សម្តេចតេជោនឹងអញ្ជើញសម្ភោធដាក់ឲ្យប្រើប្រាស់ផ្លូវជាតិលេខ៥ ពីបាត់ដំបងទៅកាន់ក្រុងសិរីសោភ័ណ នៅថ្ងៃទី១០មករា​ខាងមុខ

0

ដោយៈជេស៊ីកា

ភ្នំពេញៈ ប្រមុខរដ្ឋាភិបាល សម្តេចតេជោហ៊ុន សែននាយករដ្ឋមន្រ្តីនៃកម្ពុជានឹងអញ្ជើញជាអធិបតី ក្នុងពិធីសម្ភោធដាក់ឲ្យប្រើប្រាស់ កំណាត់ផ្លូវជាតិលេខ៥ពីក្រុងបាត់ដំបង ទៅកាន់ក្រុងសិរីសោភ័ណ នាពេលខាងមុខនេះ។

អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសាធារណៈការ និងដឹកជញ្ជូនលោកវ៉ាស៊ីម សូរិយាបានមានប្រសាសន៍ឲ្យ ដឹងតាមទូរស័ព្ទកាលពីល្ងាចថ្ងៃទី២៩ ធ្នូកន្លងមកថា តាមកាលវិភាគ គឺសម្តេចតេជោនាយករដ្ឋមន្រ្តីនឹងអញ្ជើញចូលរួម សម្ភោធដាក់ឲ្យប្រើប្រាស់ កំណាត់ផ្លូវខាងលើនេះ នៅថ្ងៃទី១០ មករា ឆ្នាំ២០២២ខាងមុខនេះ។

លោកបន្តថា “កាលវិភាគរបស់សម្តេចបានដាក់រួចហើយ គឺកំណត់នៅថ្ងៃទី១០ មករា ខាងមុខ ដោយសម្តេចនឹងអញ្ជើញចូលរួមសម្ភោធផ្លូវជាតិដ៏សំខាន់នេះ”។

ផ្លូវជាតិលេខ៥ ចាប់ពីចំណុចព្រែកក្តាមរហូតដល់ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ បាននិងកំពុងសាងសង់ដោយក្រុមហ៊ុនជប៉ុន និងទទួលហិរញ្ញប្បទានពីរដ្ឋាភិបាលជប៉ុន ក្នុងទំហំទឹកប្រាក់ប្រមាណ ៥០០លានដុល្លារអាមេរិក។

ផ្លូវជាតិនេះ ត្រូវបានចាត់ទុកជាផ្លូវហាយវេអាស៊ាន នៃផែនការអភិវឌ្ឍ​ត្បូង ត្បូងក្នុងក្របខ័ណ្ឌនៃបណ្តាប្រទេសស្ថិត ក្នុងមហាអនុតំបន់ទន្លេមេគង្គ ក៏ដូចជា ស្ថិតនៅក្នុងផែនការតភ្ជាប់ក្នុងក្របខ័ណ្ឌអាស៊ានផងដែរ។

ផ្លូវជាតិលេខ៥ នឹងសាងសង់វាងក្រុងសំខាន់ៗជាច្រើន ដូចជា ក្រុងកំពង់ឆ្នាំង ក្រុងពោធិសាត់ តំបន់ទីប្រជុំជនស្រុកឧត្តុង ក្រុងបាត់ដំបង និងក្រុមសិរីសោភ័ណ ក្នុងខេត្តបន្ទាយមានជ័យផងដែរ។

ផ្លូវជាតិលេខ៥ ស្ថិតនៅក្នុងផែនការតភ្ជាប់រវាងប្រទេសថៃ កម្ពុជា និងវៀតណាម ដែលលោកហេង សុខគង់រដ្ឋលេខាធិការក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនាវនុវតន៍បានលើកឡើងថា រដ្ឋាភិបាលនឹងសា​ង​សង់សួនឧស្សាហកម្ម នៅតាមតំបន់ជាប់ផ្លូវជាតិនេះ ដើម្បីជួយសម្រួល​ដល់លំហូរពាណិជ្ជកម្ម និងទាញយកផលប្រយោជន៍ ពីការដឹកជញ្ជូនទំនិញឆ្លងកាត់តំបន់នេះ៕

LEAVE A REPLY

Please enter your comment!
Please enter your name here