ដោយ៖ គង់ សូរិយា
ភ្នំពេញ៖ ខេត្តព្រះសីហនុកំពុងដើរតួនាទីជាប៉ូលសេដ្ឋកិច្ចទី២ បន្ទាប់ពីរាជធានីភ្នំពេញនៅក្នុងពេលឆាប់ៗខាងមុខនេះ ខណៈសក្តានុពលដែលមិនទាន់ទាញយកមកប្រើប្រាស់កាលពីមុន កំពុងមានសភាពរសរវើកតាមរយៈលំហូរវិនិយោគដោយផ្ទាល់ពីបរទេស និងកំនើនភ្ញៀវទេសចរណ៍កើនឡើងយ៉ាងគំហុក។
អគ្គនាយកក្រុមហ៊ុន Century21 Mekong បានថ្លែងឲ្យដឹងថា ខេត្តព្រះសីហនុពិតជាមានសក្តានុពល ដោយសារមានការភ្ជាប់ជើងហោះហើរពីប្រទេសចិន និងពីខេត្តសៀមរាបមកកាន់ទីនោះកាន់តែច្រើន ពិសេសអ្វីដែលលោកភ្ញាក់ផ្អើលនោះ គឺលោកឃើញវត្តមានជនជាតិចិនកាន់តែច្រើនមកទស្សនា និងវិនិយោគនៅខេត្តជាប់មាត់សមុទ្រមួយនេះ។លោកបន្តថា ខេត្តនេះនៅមានសក្តានុពល សម្រាប់អភិវឌ្ឍន៍ច្រើន ដោយសារមានដីទំនេរច្រើន ដែលផ្តល់ជំរើសដល់អ្នកអភិវឌ្ឍន៍កាន់តែមានភាពងាយស្រួល។
-->
លោកបន្តថា “និយាយពីការសាងសង់ខុនដូនៅខេត្តព្រះសីហនុ យើងត្រូវសួរថា តើអ្នកអភិវឌ្ឍន៍ផ្តោតលើអ្នកណាជាគោលដៅ។ បើអ្នកវិនិយោគផ្តោតលើប្រជា ជនក្នុងស្រុកខ្ញុំមិនសូវមានជំនឿចិត្តនោះទេ។លោកបន្តថា “ប្រជាពលរដ្ឋខេត្តព្រះសីហនុទំនងមិនសូវចាប់អារម្មណ៍ខុនដូច្រើនទេ ពួកគេនៅតែចាប់អារម្មណ៍លំនៅដ្ឋានផ្ទាល់ដី ដោយសារខេត្តនៅសល់ដីទំនេរច្រើន និងមានតំលៃធូរថ្លៃនៅឡើយ។

ខេត្តព្រះសីហនុបច្ចុប្បន្នបានក្លាយជាប៉ូលទី២ ដែលអ្នកវិនិយោគបរទេសបាននិងកំពងសាងសង់ខុនដូនៅតំបន់នេះច្រើន ដូចជា គំរោង Dseaview, Sunshine Bay, Royal Bayview និងគំរោងខុនដូជាច្រើនទៀត ដែលបាននិងកំពុងសាងសង់ជាបន្តបន្ទាប់។
លោក ច្រឹក សុននីម បានបន្តថា ដោយសារខេត្តព្រះសីហនុជាតំបន់ទេសចរណ៍ ហើយរដ្ឋាភិបាលកំពុងរៀបចំតំបន់នេះទៅជាតំបន់ពាណិជ្ជកម្មនាពេលអនាគត អ្នកវិនិយោគដែលមានគោលដៅធ្វើការវិនិយោគរយៈពេលវែងបានងាកទៅកាន់តំបន់នេះ ដោយសារវាជាតំបន់ដែលមានសក្តានុពលសម្រាប់ពេលអនាគត។

លោកបន្តថា “រដ្ឋាភិបាលបាននិងកំពុងផ្តោតការយកចិត្តទុកដាក់នៅតំបន់នេះ តាមរយៈការរៀបចំឆ្នេរឲ្យមានសោភ័ណភាព និងរៀបរៀបរយជាងមុន គម្រោងសាងសង់ផ្លូវហាយវេពីរាជធានីភ្នំពេញ ទៅកាន់ខេត្តនេះ ការមានព្រលានយន្តហោះ លំដាប់អន្តរជាតិ និងកំណើនភ្ញៀវទេសចរណ៍ សុទ្ឋតែជាកត្តាហុចសក្តានុពលដល់អ្នកវិនិយោគសាងសង់ខុនដូនៅខេត្តនេះ។លោកបន្តថា “ពេលបុណ្យទានម្តងៗពិបាករកផ្ទះសំណាក់ និងសណ្ឋាគារសម្រាប់ស្នាក់នៅ ដូច្នេះការទិញខុនដូសម្រាប់លំហែរនឹងជាជំរើសមួយផងដែរ។
អ្នកវិនិយោគខុនដូមួយរូប ដែលបាននិងកំពុងវិនិយោគខុនដូមួយក្នុងចំណោមខុនដូខាងលើបាននិយាយក្នុងលក្ខខ័ណ្ឌមិនបញ្ចេញឈ្មោះថា“ខេត្តព្រះសីហនុជាខេត្តតំបន់ឆ្នេរមួយ ដែលមានភាពស្រស់ស្អាត និងជាប៉ូលទាក់ទាញភ្ញៀវទេសចរណ៍លំដាប់ទី២បន្ទាប់ពីខេត្តសៀមរាប ដូច្នេះខ្ញុំគិតថាអ្វីៗវានឹងប្រសើរឡើងសម្រាប់ខុនដូរបស់ខ្ញុំ ព្រោះទីនោះមិនសូវមានខុនដូ និងអូតែលលំដាប់ប្រណីតនៅឡើយ។
“យើងសាងសង់ខុនដូសម្រាប់ទាក់ទាញជនបរទេស មកប្រទេសរបស់យើង ហើយនៅឆ្នាំ២០១៨ ការចម្រាញ់យកប្រេងកាតពីសមុទ្ររបស់យើង នឹងចាប់ផ្តើមដែលនេះជាផ្នែកមួយដ៏សំខាន់ ក្នុងការទាក់ទាញអ្នកវិនិយោគបន្ថែមមកកាន់ទីនេះ។ អ្នកវិនិយោគរូបនោះបន្ថែម។
លោក ហូ វណ្ឌីអគ្គលេខាធិការសម្ព័ន្ឋទេសចរណ៍ជាតិកម្ពុជាបានថ្លែងថា បច្ចុប្បន្នមានក្រុមហ៊ុនអាកាសចរណ៍ក្នុងស្រុកចំនួនពីរ គឺក្រុមហ៊ុនកម្ពុជាអង្គរអ៊ែរ និងក្រុមហ៊ុនបាយ័នអ៊ែរបានធ្វើការហោះហើររវាងខេត្តសៀមរាប និងរាជធានីភ្នំពេញទៅកាន់ខេត្តព្រះសីហនុជារៀងរាល់ថ្ងៃ និងមានអាកាសចរណ៍មកពីបរទេសធ្វើការហោះហើរលក្ខណៈជួល និងយូរៗម្តងមកកាន់ខេត្តព្រះសីហនុផងដែរ។

លោកបន្តថា “ខេត្តនេះនឹងកាន់តែមានសក្តានុពល និងមានការរីកចំរើនកាន់តែខ្លាំង ប្រសិនជាអាជ្ញាធររក្សាបាននូវហេដ្ឋារចនាសម្ព័ន្ឋ និងបរិស្ថាន ព្រមទាំងសម្បត្តិ ធម្មជាតិទាំងលើគោក និងក្នុងទឹកបានល្អ។លោកបន្តថា “ជោគជ័យឬមិនជោគជ័យលើការសាងសង់ខុនដូ និងអចលនវត្ថុនៅទីនេះ វាអាស្រ័យលើការអភិរក្សធនធានធម្មជាតិ និងការរៀបចំតំបន់នេះឲ្យកាន់តែមានភាពទាក់ទាញ។
លោក យន្ត មីន អភិបាលខេត្តព្រះសីហនុបានថ្លែងថា បច្ចុប្បន្នមានខុនដូចំនួនបីបាន និងកំពុងសាងសង់នៅតាមតំបន់ឆ្នេរក្នុងខេត្ត ដែលជាការវិនិយោគរបស់ក្រុមហ៊ុនក្នុងស្រុក និងបរទេស។លោកបន្តថា ខេត្តព្រះសីហនុចេះតែបន្តអភិវឌ្ឍន៍ទៅមុខ កាន់តែលឿន ដោយសាររដ្ឋាភិបាលបានរៀបចំខេត្តនេះ ឲ្យក្លាយជាតំបន់ពាណិជ្ជកម្មពហុវិស័យ ព្រោះខេត្តនេះមានឆ្នេរស្អាត មានកំពង់ផែទឹកជ្រៅតែមួយគត់នៅកម្ពុ ជា និងមានជើងហោះហើរត្រង់កាន់តែច្រើនឆ្ពោះមកកាន់ខេត្តនេះ។
លោកបន្តថា “ដោយសារសន្តិភាព ទើបមានអ្វីៗទាំងអស់នេះ។លោកបន្តថា “ប្រជាជនក្នុងខេត្តព្រះសីហនុ មានការចាប់អារម្មណ៍លើខុនដូខុនដូច្រើន។
ទីប្រឹក្សារាជរដ្ឋាភិបាលកម្ពុជា លោកបណ្ឌិតសុក ស៊ីផាន់ណាបានថ្លែងថា តាមរយៈគោលនយោបាយអភិវឌ្ឍន៍ វិស័យឧស្សាហកម្មរបស់រដ្ឋាភិបាល ដែលបានដាក់ខេត្តព្រះសីហនុជាតំបន់សេដ្ឋកិច្ច និងឧស្សាហកម្មបានធ្វើឲ្យខេត្តនេះមានសកម្មភាពអភិវឌ្ឍន៍យ៉ាងលឿន ដោយសារហេដ្ឋារចនាសម្ព័ន្ឋអំណោយផលនានា ដូចជា តំបន់សេដ្ឋកិច្ចពិសេស ដែលងាយស្រួលក្នុងការដឹកជញ្ជូន ដោយសារវាជាប់កំពង់ផែទឹកជ្រៅតែមួយគត់របស់កម្ពុជា ការពង្រីកព្រលានយន្តហោះកងកេង ក្លាយជាព្រលានយន្តហោះលំដាប់អន្តរជាតិ ការតភ្ជាប់ផ្លូវគោក និងផ្លូវល្បឿនលឿនជាដើម សុទ្ឋតែជាសក្តានុពលរបស់ខេត្ត។
លោកបន្តថា “ខ្ញុំគិតថារយៈពេល៥ឆ្នាំខាងមុខ ខេត្តព្រះសីហនុនឹងជំនួសខេត្តសៀមរាប ដោយសារខេត្តសៀមរាបពឹងផ្អែកខ្លាំង តែលើវិស័យទេសចរណ៍តែមួយប៉ុណ្ណោះ។
បច្ចុប្បន្នព្រលានយន្តហោះកងកេង ខេត្តព្រះសីហនុមានយន្តហោះចុះចតចំនួន២៤លើកក្នុងមួយថ្ងៃ ខណៈដែលអ្នកនាំពាក្យរដ្ឋលេខាធិការអាកាសចរណ៍ស៊ីវិលលោកស៊ិន ចាន់សិរីវុត្ថាបានលើកឡើងថា លោករំពឹងថាព្រលានយន្តហោះនេះនឹងអាចទទួលភ្ញៀវឆ្លងកាត់៨០ម៉ឺននាក់នាឆ្នាំនេះ៕