អ្នកជំនាញចែករំលែកវិធីសាស្រ្តក្នុងការលក់ខុនដូឱ្យបានជោគជ័យ

0

ដោយ៖ វឌ្ឍនៈ

ភ្នំពេញ ៖ ទីផ្សារខុនដូកម្ពុជាក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះកំពុងមានសន្ទុះគួរឱ្យកត់សម្គាល់ ក្នុងនោះ អ្នកអភិវឌ្ឍន៍និងអ្នកទិញខុនដូនៅក្នុងប្រទេសកម្ពុជា ចាប់ផ្ដើមមានជនជាតិខ្មែរបណ្ដើរៗហើយ។ ទន្ទឹមនឹងនោះដែរ មុខរបរលក់ខុនដូ ក៏បានផ្ដល់ឱកាសការងារនិងប្រាក់ចំណូលដល់ប្រជាពលរដ្ឋកម្ពុជាជាច្រើនផងដែរ តែក៏មានអ្នកខ្លះជោគជ័យ ខ្លះក៏បានត្រឹមតែមួយរស់ៗ។

លោក ខន គង្គា អគ្គនាយកនៃក្រុមហ៊ុនអន្តរជាតិ ERA Cambodia និងជាអ្នកជំនាញលើវិស័យខុនដូនៅកម្ពុជា បានបង្ហាញពីចំណុចគោលៗមួយចំនួនសម្រាប់អ្នកដែលមានបំណងប្រឡូកក្នុងវិស័យខុនដូ ដើម្បីទទួលបានជោគជ័យ។

 លោកបានមានប្រសាសន៍ថា “ចង់ក្លាយជាអ្នកលក់ខុនដូជោគជ័យម្នាក់ ភ្នាក់ងារលក់ខុនដូ ត្រូវការជ្រើសរើសក្រុមហ៊ុនណាមួយដែលមានជំនាញក្នុងការលក់ខុនដូ ពីព្រោះថាបច្ចុប្បន្ននេះ ក្រុមហ៊ុនជាភ្នាក់ងារលក់ខុនដូនៅក្នុងប្រទេសកម្ពុជា ហើយបើនិយាយពីក្រុមហ៊ុនអចលនទ្រព្យវិញរឹតតែមានច្រើនទៅទៀត តែសម្រាប់ក្រុមហ៊ុនជំនាញលក់ខុនដូគឺមានតិចតួចប៉ុណ្ណោះ។ សម្រាប់ក្រុមហ៊ុនរបស់ERA គឺជាក្រុមហ៊ុនមួយដែលផ្ដោតសំខាន់ទៅលើតែការទិញលក់ខុនដូតែម្ដង”។

លោកបន្តថា ក្រុមហ៊ុនERA ជាក្រុមហ៊ុនមួយដែលបង្កើតឡើងយូរឆ្នាំមកហើយនៅប្រទេសអាមេរិក ហើយសម្រាប់ ERA Cambodia គឺបានទិញសិទ្ធិធ្វើអាជីវកម្មពីប្រទេសសិង្ហបុរីដែលជាប្រទេសដែលមានការរីកចម្រើនខ្លាំងបំផុតនៅក្នុងតំបន់អាស៊ីទៅលើវិស័យខុនដូ។ ដូច្នេះបើសិនជាបងប្អូនចង់ប្រកបអាជីពជាអ្នកលក់ខុនដូគឺត្រូវសិក្សាស្វែងយល់លើក្រុមហ៊ុនណាដែលមានបទពិសោធន៍ និងវិជ្ជាជីវៈច្បាស់លាស់។ លោកថា ”ERA តែងតែបណ្ដុះបណ្ដាលដល់បុគ្គលិក ភ្នាក់ងារ និងពេលខ្លះក៏បានបញ្ជូនទៅសិក្សាជំនាញលក់នៅក្រៅប្រទេសផងដែរ”។

លោកបន្ថែមថា សម្រាប់អ្នកទិញខុនដូក៏ដូចគ្នាដែរ បើកាលណាយើងជ្រើសរើសយកម្ចាស់គម្រោង និងភ្នាក់ងារលក់មិនបានត្រឹមត្រូវនឹងអាចធ្វើឱ្យខាតបង់ដែរ។ ក្រុមហ៊ុននៅក្នុងវិស័យខុនដូមានច្រើន ប៉ុន្តែក្រុមហ៊ុនដែលមានជំនាញច្បាស់លាស់មានតិច។ មុននឹងជ្រើសរើសយកភ្នាក់ងារណាមួយសម្រាប់ទិញខុនដូត្រូវសិក្សាលើ ប្រវត្តិរបស់ក្រុមហ៊ុន ទីតាំងរបស់ក្រុមហ៊ុន និងសិក្សាទៅលើស្ថានភាពហិរញ្ញវត្ថុរបស់ក្រុមហ៊ុននោះផងដែរ។

យ៉ាងណាក្ដីអ្នកអភិវឌ្ឍន៍ខុនដូមួយរូបនៅកម្ពុជា អ្នកឧកញ៉ា សៀ ឬទ្ធី បានលើកឡើងកន្លងមកថា មុនសម្រេចចិត្តទិញខុនដូត្រូវសិក្សាថា តើគម្រោងនោះជារបស់អ្នកណា មានប្រវិត្តិបែបណា ទីតាំងនោះយ៉ាងណាដែរ ហើយនិងត្រូវសិក្សាទៅលើការរចនា និងការអភិវឌ្ឍខុនដូនោះ៕

LEAVE A REPLY

Please enter your comment!
Please enter your name here