ដោយ៖ វឌ្ឍនៈ
ភ្នំពេញ ៖ ការវិនិយោគទៅលើវិស័យអចលនទ្រព្យ បានធ្វើឱ្យបុគ្គលជាច្រើនទទួលបានជោគជ័យ និងមានបុគ្គលជាច្រើនទៀតបរាជ័យ និងខ្លះទៀតក៏បានត្រឹមតែមួយតែៗប៉ុណ្ណោះ ។ លោក ហ៊ិន រស់ ម្ចាស់គម្រោងចំការដូងរីសតនៅខេត្តកំពង់ឆ្នាំង បានចែករំលែកនូវវិធីសាស្រ្តក្នុងការវិនិយោគដើម្បីទទួលបានជោគជ័យលើវិស័យដីធ្លីក្នុងរយៈពេលខ្លី។
លោក ហ៊ិន រស់ បានមានប្រសាសន៍ក្នុងកិច្ចសម្ភាសន៍ជាមួយគេហទំព័រ Property Area Asia កាលពីពេលកន្លងទៅនេះថា យុទ្ធសាស្ត្រតែមួយគត់របស់លោកដែលធ្វើឱ្យលោកក្លាយជាអ្នកអភិវឌ្ឍន៍អចលនទ្រព្យត្រឹមតែរយៈពេលខ្លីគឺ “យកលុយបង្កើតលុយ”។
លោកឱ្យដឹងថា ការងារជាអ្នកអភិវឌ្ឍន៍ដីធ្លីដំបូងរបស់លោក គឺចូលប្រឡូកភ្លាម លោកក៏ក្លាយជាថៅកែដីធ្លីតែម្ដង ដោយលោកបាននាំអ្នកមានលុយម្នាក់ទៅទិញដី និងទទួលបានកម្រៃជើងសារពីការនាំភ្ញៀវទិញដីរួច ហើយក៏យកលុយដែលបានពីកម្រៃជើងសារនោះទៅទិញដីមួយកន្លែងហើយពុះជាឡូត៏បានចំនួន១២ឡូតិ៍។ ក្រោយពេលពុះដីឡូត៏បានហើយលោកក៏លក់២ឡូតិ៍បានលក់១២០០០ដុល្លារអាមេរិក និងទិញរថយន្តមួយគ្រឿង ដើម្បីងាយស្រួលធ្វើដំណើរនិងសល់ដី១០ឡូតិ៍ទៀតជាដើមទុន។
លោកបន្តថា នៅពេលលក់ដីឡូតិ៍នោះបានហើយ លោកក៏យកលុយនោះទៅទិញដីនៅកន្លែងផ្សេងទៀត ដើម្បីអភិវឌ្ឍន៍ ដូចជាទិញ១ម៉ឺនដុល្លារ ហើយចាក់ដីឈូសឆាយស្អាតលក់វិញបាន៣ម៉ឺនដុល្លារ និងយកលុយនោះទៅទិញកន្លែងនិងធ្វើបែបនេះជាបន្តបន្ទាប់ ទើបធ្វើឱ្យលោកសល់លុយកាន់តែច្រើននិងអាចទិញដីបានទំហំធំៗ ក្នុងតម្លៃធូរដែលជាប្រភេទដីមិនទាន់អភិវឌ្ឍន៍។
លោកបន្ថែមថា ភាពស្មោះត្រង់និងអត្តចរឹករបស់លោក បានធ្វើឱ្យលោកទទួលបានជោគជ័យ ដោយសារតែអតិថិជនមានជំនឿនិងទុកចិត្ត ព្រមទាំងគាំទ្រនូវគម្រោងរបស់លោកជាបន្តបន្ទាប់ ដែលធ្វើឱ្យលោកមានឱកាសក្នុងការពង្រីកគម្រោងវិនិយោគកាន់តែធំឡើង រហូតមកដល់សព្វថ្ងៃនេះ។
សេដ្ឋីក្នុងស្រុកជាច្រើនបានផ្ដល់ជាយោបល់ថា ការរកស៊ីលើវិស័យអចលនទ្រព្យធ្វើឱ្យយើងមានឱកាសក្នុងការចាប់យកភាពមានបាន លឿនរហ័ស ជាក់ស្ដែងមហាសេដ្ឋីធំៗភាគច្រើនលើពិភពលោកក៏មានជំនួញនៅក្នុងវិស័យអចលនទ្រព្យនេះដែរ ។ កម្ពុជាក៏ឃើញថាមានអ្នកជោគជ័យជាច្រើនកើតចេញពីរបរក្នុងវិស័យអចលនទ្រព្យ តែសូមឱ្យការរកស៊ីមួយដែលស្មោះត្រង់ជាមួយអតិថិជន និងការរកស៊ីដោយភាពពិតប្រាកដប្រជា៕