បញ្ហាសំខាន់ៗចំនួនបីបាននិងកំពុងធ្វើឲ្យទីក្រុងត្បូងឃ្មុំបន្តស្ងប់ស្ងាត់

0

ដោយៈជេស៊ីកា

ត្បូងឃ្មុំៈ ទីក្រុងត្បូងឃ្មុំ នៃខេត្តត្បូងឃ្មុំ បន្តមានសភាពស្ងាត់ជ្រងំ បើទោះជាផែនការប្រើប្រាស់ដី លំអិតបានរៀបចំរួចក៏ដោយ ប៉ុន្តែវិនិយោគិនក្នុងស្រុក និងបរទេសនៅមិនទាន់ឈានជើង បោះទុនវិនិយោគទំហំធំគួរឲ្យកត់សំគាល់នៅឡើយទេ។

អ្វីដែលជាឧបសគ្គចំបងមួយរបស់ទីក្រុងថ្មី របស់ខេត្តកូនពៅនេះ បាននិងកំពុងប្រឈមរួមមាន ទី១ ផ្ទៃដីនៅក្នុងទីរួមខេត្តភាគច្រើន គ្រប់គ្រង ដោយអ្នកមានអំ​ណា​ច និងជាអតីតមន្រ្តីជាន់ខ្ពស់របស់ខេត្ត ដែលធ្វើឲ្យប្រជាពលរដ្ឋ មន្រ្តីរាជការ មិនមានលទ្ឋភាពទិញ និងសាងសង់ផ្ទះបាន។

ទី២ អ្នកវិនិយោគមួយចំនួនធំ ដែលគ្រោងបោះទុនវិនិយោគធំ មិនហ៊ានប្រថុយបោះទុនវិនិយោគធំ ដោយសារពួកគេមិនមើលឃើញអំណា​ចនៃការទិញ ពិសេសទីរួមខេត្តនេះ មិនមានប្រជាពលរដ្ឋរស់នៅ និងទី៣ អ្នកពុះដីឡូត៍ សំរាប់លក់ទំហំ៥គុណ នឹង២០ម៉ែត្រ បាននិងកំពុងធ្វើឲ្យខូចផែនការមេ និងផែនការអភិវឌ្ឍន៍ខេត្តនេះនាពេរលអនាគត។

ការពុះដីឡូត៍លក់ នឹងធ្វើឲ្យតំបន់នោះ ក្លាយជាតំបន់មិនរៀបរយ មិនមានសោភ័ណភាព ដោយសារដីមួយហិកតាអាចពុះបាន ចន្លោះពី៧០ទៅ៨០ឡូត៍ និងមានអ្នកទិញចន្លោះពី៥០ទៅ៦០នាក់ ដែលពួកគេមានលទ្ឋ​ភាព និងចង់សាងសង់ផ្ទះម៉ូតខុសៗគ្នា កំពស់ខុសៗគ្នា ជាហេតុធ្វើឲ្យតំបន់ឬសហគមន៍នោះ ក្លាយជាសហគមន៍មានសំណង់ មិនរៀបរយនាពេលអនាគត ស្របពេលដែលអ្នកពុះដីឡូត៍មួយចំនួន មិនបានគិតពីផែនការអភិវឌ្ឍន៍ប្រកបដោយនិរន្តរភាពឡើយ ដោយពួកគេចាំតែវិចបង្ចិចដើរចេញ ពេលគំរោងរបស់ពួកគេលក់អស់។

មន្រ្តីរាជការមួយរូបបាននិយាយ ក្នុងលក្ខខ័ណ្ឌមិនបញ្ចេញឈ្មោះថា មន្រ្តីរាជការ ដែលផ្លាស់មកពីបណ្តាខេត្តផ្សេងៗ ភាគច្រើនសម្រេចចិត្តជួលផ្ទះប្រជាពលរដ្ឋ នៅតំបន់ក្បែរទីរួមខេត្តស្នាក់នៅ ជាជាងទិញដីដែលមានតម្លៃថ្លៃ និងមិនមានលទ្ឋភាពសាងសង់ផ្ទះបាន។

លោកបន្តថា “ប្រសិនជាមានអ្នកវិនិយោគសាងសង់ ផ្ទះតម្លៃសមរម្យ ដែលមានតម្លៃចន្លោះពី២០,០០០ ទៅ ២៥,០០០ដុល្លារលក់ នឹងមានអ្នកទិញ ពិសេសមន្រ្តីរាជការដែលមានលទ្ឋភាពបង់រំលស់ ចន្លោះពី ២០០ ទៅ៣០០ដុល្លារក្នុងមួយខែ”។

មន្រ្តីដដែលបានបន្តថា ប្រសិនជាអ្នកឧកញ៉ាឡេង ណាវ៉ាត្រាចូលទៅវិនិយោគនៅទីរួមខេត្តនេះ ប្រហែលជាអាចទាក់ទាញអ្នកទិញ និងមានមនុស្សច្រើន ចូលទៅរស់នៅទីរួមខេត្តថ្មីនេះ ប៉ុន្តែប្រសិនជាទុនស្ថានភាពដូច្នេះ ទីរួមខេត្តនេះនឹងបន្តស្ថិត ក្នុងភាពស្ងាត់ជ្រងំរយៈពេលវែងបន្តទៀត។

ទីរួមខេត្តត្បូងឃ្មុំ ស្ថិតនៅចំណុចប្រសព្វទីក្រុងសួង ស្រុកពញ្ញាក្រែក និងស្រុកតំបែរ ជាតំបន់ខ្ពង់រាប ដែលមានព្រៃឈើធម្មជាតិ និងដើមម៉ៃសាក់ ត្រជាក់មនោរម្យ។

លោកបណ្ឌិតបេង ហុងសុជាតិខេមរ៉ូ អគ្គនាយកនៃអគ្គនាយកដ្ឋានលំនៅដ្ឋាននៃក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងជាអ្នកគូរប្លង់គោលប្រើប្រាស់ដីលំអិតរបស់ទីក្រុងនេះ ធ្លាប់មានប្រសាសន៍ថា ទីក្រុងត្បូងឃ្មុំ នឹងទាក់ទាញមនុស្សរស់នៅច្រើននាពេលអនាគត ដោយសារទីក្រុងនេះ នឹងទទួលពីការរីកចម្រើនទីក្រុងសួង និងទីរួមស្រុកពញ្ញាក្រែកដែលនៅក្បែរនោះ ពិសេសទីក្រុងនេះ នឹងអាចក្លាយជាមូលដ្ឋានស្តុក ឬ Hub ទំនិញកសិឧស្សាហកម្ម សំរាប់បណ្តាខេត្តភូមិភាគកណ្តាល ព្រោះខេត្តជុំវិញនេះជាតំបន់កសិឧស្សាហកម្ម។

លោកបន្តថា “នាពេលអនាគត នឹងអាចមានខ្សែរថភ្លើងតភ្ជាប់ពីប្រទេ​សចិន វៀតណាមរត់កាត់ខេត្តនេះ ដែលនឹងជម្រុញសក្តានុពលសេដ្ឋកិច្ច និងការដឹកជញហជូនទំនិញផងដែរ ប៉ុន្តែលោកមិនបញ្ជាក់ឲ្យដឹងពីពេលវេលាជាក់លាក់ថា ខ្សែរថភ្លើងនឹងចាប់ផ្តើមនៅពេលណានោះទេ”៕

LEAVE A REPLY

Please enter your comment!
Please enter your name here