាញអចលនទ្រព្យហាក់មានទំនុកចិត្តខ្ពស់លើវិស័យសំណង់ក្នុងឆ្នាំ២០២២

0

ដោយៈវឌ្ឈនៈ

ភ្នំពេញៈ បន្ទាប់ពីរាជរដ្ឋាភិបាលបានបើកប្រទេសឡើងវិញ អ្នកជំនាញនៅក្នុងវិស័យសំណង់ និងអចលនទ្រព្យក្នុងស្រុកជាច្រើនបានបង្ហាញពីទស្សនៈ និងផ្ដល់ទំនុកចិត្តខ្ពស់ ចំពោះវិស័យនេះនៅក្នុងឆ្នាំ២០២២។

អ្នកជំនាញ និងអ្នកវិនិយោគមួយចំនួន បានបង្ហាញការរំពឹងថា ទីផ្សារអចលនទ្រព្យ នឹងមានសន្ទុះងើបឡើងខ្លាំង ជាងឆ្នាំ២០១៩ គ្រាមុនវិបត្តិកូវីដ១៩ចូលមកដល់មកដល់។

លោក លោកវ៉ាវីរៈ នាយកក្រុមហ៊ុន Century 21 Fortuna Investment បានឱ្យដឹងនាថ្ងៃម្សិលម៉ិញនេះថា នៅក្នុងឆ្នាំ ២០២២ខាងមុខនេះ លោកជឿថាតម្រូវការនៃ លំនៅឋានតាមបុរី ខុនដូការិយាល័យ នឹងមានការកើនឡើងវិញ ជាមួយការផ្គត់ផ្គង់ក៏នឹងកើនឡើដូចគ្នាដែរ។

លោកបន្តថា “បើទោះបីកម្ពុជារងផលប៉ះពាល់ខ្លំាង ក្នុងឆ្នាំ២០២១ តែបើគិតពីចំនួនគម្រោងសំណង់ និងទំហំនៃទុនវិនិយោគ ក្នុងវិស័យនេះ បង្ហាញថានៅមានការកើនឡើង”។លោកបន្តថា “សម្រាប់ឆ្នំា២០២២ភាពជឿជាក់ទៅលើវិស័យសំណង់ និងអចលនទ្រព្យ កាន់តែមានភាពខ្លំាងក្លាថែមទៀត ព្រោះនៅពេលថ្មីៗកន្លងមកនេះ សម្តេចតេជោហ៊ុនសែនបានប្រកាសបិទបញ្ចប់នូវព្រឹត្តិការណ៍២០កុម្ភៈឆ្នំា២០២០”។

យោងតាមការព្យាករណ៍របស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុបានបង្ហា​ញថា វិស័យសំណង់ និងអចលនទ្រព្យនៅកម្ពុជា នឹងសម្រេចបានកំនើនត្រឹម២,៤ភាគរយនៅឆ្នាំនេះ និងរំពឹងកើនដល់ ៤,៨ភាគរយនៅឆ្នាំ២០២២​ខាងមុខនេះ។

ដោយឡែកលោកឡុង គឹមសួគ៌ អ្នកវិនិយោគមួយរូបនៅក្នុងវិស័យអចលនទ្រព្យនៅកម្ពុជាក៏បានថ្លែងថា ក្នុងវិបត្តិកូវីដ១៩តម្រូវការទិញលក់អចលនទ្រព្យ ត្រូវបានថមថយគួរឱ្យកត់សម្គាល់ ប៉ុន្តែដោយសារតែការចាក់វ៉ាក់សាំង និងការបើកប្រទេសរបស់រដ្ឋាភិបាល លោកជឿជាក់ថាវិស័យនេះនឹងមានសន្ទុះ ហើយតម្រូវការនៃការទិញលក់លើផ្ទះ ខុនដូ និងតម្រូវការជួលការិយាល័យក៏នឹងងើបឡើងវិញផងដែរ ។

គិតត្រឹមរយៈពេល ១១ ខែឆ្នាំ២០២១ក្រសួងរៀបចំដែនដីនគរូបនីយកម្មនិងសំណង់ និងរដ្ឋបាលរាជធានី ខេត្ត ក្រុងស្រុក ខណ្ឌ បានផ្តល់លិខិតអនុញ្ញាតសាងសង់ចំនួន៣.៩២៥គម្រោង មានផ្ទៃក្រឡាសំណង់ជាង១២ លានម៉ែត្រការ៉េ កើនឡើង៣២៧ គម្រោងបើធៀបនឹងកាលពីឆ្នាំមុន ដែលមានចំនួន៣.៥៩៨ គម្រោងហើយនៅក្នុងរយៈពេល១១ខែកន្លងទៅនេះ វិស័យសំណង់ស្រូបបានទុនវិនិយោគជាង៥.២១០លានដុល្លារអាមេរិក៕

LEAVE A REPLY

Please enter your comment!
Please enter your name here