ការសិក្សាបានរកឃើញថា ប្រទេសភាគច្រើនក្នុងតំបន់អាស៊ានមានសេដ្ឋកិច្ចរ៉ឹងមាំខ្លាំង

0

ដោយ វុត្ថា

ភ្នំពេញ៖ របាយការណ៍មួយដែលចេញផ្សាយដោយវិទ្យាស្ថាន McKinsey Global (MGI) បានឱ្យដឹងកាលពីពេលថ្មីៗកន្លងទៅនេះថា ដោយសារតែមានគោលនយោបាយរីកចម្រើន និងវត្តមានរបស់ក្រុមហ៊ុននៅក្នុងបណ្តាប្រទេសជាសមាជិកអាស៊ាន តំបន់នេះ ត្រូវបានគេចាប់ចំណាត់ថ្នាក់ស្ថិត ក្នុងចំណោមប្លុកសេដ្ឋកិច្ចដែលមានការរីកចម្រើនលេចធ្លោជាងគេនៅលើពិភពលោក។

របាយការណ៍មួយសិក្សាដោយ MGI ដែលជាផ្នែកមួយនៃការស្រាវជ្រាវ និងសេដ្ឋកិច្ចរបស់ក្រុមហ៊ុន McKinsey & Company បានវិភាគទៅលើប្រទេសដែលមានសេដ្ឋកិច្ចលេចធ្លោចំនួន ៧១ នៅជុំវិញពិភពលោក ហើយបានកំណត់អត្តសញ្ញាណប្រទេសចំនួន១៨ ដែលមានសេដ្ឋកិច្ចរីកចម្រើនលឿនជាងបណ្តាលប្រទេសជាដៃគូរ។

ក្នុងចំណោមនេះ របាយការណ៍នេះបានឱ្យដឹងថា ក្នុងចំណោមសមាជិកនៃសហគមន៍សេដ្ឋកិច្ចអាស៊ាន ប្រទេសចំនួន៨ក្នុងតំបន់នេះ ត្រូវបានគេចាត់ទុកជាប្រទេសមានសេដ្ឋកិច្ចរឹងមាំ ដូចជា​ប្រទេស ឥណ្ឌូនេស៊ី ម៉ាឡេស៊ី សឹង្ហបុរី ថៃ កម្ពុជា ឡាវ  មីយ៉ាន់ម៉ា និងប្រទេសវៀតណាម គឺជាប្រទេសក្នុងចំណោមប្រទេស ទាំង១៨ នៅលើពិភពលោក។

ប្រទេសដែលមានសេដ្ឋកកិច្ចរីកចម្រើនយូរអង្វែង និងរ៉ឹងមាំជាងគេនៅក្នុងចំណោ​មប្រទេសទាំង៨នេះ រួមមាន ឥណ្ឌូនេស៊ី ម៉ាឡេស៊ី សឹង្ហបុរី និងប្រទេសថៃ ដែលមានកំណើនជាមធ្យមប្រមាណ៣,៥ភាគរយ នៃកំណើនផលិតផលក្នុងស្រុកសរុបប្រចាំឆ្នាំ (GD) ក្នុងរយៈពេល៥០ឆ្នាំមកនេះ ។ ចំណែកប្រទេសកម្ពុជា ឡាវ មីយ៉ាន់ម៉ា និងវៀតណាម ក៏ទទួលបានលទ្ធផលល្អជាងគេដែរ ក្នុងរយៈពេល២០ឆ្នាំកន្លងមកនេះ។

របាយការណ៍នេះបានកត់សម្គាល់ថាប្រទេសហ្វីលីពីន ក៏មិនអន់ណាស់ណាដែរចំពោះកំណើនសេដ្ឋកិច្ច ដែលមានរីកចម្រើនលឿនក្នុងរយៈពេលថ្មីៗនេះ ដែលអាចនឹងធ្វើអោយប្រទេសមួយនេះ នឹងជាប់ចំណាត់ថ្នាក់ល្អបំផុតនៅថ្ងៃអនាគត។ ជាមួយគ្នានេះដែរប្រទេសប្រ៊ុយណេ មិនត្រូវបានគេយកមកដាក់ក្នុងរបាយការណ៍នោះទេ។

ការរីចម្រើនសេដ្ឋកិច្ចយ៉ាងលឿន នៅក្នុងនៅក្នុងបណ្តាប្រទេសទាំងនេះ ដោយ​សា​ររដ្ឋាភិបាលនៅក្នុងតំបន់នេះ បានដាក់ចេញនូវគោលនយោបាយសេដ្ឋកិច្ចច្បាស់លាស់ និងវត្តមានរបស់ក្រុមហ៊ុន ដែលមានថាមពលវិនិយោគធំៗជាច្រើន។  តែយ៉ាងណាក៏ដោ​យរបាយការណ៍នេះ សង្កត់ធ្ងន់ថា អាស៊ានក៏មិនអាចដេកត្រឹមការរីកចម្រើនបុណ្ណេះនោះទេ ត្រូវតែបោះជំហានឆ្ពោះទៅមុខ និងស្វះស្វែងរកឪកាសពាណិជ្ជកម្ម  និងរកដំណោះស្រាយចំពោះវិសមភាពប្រាក់ចំណូល នៅតាមបណ្តាប្រទេសមួយចំនួនទៀតផងដែរ។

រដ្ឋាភិបាល និងអ្នកបង្កើតគោលនយោបាយនៅក្នុងតំបន់ ត្រូវតែផ្តោតសំខាន់ផលិតភាពឌីជីថល ផលិតភាពការងារ និងការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធឲ្យបានល្អប្រសើរ។ទន្ទឹមនឹងនេះដែរ ហេដ្ឋារចនាសម្ព័ន្ធដែលឆ្លើយតបនឹងគោលដៅអភិវឌ្ឍន៍សេដ្ឋកិច្ច គឺមានសារៈសំខាន់ណាស់ ជាពិសេសសម្រាប់សេដ្ឋកិច្ចអាស៊ាន ដែលមានប្រជាជនច្រើន ប៉ុន្តែមានដង់ស៊ីតេទាប។

របាយការណ៍ MGI បន្តថា ប្រសិនបើការរីកចម្រើនទាំងនេះនៅតែបន្តមានភាពរ៉ឹងមាំ អាស៊ានអាចបង្កើនទ្វេដងនូវផលទុនជាតិសរុបប្រចាំឆ្នាំរបស់ខ្លួនប្រហែល៥ពាន់ពាន់លានដុល្លារ (ប្រហែលជា ៦,៨៦ សែនកោដិដុល្លារ) ។ បើស្ថិតនៅក្នុងកម្រិតនោះមែន GDP របស់អាស៊ាននឹងកើនឡើង៥ភាគរយ នៃផលិតផលក្នុងស្រុកសរុបរបស់ពិភពលោក។ ប្រទេសឥណ្ឌូណេស៊ី ម៉ាឡេស៊ី សឹង្ហបូរី និងថៃអាចទទួលបានភាគច្រើនដោយបន្តពង្រីកសេដ្ឋកិច្ចរបស់ខ្លួន៣,៨ ភាគរយជារៀងរាល់ឆ្នាំ៕

LEAVE A REPLY

Please enter your comment!
Please enter your name here