កម្ពុជា​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​ចំនួន២ រវាង​អាស៊ាន-ហុង

0

ដោយ៖ វុត្ថា
ហ្វីលីពីន៖ ក្នុងអំឡុងពេល​ចូលរួម​កិច្ចប្រជុំ​កំពូល​អាស៊ាន​លើក​ទី៣១ និង​កិច្ចប្រជុំ​ពាក់ព័ន្ធ ចាប់ពី​ថ្ងៃទី១០ ដល់ទី១៤ ខែវិច្ឆិកា ឆ្នាំ២០១៧ នៅ​ទីក្រុង​ម៉ា​នី​ឡា ប្រទេស​ហ្វីលីពីន ឯកឧត្តម ប៉ាន សូរ​ស័ក្តិ រដ្ឋមន្ត្រីក្រសួង​ពាណិជ្ជកម្ម រួមជាមួយ​រដ្ឋមន្ត្រី​សេដ្ឋកិច្ច​អាស៊ាន និង​រដ្ឋលេខាធិការ​ពា​ណិ​ជ្ជ​កម្ម និង​ឧស្សាហកម្ម ចិន​ហុងកុង​កាលពី​ថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០១៧  បាន​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​សំខាន់​ចំនួន​ពីរ៖ កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​រវាង​អាស៊ាន-ហុងកុង និង​កិច្ចព្រមព្រៀង​ស្តីពី​វិនិយោគ រវាង​អាស៊ាន និង​ហុងកុង។

នេះ​គឺជា​ជោគជ័យ​ថ្មី​មួយទៀត​របស់​ប្រទេស​កម្ពុជា​ដែល​ទទួលបាន​ក្នុង​ការធ្វើសមាហរណកម្ម​សេដ្ឋកិច្ច​ទៅក្នុង​សេដ្ឋកិច្ច​តំបន់ និង​ពិភពលោក បន្ទាប់ពី​រដ្ឋសភា និង​ព្រឹទ្ធសភា​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បានអនុម័ត​យល់ព្រម​លើ​សេចក្តីព្រាងច្បាប់​ស្តីពី​ឧបាស្រ័យ​ពាណិជ្ជកម្ម និង​អនុម័ត​យល់ព្រម​លើ​ពិធីសារ​នៃ​ការអនុវត្ត​កិច្ចព្រមព្រៀង​អាស៊ាន សាធារណរដ្ឋ​ប្រជាមានិត​ចិន​កាលពី​ខែតុលា ឆ្នាំ២០១៧ កន្លងទៅ។

គោលបំណងសំខាន់ៗ នៃ​កិច្ចព្រមព្រៀង​ទាំងពីរ​គឺ៖ (១) កាត់បន្ថយ​របាំង​ចំពោះ​លំហូរ​ពាណិជ្ជកម្ម​ទំនិញ សេវា និង​វិនិយោគ ធើ្វ​ឲ្យ​កាន់តែ​ស៊ីជម្រៅ និង​ទូលំទូលាយ​នូវ​ការផ្សារភ្ជាប់​សេដ្ឋកិច្ច កាត់បន្ថយ​ចំណាយ​សម្រាប់​ធុរជន បង្កើន​ពាណិជ្ជកម្ម ពង្រឹង​ប្រសិទ្ធភាព​សេដ្ឋកិច្ច និង​បង្កើត​ទីផ្សារ​កាន់តែ​ធំ​ទូលាយ​ជាមួយ​កាលានុវត្តភាព​ច្រើនជាង​មុន និង​សេដ្ឋកិច្ច​មាត្រដ្ឋាន​កាន់តែ​ធំ​សម្រាប់​ធុរកិច្ច (២) ធ្វើ​ពិពិធ​កម្ម និង​ជំរុញ​ពាណិជ្ជកម្ម វិនិយោគ និង​ទំនាក់ទំនង​សេដ្ឋកិច្ច​រវាង​ភាគី (៣) ផ្តល់​ការអនុគ្រោះ​ពិសេស និង​ដោយឡែក ចំពោះ​រដ្ឋ​ជា​សមាជិក​អាស៊ាន​ថ្មី ដូចជា កម្ពុជា ឡាវ មី​យ៉ាន់​ម៉ា និង​វៀតណាម ដើម្បី​បង្កើន​ការចូលរួម​ក្នុង​សមាហរណកម្ម​សេដ្ឋកិច្ច​កាន់តែខ្លាំង​ជាង​មុន និង​ពង្រីក​ការនាំចេញ តាមរយៈ​ការបង្កើន​សមត្ថភាព ប្រសិទ្ធភាព និង​ភាព​ប្រកួតប្រជែង​ក្នុងស្រុក (៤) ជួយ​ទ្រទ្រង់​ដល់​ការធ្វើសមាហរណកម្ម​សេដ្ឋកិច្ច​ទៅក្នុង​តំបន់ និង​ពិភពលោក និង​ទ្រទ្រង់​ដល់​ការអភិវឌ្ឍ​សេដ្ឋកិច្ច​ប្រកបដោយ​ចីរភាព។

នៅពេល​កិច្ចព្រមព្រៀង​នេះ​ចូល​ជា​ធរមាន នឹងធ្វើ​ឲ្យ​មាន​ភាពល្អ​ប្រសើរឡើង​នូវ​លំហូរ​វិនិយោគ និង​ពាណិជ្ជកម្ម​រវាង​ភាគី​ទាំងពីរ ដែល​នឹង​ផ្តល់​អត្ថប្រយោជន៍​ដល់​ប្រជាជន​អាស៊ាន រួមមាន​កម្ពុជា​ផង ក៏ដូចជា ហុងកុង។ លើសពីនេះ​ទៀត នឹង​បង្កើន​ការតភ្ជាប់​សេដ្ឋកិច្ចរ​វា​ង​អាស៊ាន​ហុងកុង តាមរយៈ​ការធ្វើ​សេរីភាវូបនីយកម្ម​ពាណិជ្ជកម្ម​ទំនិញ សេវាកម្ម និង​វិនិយោគ។ កម្ពុជា​នឹង​ទទួលបាន​ផលប្រយោជន៍​ច្រើន​ពី​កិច្ចព្រមព្រៀង​នេះ ដោយសារ​ហុងកុង ជាទី​ផ្សារ​មូលធន​ដ៏​ធំ។

គួររំលឹកថា កិច្ចព្រមព្រៀង​សំខាន់​ទាំងពីរ ត្រូវបាន​ចាប់ផ្តើម​ចរចា​ដំបូង​នៅ​ឆ្នាំ២០១៤ និង​បានបញ្ចប់​នា​កិច្ចប្រជុំ​គណៈកម្មាធិការ​ចរចា​ពាណិជ្ជកម្ម​អាស៊ាន-ហុងកុង លើក​ទី១០ នៅ​ទីក្រុង​បាងកក ថៃឡង់​ដ៏ កាលពី​ខែកក្កដា ឆ្នាំ២០១។ ក្រោយ​នោះ មាន​ការងារ​បច្ចេកទេស​លម្អិត​ជាច្រើន ត្រូវបាន​បន្តធ្វើ ដូចជា​ការងារ​រៀបចំ​ឲ្យ​មានការ​ឯកភាពគ្នា​ក្នុងការ​ប្រើប្រាស់​ពាក្យពេចន៍​គន្លឹះ​មួយចំនួន តារាង​បញ្ចុះ​ពន្ធគយ​ចុងក្រោយ ទម្រង់​រួម​នៃ​តារាង​ពន្ធគយ។ល។ នៅ​ថ្ងៃទី២៧ ខែតុលា ឆ្នាំ២០១៧ ប្រធាន​ក្រុម​ចរចា​បាន​ឈានដល់​ការឯកភាព​គ្នា​ទាំងស្រុង​លើ​អត្ថបទ​ចុងក្រោយ​នៃ​កិច្ចព្រមព្រៀង ដែល​រួចរាល់​សម្រាប់​ការចុះហត្ថលេខា​ដោយ​រដ្ឋមន្ត្រី​សេដ្ឋកិច្ច​អាស៊ាន ជាមួយ​រដ្ឋលេខាធិការ​នៃ​ចិន​ហុងកុង៕

LEAVE A REPLY

Please enter your comment!
Please enter your name here