សម្តេចតេជោអញ្ជើញចូលរួមសម្ភោធផ្លូវជាតិលេខ៧ប្រវែងជិត១០០គីឡូម៉ែត្រនៅព្រឹកថ្ងៃនេះ

0

ដោយៈគង់ សូរិយា

ភ្នំពេញៈ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា នៅព្រឹកថ្ងៃចន្ទ ទី៧ ខែកុម្ភៈ នេះ នឹងអញ្ជើញជាសហអធិបតីសម្ពោធ ដាក់ឱ្យប្រើប្រាស់ជាផ្លូវការកំណាត់ផ្លូវជាតិលេខ៧ ពីចំណុចរង្វង់មូលខ្លាស្ទុះ ក្រុងក្រចេះ ទៅភូមិរមាត ឃុំអូរគ្រៀង ស្រុកសំបូរ ខេត្តក្រចេះ។

កំណាត់ផ្លួវជាតិលេខ៧នេះ មានប្រវែងប្រមាណ៩៣.៥៦គីឡូម៉ែត្រ សាងសង់ក្រោមជំនួយរបស់រដ្ឋាភិបាលចិន ដែលមានទឹកប្រាក់ជាង៣៣លានដុល្លារអាមេរិក។

លោកទេសរដ្ឋមន្ត្រីស៊ុន ចាន់ថុលរដ្ឋមន្រ្តីក្រសួងសាធារណៈការ និងដឹកជញ្ជូនបានឱ្យដឹងថា កំណាត់ផ្លូវជាតិលេខ៧ ធ្លាប់បានសាងសង់ម្តងរួចហើយ ជាប្រភេទផ្លូវក្រាលកៅស៊ូពីរស្រទាប់ (DBST) កាលពីអំឡុងឆ្នាំ២០០៤ ដល់២០០៧។ កំណាត់ផ្លូវនេះ ត្រូវបានសាងសង់លើកកម្រិតគុណភាពឡើងវិញ ដោយក្រាលបេតុងកៅស៊ូ (AC) ដោយផ្អែកលើការសិក្សា​ជាថ្មី ទាក់ទងនឹងការកើនឡើងនៃចំនួនចរាចរណ៍ រួមផ្សំជាមួយនឹងកំណើនសេដ្ឋកិច្ចជាតិ សកម្មភាពពាណិជ្ជកម្ម វិនិយោគ និងទេសចរណ៍ជាដើម។

លោកបន្តថា កំណាត់ផ្លូវប្រវែង៣៩.៣៥គីឡូម៉ែត្រ ក្រាលបេតុងកៅស៊ូ AC កម្រាស់៩សង់ទីម៉ែត្រ និងកំណាត់ផ្លូវប្រវែង ៥៤.២១គីឡូម៉ែត្រ ក្រាលបេតុងកៅស៊ូ AC កម្រាស់៥សង់ទីម៉ែត្រ។ ទទឹងតួផ្លូវមានប្រវែង១១ម៉ែត្រ ចែកជា២គន្លង សម្រាប់រថយន្តចរាចរណ៍ ដោយគន្លងនីមួយៗមានទទឹង៣.៥ម៉ែត្រ និងផ្លូវ សម្រាប់ទោចក្រយានយន្តមាន២គន្លង គន្លងនីមួ​យៗមានទទឹង១.៥០ម៉ែត្រ និងចិញ្ចើមដីក្រហមសងខាងមានទទឹង ០.៥០ម៉ែត្រ។

លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានឱ្យដឹងថា គម្រោងលើកកម្ពស់កម្រិតគុណភាពកំណាត់ផ្លូវជាតិលេខ៧នេះ គឺជាជំនួយឥតសំណងពីរដ្ឋាភិបាលចិន ជូនដល់រាជរដ្ឋាភិបាលកម្ពុជា ដែលបានចាប់ផ្តើមការដ្ឋានសាងសង់កាលពីអំឡុងខែវិច្ឆិកា ឆ្នាំ២០១៦ និងបញ្ចប់ការសាងសង់នៅអំឡុងខែធ្នូ ឆ្នាំ២០១៨ ប្រើប្រាស់រយៈពេលសាងសង់ចំនួន២៤ខែ សាងសង់ដោយក្រុមហ៊ុនសំណង់សៀងហៃ(SCG) និងត្រួតពិនិត្យបច្ចេកទេសដោយក្រុមហ៊ុន ទីប្រឹក្សាបច្ចេកទេសក្វាងចូវវ៉ានអាន បានចំណាយថវិកាអស់៣៣​លានដុល្លារអាមេរិក។

លោកទេសរដ្ឋមន្ត្រី បានលើកឡើងថា សមិទ្ធផលថ្មីនេះ គឺជាចំណងដៃដ៏ថ្លៃថ្លាមិនអាចកាត់ថ្លៃបាន ដែលកើតចេញពីចំណងមិត្តភាព ដែកថែប និងកិច្ចសហប្រតិបត្តិការ រវាងរាជរដ្ឋាភិបាលកម្ពុជា និងរដ្ឋាភិបាលនៃសា​​ធា​រណរដ្ឋប្រជាមានិតចិន ជូនដល់បងប្អូនប្រជាពលរដ្ឋខេត្តក្រចេះ ព្រមទាំងប្រជាពលរដ្ឋនៅទូទាំងប្រទេសផងដែរ ដើម្បីប្រើប្រាស់ជាប្រយោជន៍ទូទៅ និងយូរអង្វែង៕

LEAVE A REPLY

Please enter your comment!
Please enter your name here