សម្តេចតេជោអញ្ជើញសម្ភោធដាក់ឲ្យដំណើរការអគាររដ្ឋបាលគយ និងរដ្ឋាករដ៏ស្កឹមស្កៃនាព្រឹកថ្ងៃនេះ

0

ដោយៈម៉ាលីនណា

ភ្នំពេញៈ សម្តេចតេជោហ៊ុន សែននាយករដ្ឋមន្រ្តីនៃកកម្ពុជា បាននិងកំពុងអញ្ជើញជាអធិបតី ក្នុងពិធីបើកសម្ភោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការនូវអគាររដ្ឋបាលអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជាកម្ពស់៣៥ជាន់ដ៏ស្កឹម​ស្កៃ។

អគាររដ្ឋបាលអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា បានចាប់ផ្តើមសាងសង់នៅខែកុម្ភៈ ឆ្នាំ២០១៧ បញ្ចប់នៅខែកក្កដា ឆ្នាំ២០២០ មានកម្ពស់ ៣៥ជាន់ (ដោយមិនគិតជាន់ក្រោមដី២ជាន់) កម្ពស់១២០ម៉ែត្រ មានបណ្តោយប្រវែង៥៤ម៉ែត្រ ទទឹងប្រវែងជាង២៦ម៉ែត្រ។

អគារនេះ ត្រូវបានរៀបចំឡើង ដោយបានចែកចេញជាផ្នែកជាច្រើន សម្រាប់សម្រួលដល់ការបំពេញការងាររបស់មន្ត្រី និងការផ្តល់សេវា។ អគារនេះ មានចំណត ៨ជាន់ (រួមទាំងជាន់ក្រោមដី២ជាន់) អាចចតរថយន្តបាន ១៤២គ្រឿង និងទោចក្រយានយន្ត ១០២គ្រឿង បញ្ជរព័ត៌មាន (ជាន់ទី១) ច្រកចេញ-ចូលតែមួយ (ជាន់ទី៦) សាលប្រជុំ និងបន្ទប់ប្រជុំ សាលប្រជុំធំ២ សម្រាប់ផ្ទុកអ្នកចូលរួម ១៩៨នាក់ និងសម្រាប់ ១២៨នាក់ និងបន្ទប់ប្រជុំតូចមួយចំនួន ការិយាល័យ ២៣ជាន់ ការិយាល័យអគ្គនាយក បន្ទប់ទទួលភ្ញៀវ ការិយាល័យអគ្គនាយករង ការិយាល័យថ្នាក់ដឹកនាំនាយកដ្ឋាន និងការិយាល័យមន្រ្តី អាហារដ្ឋាន (ជាន់ទី២០) ក្លឹបហាត់ប្រាណ ស្ទីម និងសោណា (ជាន់ទី៣១) ស្កាយបារ (ជាន់ទី៣៣ និង៣៤)។

ក្រៅតែពីសម្ពោធដាក់ឱ្យប្រើប្រាស់ អគាររដ្ឋបាលហើយនោះ នៅក្នុងកម្មវិធីថ្ងៃស្អែកនេះ ក៏ភ្ជាប់ជាមួយនឹងការសម្ពោធ ដាក់ឱ្យប្រើប្រាស់អគារសាលាជាតិគយ និងអគារសារមន្ទីរគយផងដែរ។

អគារសាលាជាតិគយ ចាប់ផ្តើមសាងសង់នៅខែតុលា ឆ្នាំ២០១៩ ហើយបញ្ចប់នៅខែតុលា ឆ្នាំ២០២១។ អគារនេះ សាងសង់លើលើផ្ទៃដីទំហំ ១០,០២៦.៣១ ម៉ែត្រក្រឡា ស្ថិតនៅតំបន់អភិវឌ្ឍន៍ OCIC សង្កាត់ព្រែកតាសេក ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។

អគារសាលាជាតិគយ មានកម្ពស់១២ជាន់ ស្មើនឹង៥០ម៉ែត្រ បណ្តោ​យប្រវែង៤៩,២០ម៉ែត្រ ទទឹងប្រវែង ៤៨ម៉ែត្រទំហំសរុប ២០,២២៥ ម៉ែត្រការ៉េ។

ដោយឡែកអគារសារមន្ទីរគយ ត្រូវបានរៀបចំជួសជុល កែលម្អឡើងវិញ នៅខែសីហា ឆ្នាំ២០២០ ហើយបញ្ចប់នៅខែវិច្ឆិកា ឆ្នាំ២០២០។ អគារនេះ មានបណ្តោយប្រវែង៣៨,៧០ម៉ែត្រ ទទឹងប្រវែង១៨ម៉ែត្រ។

វត្តមានថ្មីនៃអគាររដ្ឋបាលគយ និងរដ្ឋាករកម្ពុជា មិនត្រឹមតែជួយលើកកម្ពស់មុខមាត់ស្ថាប័នរបស់រដ្ឋ និងផ្តល់កន្លែងបំពេញការងារ បានសមរម្យសម្រាប់មន្ត្រីរាជការប៉ុណ្ណោះទេ។ តែក៏បានបង្ហាញឱ្យឃើញនូវវឌ្ឍនភាពរបស់ជាតិកម្ពុជា ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន ក្នុងការដឹកនាំកសាងជាតិ ចេញស្ថានភាពដ៏លំបាក ក្រោយសំណល់នៃភ្លើងសង្គ្រាម។

អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា ជារដ្ឋបាលសាធារណៈស្ថិតក្រោមឱវាទក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដែលជាស្ថាប័នមួយដ៏សំខាន់ក្នុងកៀរគរចំណូលសម្រាប់ទ្រទ្រង់សេដ្ឋកិច្ចជាតិ។

អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា ត្រូវបានបង្កើតឡើង ក្នុងសម័យសង្គមរាស្ត្រនិយម ដោយ ព្រះរាជក្រមចុះថ្ងៃទី២៩ ខែមិថុនា ឆ្នាំ១៩៥១។ កិច្ចដំណើរការ របស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករ ត្រូវបានបញ្ឈប់ពីឆ្នាំ១៩៧៥ ដល់ ឆ្នាំ១៩៧៩ ក្រោមរបប ខ្មែរក្រហម។

អង្គភាពនេះ ចាប់ដំណើរការ ឡើងវិញ នៅថ្ងៃទី១៣ ខែកក្កដា ឆ្នាំ១៩៧៩ ក្រោមឱវាទក្រសួង ពាណិជ្ជកម្ម ។ តែត្រូវ បានផ្ទេរទៅនៅក្រោម ឱវាទ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ តាមរយៈអនុក្រឹត្យ ចុះថ្ងៃទី១១ ខែ មិនា ឆ្នាំ១៩៨៨។ ទីចាត់ការគយ និងរដ្ឋាករ ត្រូវបានតម្លើងជាអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា (អគរ) តាមរយៈអនុក្រឹត្យចុះថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០០៨៕

LEAVE A REPLY

Please enter your comment!
Please enter your name here