ក្រសួងសាធារណការរៀបចំធ្វើបច្ចុប្បន្នភាពបញ្ជីសារពើភណ្ឌនិងផែនទីបណ្ដាញផ្លូវនានា

ចែករំលែក

ដោយៈ សុផារី

ភ្នំពេញៈ ក្រសួងសាធារណការ និងដឹកជញ្ជូន ដឹកនាំដោយលោក លឹម ស៊ីដេនីន រដ្ឋលេខាធិការ ក្រសួងសាធារណការ និងដឹកជញ្ជូន និងជាប្រធានក្រុមការងារធ្វើផែនទីបណ្ដាញផ្លូវថ្នល់ បាននិងកំពុងពិនិត្យនិងស្នើសុំទិន្នន័យពាក់ព័ន្ធ និងមតិយោបល់សំដៅរៀបចំ ធ្វើបច្ចុប្បន្នភាពបញ្ជីសារពើភណ្ឌ និងផែនទីបណ្ដាញផ្លូវជាតិ ផ្លូវខេត្ត និងផ្លូវថ្នល់ផ្សេងទៀត ដែលឋិតក្រោមសមត្ថកិច្ចគ្រប់គ្រងរបស់ក្រសួង។

ក្នុងកិច្ចប្រជុំកាលពីថ្ងៃទី២៩ ធ្នូកន្លងមកបានឲ្យដឹងថា ការធ្វើបច្ចុប្បន្នភាពនេះ ធ្វើឡើងដើម្បីផ្តល់ភាពងាយស្រួល ដល់ការគ្រប់គ្រងជួសជុលថែទាំ និងលើកកម្ពស់គុណភាពផ្លូវថ្នល់ និងដើម្បីកែសម្រួលខ្សែផ្លូវ លេខផ្លូវ ផ្លាស់ប្តូរ និងលើកកម្រិតឋានៈ របស់ផ្លូវថ្នល់មួយចំនួនចាំបាច់ឱ្យស្របតាមការកើនឡើងបរិមាណចរាចរណ៍ លក្ខណៈបច្ចេកទេស និងការអភិវឌ្ឍរីកចម្រើនរបស់សង្គម សេដ្ឋកិច្ចជាតិ និងធានារក្សាឱ្យបានគង់វង្ស និងការរប្រើប្រាស់យូរអង្វែង ជាពិសេសចៀសវាងបាននូវការមើលរំលង ខ្វះចន្លោះ ឬបំភ្លេចចោលការងារថែទាំធ្វើឱ្យផ្លូវខូចខាត។

អង្គប្រជុំបានផ្តោតការពិភាក្សា ទៅលើការដាក់លេខផ្លូវមួយលេខ(ឬផ្លូវកម្រិត១) ផ្លូវពីរលេខ(ឬផ្លូវកម្រិត២) ចំនុចចាប់ផ្តើមដែលត្រូវកំណត់លេខផ្លូវ ឈ្មោះផ្លូវ ការសិក្សា និងពិភាក្សាបន្ថែមលើចំនុច ដែលមិនទាន់មានការឯកភាព ក្នុងចំណោមសមត្ថកិច្ចគ្រប់គ្រងផ្លូវថ្នល់ ជាពិសេសជាមួយក្រសួងអភិវឌ្ឍន៍ជនបទ ពាក់ព័ន្ធលើការកំណត់ដែនសមត្ថកិច្ច គ្រប់គ្រងផ្លូវ ការកែសម្រួល និងការដាក់លេខផ្លូវ ឈ្មោះផ្លូវកុំឱ្យត្រួតគ្នា ការចាត់ចំណាត់ថ្នាក់ផ្លូវ និងឈ្មោះផ្លូវដែលបង្ហាញពីប្រវត្តិសាស្ត្រផងដែរ។

លោកលឹម ស៊ីដេនីន បានណែនាំក្រុមការងារជំនាញបច្ចេកទេសពាក់ព័ន្ធដាក់លេខផ្លូវ និងឈ្មោះផ្លូវកុំឱ្យមានការត្រួតគ្នា ដែលធ្វើឱ្យពិបាក និងស្មុគស្មាញ ក្នុងការស្វែងរកក្នុងផែនទី និងត្រូវមានការពិភាក្សាលម្អិតជាមួយគ្រប់សមត្ថកិច្ចពាក់ព័ន្ធទាំងអស់លើការផ្លាស់ប្តូរ ក៏ដូចជា កែសម្រួលបង្គោ​ល​គីឡូម៉ែត្រ ដោយឈរលើគោលការណ៍ឯកភាពរួម និងបានស្នើឱ្យមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានី-ខេត្ត បន្តធ្វើការជាមួយក្រសួងអភិវឌ្ឍន៍ជនបទ បន្ថែមទៀតក្នុងការកំណត់ខ្សែផ្លូវខេត្ត ឬផ្លូវកម្រិត៣ដែលមានការពាក់ព័ន្ធ ឬត្រួតជាន់គ្នា ដើម្បីដាក់បញ្ចូលក្នុងផែនទី ឱ្យបានចប់សព្វគ្រប់ទាន់ពេលវេលា មុននឹងដាក់ជូនថ្នាក់ដឹកនាំក្រសួងពិនិត្យសម្រេច៕


ចែករំលែក