ដោយៈវឌ្ឍនៈ
ភ្នំពេញៈ ការអភិវឌ្ឍលំនៅឋាននៅកម្ពុជា នាពេលបច្ចុប្បន្ននេះគេសង្កេតឃើញថា នៅមានកំណើន និងសកម្មភាពកាន់តែខ្លាំងបន្ថែមទៀត ក្នុងនោះ ការអភិវឌ្ឍមួយផ្នែកផ្ដោតលើលំនៅឋាន ដែលមានតម្លៃសមរម្យសម្រាប់អ្នកមានចំណូលមធ្យម និងក្រោមមធ្យម និងមានអ្នកអភិវឌ្ឍមួយចំនួន ក៏ចាប់ផ្ដើមងាកទៅរកការអភិវឌ្ឍលំនៅឋាន ដែលមានតម្លៃខ្ពស់សម្រាប់អ្នកជីវភាពចាប់ពីកម្រិតមធ្យមឡើងឬអភិជន។
លោកជំទាវឧកញ៉ាគង់ សំណាងអគ្គនាយិកាបុរីវិមានសំណាង ដែលជាបុរីអភិវឌ្ឍន៍លំនៅឋានតម្លៃខ្ពស់នៅភ្នំពេញ បានមានប្រសាសន៍ក្នុងកិច្ចសម្ភាសន៍ជាមួយគេហទំព័រ Property Area កាលពីពេលថ្មីៗនេះឱ្យដឹងថា ផ្នត់គំនិតរបស់ប្រជាពលរដ្ឋកម្ពុជា ក្នុងការរស់នៅផ្ទះជាប់ដីនៅតែមានច្រើនដែលធ្វើឱ្យតម្រូវការលំនៅឋានជាប្រភេទផ្ទះជាប់ដី ក៏កាន់តែច្រើនដូចគ្នា ហើយប្រភេទផ្ទះ ដែលពលរដ្ឋស្វែងរកភាគច្រើនជាប្រភេទផ្ទះនៅក្នុងបុរី។
លោកជំទាវបន្តថា “សម្រាប់បុរីវិមានសំណាង គឺផ្ដោតលើលំនៅឋានដែលមានតម្លៃខ្ពស់ សម្រាប់ប្រជាពលរដ្ឋដែលមានជីវភាព ចាប់ពីកម្រិតមធ្យមឡើងទៅ ឬជាផ្ទះសម្រាប់អភិជន ពីព្រោះថាប្រជាពលរដ្ឋ ដែលមានប្រាក់ចំណូលខ្ពស់ក៏កាន់តែច្រើន ហើយពួកគាត់ក៏បានលំនៅឋានដែលមានការរស់នៅស្អាត ល្អជាមួយនឹងបរិយាកាសរស់នៅល្អផងដែរ”។
លោកជំទាវឧកញ៉ាបន្ថែមថា នៅក្នុងបុរីវិមានសំណាងបានអភិវឌ្ឍន៍ជាសួនច្បារធំៗ មានផ្ទះមួយចំនួនសាងសង់ឡើង បែរទៅរកមាត់ទឹក ពោលធ្វើឱ្យការរស់នៅកាន់តែស្រស់ស្រាយ ជាមួយនឹងតំបន់ដែលមានសក្ដានុពលខ្ពស់ផងដែរ ។
ក្រៅពីបុរីវិមានសំណាង បច្ចុប្បន្ននេះគេសង្កេតឃើញថាអ្នកអភិវឌ្ឍន៍លំនៅឋានច្រើនទៀត ក៏បានសាងសង់លំនៅឋានតម្លៃខ្ពស់ផងដែរ ក្នុងនោះគេឃើញថាបុរីភ្នំពេញថ្មី នៅតាខ្មៅក៏មានតម្លៃរាប់ម៉ឺនដុល្លារអាមេរិក ដែលផ្ទះប្រភេទនេះ សម្រាប់ធ្វើអាជីវកម្មផង និងសម្រាប់រស់នៅផង ។
តំណាងបុរីភ្នំពេញថ្មីសាខាតាខ្មៅ បានបញ្ជាក់ថាតម្លៃលំនៅឋានដែលបុរីសាងសង់ឡើងក្នុងក្រុងតាខ្មៅ សុទ្ធតែជាប្រភេទលំនៅឋានសម្រាប់កម្រិតមធ្យមឡើងទៅ ពោលគឺរាប់ម៉ឺនដុល្លារអាមេរិកក្នុងមួយល្វែង។ យ៉ាងណាក្ដីតម្លៃនេះ គឺសមរម្យសម្រាប់ទីតាំងសក្ដានុពល និងប្រជាពលរដ្ឋដែលចង់ទៅរស់នៅ ក្នុងគម្រោងនោះ ។
បុរីមួយទៀតដែលឃើញ ក្នុងការផ្សព្វផ្សាយរបស់ពួកគេ ក៏មានតម្លៃរាប់លានដុល្លារអាមេរិកផងដែរ ក្នុងមួយល្វែងជាប្រភេទផ្ទះ សម្រាប់អ្នកមានចំណូលខ្ពស់តែម្ដង ។
លោកឧកញ៉ាសំ សុខនឿនប្រធានសមាគមអចលនទ្រព្យសកលបានលើកឡើងថា សម្រាប់លំនៅឋានដែលមានតម្លៃខ្ពស់ គឺមិនសូវជារងផលប៉ះពាល់ពីវិបត្តិនោះទេ ព្រោះផ្ទះប្រភេទនេះសម្រាប់អ្នកមានលុយច្រើន ហើយអ្នកមានលុយច្រើនគឺមិនប៉ះពាល់ ឬរងគ្រោះដោយសារតែវិបត្តិនោះដែរ ៕