ដោយៈវឌ្ឈនៈ
ភ្នំពេញៈ អគារការិយាល័យជួលស្តង់ដារ នៅក្នុងប្រទេសកម្ពុជាកាន់តែមានសន្ទុះងើបឡើងជាបន្តបន្ទាប់ ជាពិសេសការិយាល័យកម្រិត B និង C ដោយភាគច្រើនកម្រិតទាំងនេះ គឺមានតម្រូវការខ្លាំងពីម្ចាស់ក្រុមហ៊ុននិងអាជីវកម្មក្នុងស្រុក។

ដោយៈវឌ្ឈនៈ
ភ្នំពេញៈ អគារការិយាល័យជួលស្តង់ដារ នៅក្នុងប្រទេសកម្ពុជាកាន់តែមានសន្ទុះងើបឡើងជាបន្តបន្ទាប់ ជាពិសេសការិយាល័យកម្រិត B និង C ដោយភាគច្រើនកម្រិតទាំងនេះ គឺមានតម្រូវការខ្លាំងពីម្ចាស់ក្រុមហ៊ុននិងអាជីវកម្មក្នុងស្រុក។

ដោយឡែកតម្រូវការការិយាល័យកម្រិត A ក្នុងប្រទេសកម្ពុជាមិនទាន់មានច្រើនទេ តែសម្រាប់ឆ្នាំ២០២២នេះ អ្នកជំនាញរំពឹងថា ការិយាល័យកម្រិត A និង B នឹងមានកំណើនខ្ពស់។
លោកច្រឹក សុខនីមប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលវត្ថុកម្ពុជាបានឱ្យដឹងថា ការផ្គត់ផ្គង់ការិយាល័យ នៅក្នុងឆ្នាំ២០២២នេះ និងឆ្នាំបន្តបន្ទាប់ទៀត ជាទីផ្សារដែលមានសក្ដានុពល ជាពិសេសកម្រិត B និងកម្រិត C ដើម្បីឆ្លើយតប និងបំពេញតម្រូវការប្រើប្រាស់ របស់ម្ចាស់ក្រុមហ៊ុនអាជីវកម្ម ដែលទើបចាប់ផ្ដើមក្រុមហ៊ុនថ្មីៗ ។ ក្រៅពីនេះ ម្ចាស់ក្រុមហ៊ុនមួយចំនួនទៀត ដែលធ្លាប់ប្រើប្រាស់ការិយាល័យជាផ្ទះល្វែង ផ្ទះវីឡា ទៅប្រើប្រាស់អគារការិយាល័យ ដែលមានកម្រិតស្តង់ដារគុណភាពខ្ពស់។
លោកបន្តថា “បច្ចុប្បន្ននេះ ការផ្គត់ផ្គង់ការិយាល័យកម្រិត B&C មានតិចណាស់ ខណៈតម្រូវការមានច្រើន។ ចំណែកកម្រិត A វិញ មិនទាន់មានតម្រូវការច្រើននោះទេ ដោយសារវាមានតម្លៃខ្ពស់ ពិបាកសម្រាប់ម្ចាស់អាជីវកម្មទើបនឹងចាប់ផ្ដើមដំបូង”។
ចំណែកលោកខេន ឡូ អ្នកជំនាញ នៃវិស័យអចលនទ្រព្យមួយរូបក្នុងប្រទេសកម្ពុជាបានមានប្រសាសន៍ថា ឆ្នាំ២០២២នេះ លំហូរវិនិយោគិនបរទេសនឹងចូលមកកម្ពុជាវិញ បើសិនជាស្ថានភាពកូវីដ១៩ ប្រភេទអូមីក្រុងនេះមិនរាលដាលខ្លាំង ហើយនៅពេលលំហូរវិនិយោគិនបរទេសចូលមកកម្ពុជាច្រើន ពេលនោះតម្រូវការនៃការិយាល័យ សម្រាប់ជួលរបស់ក្រុមហ៊ុនានានឹងមានកំណើន។
លោកបន្តថា “វិនិយោគិនបរទេស គេនឹងរកការិយាល័យណាដែលមានស្តង់ដារខ្ពស់ ដូច្នេះការិយាល័យកម្រិត A និង B នឹងមានសក្ដានុពលនៅមានលំហូរវិនិយោគិនចូលកម្ពុជាកាន់តែច្រើន ជាពិសេសចាប់ពីឆ្នាំ២០២២ទៅ”៕